22. ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖ «យើងនឹងក្រោកឡើង ប្រឆាំងនឹងជនជាតិបាប៊ីឡូន យើងនឹងលុបបំបាត់ឈ្មោះបាប៊ីឡូន ព្រមទាំងពូជពង្ស និងខ្សែស្រឡាយរបស់គេ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
23. យើងនឹងធ្វើឲ្យស្រុករបស់គេក្លាយទៅជាព្រៃរនាម ដែលមានតែសត្វកាំប្រមារស់នៅ យើងនឹងបោសក្រុងបាប៊ីឡូន ឥតទុកអ្វីឲ្យនៅសល់ឡើយ» -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។
24. ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលដាច់អហង្ការថា៖“យើងបានគ្រោងទុកយ៉ាងណាយើងក៏នឹងប្ដេជ្ញាចិត្តធ្វើយ៉ាងនោះដែរយើងបានសម្រេចយ៉ាងណាហេតុការណ៍ក៏នឹងកើតមានយ៉ាងនោះដែរ។
25. យើងនឹងកម្ទេចពួកអាស្ស៊ីរីក្នុងទឹកដីរបស់យើងយើងនឹងជាន់ឈ្លីពួកគេនៅលើភ្នំរបស់យើងយើងនឹងយកនឹមដែលអាស្ស៊ីរីដាក់លើប្រជាជនរបស់យើងចេញហើយយើងក៏នឹងយកអំរែកដែលគេដាក់លើស្មាប្រជាជនយើងនោះចេញដែរ”។
26. នេះជាការដែលព្រះអង្គបានសម្រេចធ្វើចំពោះផែនដីទាំងមូលព្រះអង្គនឹងលាតព្រះហស្ដប្រហារប្រជាជាតិទាំងអស់។
27. បើព្រះអម្ចាស់នៃពិភពទាំងមូលសម្រេចដូច្នេះគ្មាននរណាអាចកែប្រែបានឡើយពេលព្រះអង្គលាតព្រះហស្ដប្រហារហើយគ្មាននរណាអាចបញ្ឈប់ព្រះអង្គទេ។
28. នៅឆ្នាំដែលព្រះបាទអហាសសោយទិវង្គតព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ:
29. ភីលីស្ទីនទាំងមូលអើយមិនត្រូវរីករាយ ដោយឃើញដំបងដែលធ្លាប់វាយអ្នក បានបាក់នោះឡើយ!ដ្បិតនឹងមានពស់វែកមួយកើតចេញពីពូជរបស់ពស់នោះហើយក៏នឹងមានពស់អសិរពិសកើតចេញពីពងរបស់ពស់វែកនោះដែរ។
30. ពេលនោះ ព្រះអម្ចាស់នឹងថែរក្សាមនុស្សកំសត់ទុគ៌តព្រះអង្គនឹងនាំមនុស្សក្រីក្រទៅរកកន្លែងសម្រាកយ៉ាងសុខសាន្ត។ផ្ទុយទៅវិញ ព្រះអង្គនឹងធ្វើឲ្យពូជពង្សរបស់អ្នកស្លាប់ដោយអត់ឃ្លានរីឯអ្នកដែលនៅសល់ នឹងស្លាប់ដោយមុខដាវ។
31. ទ្វារក្រុងអើយ ចូរសោកសង្រេងទៅ!ទីក្រុងអើយ ចូរស្រែកយំទៅ!ស្រុកភីលីស្ទីនទាំងមូលរលាយសូន្យហើយដ្បិតមានផ្សែងហុយមកពីទិសខាងជើងខ្មាំងសត្រូវលើកទ័ពមកទាំងអស់គ្នាឥតបាត់ម្នាក់ណាឡើយ។
32. តើយើងត្រូវឆ្លើយយ៉ាងដូចម្ដេចទៅទូតរបស់ស្រុកភីលីស្ទីន? ត្រូវឆ្លើយថា“ព្រះអម្ចាស់បានសង់ក្រុងស៊ីយ៉ូនឡើងហើយជនទុគ៌តក្នុងចំណោមប្រជារាស្ដ្ររបស់ព្រះអង្គនឹងជ្រកកោននៅក្នុងក្រុងនោះ”។