2. ក្រុងនានារបស់ស្រុកស៊ីរីនឹងត្រូវគេបោះបង់ចោលរហូតតទៅគឺមានតែហ្វូងសត្វប៉ុណ្ណោះដែលនាំគ្នាមកជ្រកនៅទីនោះ ឥតមាននរណារំខានវាឡើយ។
3. នគរអេប្រាអ៊ីមនឹងលែងមានបង្អែកការពារហើយនគរដាម៉ាសនឹងបាត់បង់រាជ្យ។រីឯជនជាតិស៊ីរីដែលនៅសេសសល់នឹងត្រូវអាប់អោនដូចជនជាតិអ៊ីស្រាអែលដែរ។- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។
4. នៅថ្ងៃនោះ ភាពថ្កុំថ្កើងរបស់កូនចៅលោកយ៉ាកុបនឹងត្រូវចុះអោនថយគេនឹងបាត់បង់ភោគទ្រព្យហើយក្លាយទៅជាក្រខ្សត់។
5. ស្រុកអ៊ីស្រាអែលប្រៀបបានទៅនឹងស្រែដែលគេទើបនឹងច្រូតកាត់រួចគ្មានអ្វីនៅសល់សោះគឺដូចវាលទំនាបរេផែមនៅពេលដែលគេទើបនឹងប្រមូលស្រូវអស់។
6. មានប្រជាជនតែមួយចំនួនតូចប៉ុណ្ណោះដែលនៅសល់គឺស្រុកអ៊ីស្រាអែលប្រៀបបាននឹងដើមអូលីវដែលគេទើបនឹងបេះផ្លែរួចនៅខាងចុងមានសល់ពីរបីផ្លែហើយតាមមែកមានសល់បួនប្រាំផ្លែ។- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ជាព្រះរបស់ជនជាតិអ៊ីស្រាអែល។
7. នៅថ្ងៃនោះ មនុស្សនឹងផ្ចង់ចិត្តទៅរកព្រះដែលបានបង្កើតខ្លួនមក ភ្នែករបស់គេសម្លឹងឆ្ពោះទៅព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែល។