1. សេចក្ដីប្រកាសស្ដីអំពីស្រុកបាប៊ីឡូន ដែលលោកអេសាយជាកូនរបស់លោកអម៉ូស បានឃើញក្នុងនិមិត្តដ៏អស្ចារ្យ:
2. «ចូរលើកទង់សញ្ញាមួយនៅលើភ្នំមួយដែលគ្មានដើមឈើចូរនាំគ្នាស្រែក និងបក់ដៃហៅពួកទាហានទាំងនោះឲ្យចូលមកតាមទ្វារកិត្តិយស។
3. យើងបានចេញបញ្ជាទៅកាន់អស់អ្នកដែលប្រគល់ជីវិតមកយើងគឺហៅអ្នកចំបាំងដ៏ជំនាញទាំងនោះមកដើម្បីប្រើពួកគេឲ្យសម្រេចតាមកំហឹងរបស់យើងពួកគេនឹងមានអំណរសប្បាយដោយយើងមានជ័យជំនះ»។
4. ចូរស្ដាប់ស្នូរសន្ធឹកដ៏គគ្រឹកគគ្រេងនៅតាមភ្នំដូចសំឡេងមហាជនយ៉ាងច្រើនកុះករគឺជាសំឡេងរបស់ប្រជាជាតិនៃរាជាណាចក្រជាច្រើនឥតគណនាដែលមកជួបជុំគ្នា។ ព្រះអម្ចាស់នៃពិភពទាំងមូលត្រួតពលដែលត្រៀមខ្លួនទៅច្បាំង។
5. អ្នកទាំងនោះមកពីស្រុកឆ្ងាយៗគឺមកពីជើងមេឃ ព្រះអម្ចាស់នឹងប្រើពួកគេដើម្បីសម្រេចតាមព្រះពិរោធរបស់ព្រះអង្គនិងបំផ្លាញស្រុកនោះទាំងមូល។
6. ចូរនាំគ្នាស្រែកទ្រហោយំដ្បិតថ្ងៃរបស់ព្រះអម្ចាស់មកជិតបង្កើយហើយ។នៅថ្ងៃនោះ ព្រះដ៏ខ្ពង់ខ្ពស់បំផុតនឹងធ្វើឲ្យកើតមហន្តរាយ។
7. ហេតុនេះហើយបានជាមនុស្សគ្រប់ៗគ្នាបាក់ទឹកចិត្ត លែងមានសេចក្ដីក្លាហាន។
8. ពួកគេនឹងភ័យតក់ស្លុត ឈឺចុកចាប់ រមួលខ្លួនដូចស្ត្រីដែលកំពុងតែសម្រាលកូន។ពួកគេមើលមុខគ្នាទៅវិញទៅមកទាំងស្រឡាំងកាំង ហើយមុខរបស់គេពោរពេញទៅដោយភាពអាម៉ាស់។
9. មើល៍ ថ្ងៃនៃព្រះអម្ចាស់មកដល់ហើយគឺជាថ្ងៃមួយដ៏សាហាវជាថ្ងៃដែលមនុស្សត្រូវទទួលទោសស្របតាមព្រះពិរោធដ៏ខ្លាំងបំផុត។ថ្ងៃនោះនឹងធ្វើឲ្យផែនដីក្លាយទៅជាទីស្មសានដ៏ស្ងាត់ជ្រងំមនុស្សបាបទាំងអស់នឹងវិនាសសូន្យ។
10. ផ្កាយទាំងប៉ុន្មាន និងហ្វូងតារានៅលើមេឃនឹងលែងបញ្ចេញពន្លឺព្រះអាទិត្យនឹងបាត់រស្មីតាំងពីពេលរះឡើងហើយព្រះច័ន្ទក៏លែងចាំងពន្លឺទៀតដែរ។
11. យើងនឹងដាក់ទោសមនុស្សលោកព្រោះតែអំពើអាក្រក់ដែលគេប្រព្រឹត្តយើងនឹងដាក់ទោសមនុស្សពាលព្រោះតែកំហុសរបស់គេ យើងនឹងបំបាក់អំនួតរបស់មនុស្សអួតអាង ហើយបង្ក្រាបចិត្តព្រហើនរបស់មនុស្សឃោរឃៅ។
12. យើងនឹងធ្វើឲ្យមនុស្សនៅសល់តិចតួចបំផុតគឺពិបាករកជាងរកមាសទឹកដប់និងមាសដ៏ល្អបំផុតទៅទៀត។
13. នៅថ្ងៃដែលព្រះអម្ចាស់នៃពិភពទាំងមូលខ្ញាល់នឹងមនុស្សលោកផ្ទៃមេឃនឹងកក្រើករំពើកផែនដីនឹងរញ្ជួយនៅលើគ្រឹះរបស់វាដោយសារព្រះពិរោធដ៏ខ្លាំងរបស់ព្រះអង្គ។
14. ពេលនោះ ម្នាក់ៗវិលទៅរកប្រជាជនរបស់ខ្លួនហើយរត់ទៅរកស្រុកកំណើតវិញប្រៀបដូចសត្វប្រើសប្រឹងរត់នៅមុខព្រានឬដូចហ្វូងចៀមដែលគ្មាននរណាឃ្វាល។
15. អ្នកណាត្រូវគេប្រទះឃើញអ្នកនោះនឹងស្លាប់ដោយមុខព្រួញហើយអ្នកណាត្រូវគេតាមទាន់អ្នកនោះនឹងស្លាប់ដោយមុខដាវ។
16. ខ្មាំងនឹងបោកទារករបស់គេនៅចំពោះមុខគេផ្ទះរបស់គេត្រូវខ្មាំងរឹបអូសយកអ្វីៗទាំងអស់ហើយប្រពន្ធរបស់គេក៏ត្រូវខ្មាំងរំលោភដែរ។
17. យើងនឹងជំរុញជនជាតិមេឌីឲ្យលើកគ្នាមកវាយប្រហារពួកគេ។អ្នកទាំងនោះគ្មានចិត្តចង់បានមាស ឬប្រាក់ទេ។
18. ជនជាតិមេឌីនឹងបាញ់ព្រួញប្រហារពួកយុវជនហើយគ្មានចិត្តអាណិតអាសូរទារកដែលទើបនឹងកើត ឬក៏អាណិតមេត្តាក្មេងតូចៗទេ។
19. រីឯបាប៊ីឡូន ជាក្រុងដ៏ថ្កុំថ្កើងជាងគេក្នុងរាជាណាចក្រ ដែលធ្វើឲ្យជនជាតិខាល់ដេមានមោទនភាព នឹងត្រូវព្រះជាម្ចាស់រំលាយដូចក្រុងសូដុម និងក្រុងកូម៉ូរ៉ាដែរ។