3. នគរអេប្រាអ៊ីមនឹងលែងមានបង្អែកការពារហើយនគរដាម៉ាសនឹងបាត់បង់រាជ្យ។រីឯជនជាតិស៊ីរីដែលនៅសេសសល់នឹងត្រូវអាប់អោនដូចជនជាតិអ៊ីស្រាអែលដែរ។- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។
4. នៅថ្ងៃនោះ ភាពថ្កុំថ្កើងរបស់កូនចៅលោកយ៉ាកុបនឹងត្រូវចុះអោនថយគេនឹងបាត់បង់ភោគទ្រព្យហើយក្លាយទៅជាក្រខ្សត់។
5. ស្រុកអ៊ីស្រាអែលប្រៀបបានទៅនឹងស្រែដែលគេទើបនឹងច្រូតកាត់រួចគ្មានអ្វីនៅសល់សោះគឺដូចវាលទំនាបរេផែមនៅពេលដែលគេទើបនឹងប្រមូលស្រូវអស់។
6. មានប្រជាជនតែមួយចំនួនតូចប៉ុណ្ណោះដែលនៅសល់គឺស្រុកអ៊ីស្រាអែលប្រៀបបាននឹងដើមអូលីវដែលគេទើបនឹងបេះផ្លែរួចនៅខាងចុងមានសល់ពីរបីផ្លែហើយតាមមែកមានសល់បួនប្រាំផ្លែ។- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ជាព្រះរបស់ជនជាតិអ៊ីស្រាអែល។
7. នៅថ្ងៃនោះ មនុស្សនឹងផ្ចង់ចិត្តទៅរកព្រះដែលបានបង្កើតខ្លួនមក ភ្នែករបស់គេសម្លឹងឆ្ពោះទៅព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែល។
8. គេលែងផ្ដោតអារម្មណ៍ទៅរកអាសនៈ ដែលដៃរបស់ខ្លួនបានធ្វើនោះទៀតហើយ គេក៏លែងសម្លឹងមើលទៅស្តូបព្រះអាសេរ៉ា ឬអាសនៈសម្រាប់ដុតគ្រឿងក្រអូប ដែលដៃរបស់គេបានសង់ឡើងនោះទៀតដែរ។
9. នៅថ្ងៃនោះ ទីក្រុងរបស់គេដែលមានកំពែងរឹងមាំ នឹងត្រូវបោះបង់ចោលឲ្យនៅស្ងាត់ជ្រងំ ដូចក្រុងនានា ដែលជនជាតិហេវី និងជនជាតិអាម៉ូរី បោះបង់ចោលនៅមុខជនជាតិអ៊ីស្រាអែល គឺឥតមានសល់អ្វីឡើយ។
10. អ៊ីស្រាអែលអើយ អ្នកបានបំភ្លេចព្រះជាម្ចាស់ដែលជាព្រះសង្គ្រោះរបស់អ្នកអ្នកពុំបាននឹកឃើញព្រះដែលជាកំពែងការពារអ្នកទេ។ហេតុនេះហើយបានជាអ្នកដាំដំណាំសម្រាប់ថ្វាយជាសក្ការៈដល់ព្រះដទៃ។
11. នៅថ្ងៃដែលអ្នកដាំដំណាំអ្នកបានធ្វើឲ្យដំណាំនោះដុះឡើង។នៅព្រឹកដែលអ្នកព្រោះគ្រាប់ពូជទៅវាក៏ចេញផ្កាភ្លាម។ប៉ុន្តែ ពេលចម្រូតមកដល់ គ្មានផលអ្វីសោះផ្ទុយទៅវិញ មានតែការឈឺចាប់គ្មានអ្វីព្យាបាលឲ្យជាបានទេ។
12. មានឮស្នូរសន្ធឹកប្រជាជនដ៏ច្រើនឥតគណនាប្រៀបបាននឹងស្នូរសន្ធឹកមហាសាគរនិងឮស្នូរសំឡេងសាសន៍ទាំងឡាយគគ្រឹកគគ្រេងដូចរលកសមុទ្រ
13. សាសន៍ទាំងឡាយនាំគ្នាបន្លឺសំឡេងយ៉ាងគគ្រឹកគគ្រេងដូចទឹកហូរយ៉ាងខ្លាំងប៉ុន្តែ ព្រះអម្ចាស់គំរាមពួកគេហើយពួកគេក៏រត់ចេញឆ្ងាយពួកគេត្រូវខ្ចាត់ខ្ចាយ ដូចអង្កាមត្រូវខ្យល់ភ្នំផាត់បាត់អស់ទៅ និងដូចលំអងផ្កាដែលត្រូវខ្យល់កួចយកទៅដែរ។
14. នៅពេលល្ងាច ពួកគេភ័យញ័ររន្ធត់មុនពេលថ្ងៃរះ ពួកគេវិនាសសូន្យអស់ទៅ។នេះហើយជាទុក្ខទោសរបស់ពួកអ្នកដែលប្លន់និងរឹបអូសយកទ្រព្យសម្បត្តិរបស់យើង។