17. ក្នុងរយៈពេលតែមួយថ្ងៃ ព្រះអម្ចាស់ដែលជាពន្លឺនិងជាព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែលប្រែទៅជាភ្លើង ឆាបឆេះបន្លា និងរពាក់។
18. ព្រះអង្គនឹងកម្ទេចព្រៃព្រឹក្សាដ៏ល្អប្រណីតរបស់ពួកគេ ឲ្យរលាយសូន្យដូចអ្នកជំងឺដែលកំពុងត្រដរខ្យល់។
19. ព្រៃរបស់គេនៅសល់ដើមឈើតែបន្តិចបន្តួចសូម្បីតែកូនក្មេងក៏អាចរាប់អស់ដែរ។
20. នៅគ្រានោះ ជនជាតិអ៊ីស្រាអែលដែលនៅសល់ គឺពូជពង្សរបស់លោកយ៉ាកុបដែលរួចពីស្លាប់ លែងពឹងផ្អែកលើប្រជាជាតិដែលវាយប្រហារខ្លួនទៀតហើយ ពួកគេនឹងផ្ញើជីវិតទាំងស្រុងលើព្រះអម្ចាស់ ជាព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែល។
21. ប្រជាជនដែលនៅសេសសល់ គឺកូនចៅរបស់លោកយ៉ាកុបដែលនៅសេសសល់ នឹងនាំគ្នាវិលមករកព្រះដ៏មានឫទ្ធិចេស្ដាវិញ។
22. ប៉ុន្តែ អ៊ីស្រាអែលអើយ ទោះបីប្រជាជនរបស់អ្នកមានចំនួនច្រើន ដូចគ្រាប់ខ្សាច់នៅឆ្នេរសមុទ្រក្ដី ក៏មានចំនួនដ៏តូចប៉ុណ្ណោះដែលវិលមកវិញ។ ព្រះអម្ចាស់បានសម្រេចកម្ទេចស្រុកនេះ ដើម្បីបង្ហាញសេចក្ដីសុចរិតដ៏លើសលប់របស់ព្រះអង្គ។
23. ព្រះជាអម្ចាស់នៃពិភពទាំងមូលបានសម្រេចកម្ទេចស្រុកទាំងមូល។
24. ហេតុនេះ ព្រះជាអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖ «ប្រជាជនរបស់យើងដែលរស់នៅក្នុងក្រុងស៊ីយ៉ូនអើយ! មិនត្រូវខ្លាចជនជាតិអាស្ស៊ីរី ដែលកំពុងតែលើកព្រនង់ និងលើកដំបងវាយអ្នករាល់គ្នា ដូចជនជាតិអេស៊ីបធ្លាប់វាយកាលពីមុននោះឡើយ។