7. ហេតុនេះហើយបានជាមនុស្សគ្រប់ៗគ្នាបាក់ទឹកចិត្ត លែងមានសេចក្ដីក្លាហាន។
8. ពួកគេនឹងភ័យតក់ស្លុត ឈឺចុកចាប់ រមួលខ្លួនដូចស្ត្រីដែលកំពុងតែសម្រាលកូន។ពួកគេមើលមុខគ្នាទៅវិញទៅមកទាំងស្រឡាំងកាំង ហើយមុខរបស់គេពោរពេញទៅដោយភាពអាម៉ាស់។
9. មើល៍ ថ្ងៃនៃព្រះអម្ចាស់មកដល់ហើយគឺជាថ្ងៃមួយដ៏សាហាវជាថ្ងៃដែលមនុស្សត្រូវទទួលទោសស្របតាមព្រះពិរោធដ៏ខ្លាំងបំផុត។ថ្ងៃនោះនឹងធ្វើឲ្យផែនដីក្លាយទៅជាទីស្មសានដ៏ស្ងាត់ជ្រងំមនុស្សបាបទាំងអស់នឹងវិនាសសូន្យ។
10. ផ្កាយទាំងប៉ុន្មាន និងហ្វូងតារានៅលើមេឃនឹងលែងបញ្ចេញពន្លឺព្រះអាទិត្យនឹងបាត់រស្មីតាំងពីពេលរះឡើងហើយព្រះច័ន្ទក៏លែងចាំងពន្លឺទៀតដែរ។
11. យើងនឹងដាក់ទោសមនុស្សលោកព្រោះតែអំពើអាក្រក់ដែលគេប្រព្រឹត្តយើងនឹងដាក់ទោសមនុស្សពាលព្រោះតែកំហុសរបស់គេ យើងនឹងបំបាក់អំនួតរបស់មនុស្សអួតអាង ហើយបង្ក្រាបចិត្តព្រហើនរបស់មនុស្សឃោរឃៅ។
12. យើងនឹងធ្វើឲ្យមនុស្សនៅសល់តិចតួចបំផុតគឺពិបាករកជាងរកមាសទឹកដប់និងមាសដ៏ល្អបំផុតទៅទៀត។
13. នៅថ្ងៃដែលព្រះអម្ចាស់នៃពិភពទាំងមូលខ្ញាល់នឹងមនុស្សលោកផ្ទៃមេឃនឹងកក្រើករំពើកផែនដីនឹងរញ្ជួយនៅលើគ្រឹះរបស់វាដោយសារព្រះពិរោធដ៏ខ្លាំងរបស់ព្រះអង្គ។
14. ពេលនោះ ម្នាក់ៗវិលទៅរកប្រជាជនរបស់ខ្លួនហើយរត់ទៅរកស្រុកកំណើតវិញប្រៀបដូចសត្វប្រើសប្រឹងរត់នៅមុខព្រានឬដូចហ្វូងចៀមដែលគ្មាននរណាឃ្វាល។
15. អ្នកណាត្រូវគេប្រទះឃើញអ្នកនោះនឹងស្លាប់ដោយមុខព្រួញហើយអ្នកណាត្រូវគេតាមទាន់អ្នកនោះនឹងស្លាប់ដោយមុខដាវ។
16. ខ្មាំងនឹងបោកទារករបស់គេនៅចំពោះមុខគេផ្ទះរបស់គេត្រូវខ្មាំងរឹបអូសយកអ្វីៗទាំងអស់ហើយប្រពន្ធរបស់គេក៏ត្រូវខ្មាំងរំលោភដែរ។
17. យើងនឹងជំរុញជនជាតិមេឌីឲ្យលើកគ្នាមកវាយប្រហារពួកគេ។អ្នកទាំងនោះគ្មានចិត្តចង់បានមាស ឬប្រាក់ទេ។