អេសាយ 13:10-20 Khmer Standard Version (KHSV)

10. ផ្កាយ​ទាំង​ប៉ុន្មាន និង​ហ្វូង‌តារា​នៅ​លើ​មេឃនឹង​លែង​បញ្ចេញ​ពន្លឺព្រះ‌អាទិត្យ​នឹង​បាត់​រស្មី​តាំង​ពី​ពេល​រះ​ឡើងហើយ​ព្រះ‌ច័ន្ទ​ក៏​លែង​ចាំង​ពន្លឺ​ទៀត​ដែរ។

11. យើង​នឹង​ដាក់​ទោស​មនុស្ស​លោកព្រោះ​តែ​អំពើ​អាក្រក់​ដែល​គេ​ប្រព្រឹត្តយើង​នឹង​ដាក់​ទោស​មនុស្ស​ពាលព្រោះ​តែ​កំហុស​របស់​គេ យើង​នឹង​បំបាក់អំនួត​របស់​មនុស្ស​អួត‌អាង ហើយ​បង្ក្រាបចិត្ត​ព្រហើន​របស់​មនុស្ស​ឃោរ‌ឃៅ។

12. យើង​នឹង​ធ្វើ​ឲ្យ​មនុស្ស​នៅ​សល់​តិច‌តួច​បំផុតគឺ​ពិបាក​រក​ជាង​រក​មាស​ទឹក​ដប់និង​មាស​ដ៏​ល្អ​បំផុតទៅ​ទៀត។

13. នៅ​ថ្ងៃ​ដែល​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូលខ្ញាល់​នឹង​មនុស្ស​លោកផ្ទៃ​មេឃ​នឹង​កក្រើក​រំពើកផែនដី​នឹង​រញ្ជួយ​នៅ​លើ​គ្រឹះ​របស់​វាដោយ‌សារ​ព្រះ‌ពិរោធ​ដ៏​ខ្លាំង​របស់​ព្រះ‌អង្គ។

14. ពេល​នោះ ម្នាក់ៗ​វិល​ទៅ​រក​ប្រជា‌ជន​របស់​ខ្លួនហើយ​រត់​ទៅ​រក​ស្រុក​កំណើត​វិញប្រៀប​ដូច​សត្វ​ប្រើស​ប្រឹង​រត់​នៅ​មុខ​ព្រានឬ​ដូច​ហ្វូង​ចៀម​ដែល​គ្មាន​នរណា​ឃ្វាល។

15. អ្នក​ណា​ត្រូវ​គេ​ប្រទះ​ឃើញអ្នក​នោះ​នឹង​ស្លាប់​ដោយ​មុខ​ព្រួញហើយ​អ្នក​ណា​ត្រូវ​គេ​តាម​ទាន់អ្នក​នោះ​នឹង​ស្លាប់​ដោយ​មុខ​ដាវ។

16. ខ្មាំង​នឹង​បោក​ទារក​របស់​គេ​នៅ​ចំពោះ​មុខ​គេផ្ទះ​របស់​គេ​ត្រូវ​ខ្មាំង​រឹប​អូស​យក​អ្វីៗ​ទាំង​អស់ហើយ​ប្រពន្ធ​របស់​គេ​ក៏​ត្រូវ​ខ្មាំង​រំលោភ​ដែរ។

17. យើង​នឹង​ជំរុញ​ជន‌ជាតិ​មេឌីឲ្យ​លើក​គ្នា​មក​វាយ​ប្រហារ​ពួក​គេ។អ្នក​ទាំង​នោះ​គ្មាន​ចិត្ត​ចង់​បាន​មាស ឬ​ប្រាក់​ទេ។

18. ជន‌ជាតិ​មេឌី​នឹង​បាញ់​ព្រួញ​ប្រហារ​ពួក​យុវជនហើយ​គ្មាន​ចិត្ត​អាណិត​អាសូរ​ទារក​ដែល​ទើបនឹង​កើត ឬ​ក៏​អាណិត​មេត្តា​ក្មេង​តូចៗ​ទេ។

19. រីឯ​បាប៊ី‌ឡូន ជា​ក្រុង​ដ៏​ថ្កុំ‌ថ្កើង​ជាង​គេ​ក្នុងរាជា‌ណាចក្រ ដែល​ធ្វើ​ឲ្យ​ជន‌ជាតិ​ខាល់ដេមាន​មោទន‌ភាព នឹង​ត្រូវ​ព្រះ‌ជាម្ចាស់​រំលាយដូច​ក្រុង​សូដុម និង​ក្រុង​កូម៉ូរ៉ា​ដែរ។

20. ក្រុង​នោះ​នឹង​លែង​មាន​នរណា​រស់​នៅលែង​មាន​ប្រជា‌ជន​រហូត​ត​ទៅ។សូម្បី​ពួក​អារ៉ាប់​ក៏​លែង​បោះ​ជំរំ​នៅ​ទី​នោះហើយ​ពួក​គង្វាល​ក៏​មិន​នាំ​ហ្វូង​ចៀម​របស់​ខ្លួនទៅ​ស៊ី​ស្មៅ​នៅ​តាម​ទី​នោះ​ដែរ។

អេសាយ 13