15. មិនដែលមានពូថៅណាអួតខ្លួនថាប្រសើរជាងអ្នកដែលប្រើវាទេហើយរណារក៏មិនដែលអួតបំប៉ោងជំទាស់នឹងអ្នកដែលប្រើវាដែរ។មិនដែលមានព្រនង់ណាបញ្ជាទៅដៃដែលកាន់វា ឲ្យកំរើកឡើយហើយក៏មិនដែលមានដំបងណាកាន់អ្នកដែលប្រើវាដែរ!
16. ហេតុនេះ ព្រះជាអម្ចាស់នៃពិភពទាំងមូលនឹងធ្វើឲ្យទាហានដ៏មាំមួនរបស់គេក្លាយទៅជាស្គមរីងរៃហើយឲ្យមានភ្លើងយ៉ាងសន្ធោសន្ធៅឆេះបំផ្លាញភាពថ្កុំថ្កើងរុងរឿងរបស់ពួកគេ។
17. ក្នុងរយៈពេលតែមួយថ្ងៃ ព្រះអម្ចាស់ដែលជាពន្លឺនិងជាព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែលប្រែទៅជាភ្លើង ឆាបឆេះបន្លា និងរពាក់។
18. ព្រះអង្គនឹងកម្ទេចព្រៃព្រឹក្សាដ៏ល្អប្រណីតរបស់ពួកគេ ឲ្យរលាយសូន្យដូចអ្នកជំងឺដែលកំពុងត្រដរខ្យល់។
19. ព្រៃរបស់គេនៅសល់ដើមឈើតែបន្តិចបន្តួចសូម្បីតែកូនក្មេងក៏អាចរាប់អស់ដែរ។
20. នៅគ្រានោះ ជនជាតិអ៊ីស្រាអែលដែលនៅសល់ គឺពូជពង្សរបស់លោកយ៉ាកុបដែលរួចពីស្លាប់ លែងពឹងផ្អែកលើប្រជាជាតិដែលវាយប្រហារខ្លួនទៀតហើយ ពួកគេនឹងផ្ញើជីវិតទាំងស្រុងលើព្រះអម្ចាស់ ជាព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែល។
21. ប្រជាជនដែលនៅសេសសល់ គឺកូនចៅរបស់លោកយ៉ាកុបដែលនៅសេសសល់ នឹងនាំគ្នាវិលមករកព្រះដ៏មានឫទ្ធិចេស្ដាវិញ។
22. ប៉ុន្តែ អ៊ីស្រាអែលអើយ ទោះបីប្រជាជនរបស់អ្នកមានចំនួនច្រើន ដូចគ្រាប់ខ្សាច់នៅឆ្នេរសមុទ្រក្ដី ក៏មានចំនួនដ៏តូចប៉ុណ្ណោះដែលវិលមកវិញ។ ព្រះអម្ចាស់បានសម្រេចកម្ទេចស្រុកនេះ ដើម្បីបង្ហាញសេចក្ដីសុចរិតដ៏លើសលប់របស់ព្រះអង្គ។
23. ព្រះជាអម្ចាស់នៃពិភពទាំងមូលបានសម្រេចកម្ទេចស្រុកទាំងមូល។
24. ហេតុនេះ ព្រះជាអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖ «ប្រជាជនរបស់យើងដែលរស់នៅក្នុងក្រុងស៊ីយ៉ូនអើយ! មិនត្រូវខ្លាចជនជាតិអាស្ស៊ីរី ដែលកំពុងតែលើកព្រនង់ និងលើកដំបងវាយអ្នករាល់គ្នា ដូចជនជាតិអេស៊ីបធ្លាប់វាយកាលពីមុននោះឡើយ។
25. បន្តិចទៀត យើងឈប់ខឹងនឹងអ្នករាល់គ្នាហើយ គឺយើងនឹងបំបែរកំហឹងទៅបំផ្លាញពួកគេវិញ»។
26. ព្រះជាអម្ចាស់នៃពិភពទាំងមូលនឹងយករំពាត់ វាយជនជាតិអាស្ស៊ីរី ដូចពីដើម ព្រះអង្គបានវាយជនជាតិម៉ាឌាននៅក្បែរថ្មអូរិប ព្រះអង្គនឹងលើកដំបងវាយសមុទ្រ ដូចព្រះអង្គបានវាយសមុទ្រនៅស្រុកអេស៊ីប។
27. នៅគ្រានោះ ព្រះអង្គនឹងយកអំរែកចេញពីស្មារបស់អ្នករាល់គ្នាព្រះអង្គយកនឹមរបស់ខ្មាំងសត្រូវចេញពីករបស់អ្នករាល់គ្នា។នឹមនោះត្រូវខ្ទាតចេញដោយសារភាពសម្បូណ៌សប្បាយ
28. កងទ័ពរបស់ខ្មាំងបានចូលទៅដល់ក្រុងអៃយ៉ាតពួកគេឆ្លងកាត់ក្រុងមីករ៉ូនហើយទុករបស់របរនៅក្រុងមីគម៉ាស។
29. គេឆ្លងកាត់ច្រកភ្នំ មកបោះជំរំនៅកេបាធ្វើឲ្យអ្នកភូមិរ៉ាម៉ាញ័ររន្ធត់ហើយអស់អ្នកដែលរស់នៅភូមិគីបៀរ ជាភូមិកំណើតរបស់ស្ដេចសូល នាំគ្នារត់គេចខ្លួន។
30. អ្នកស្រុកកាលីមអើយ ចូរទ្រហោយំទៅ!អ្នកស្រុកឡាអ៊ីសអើយ ចូរត្រងត្រាប់ស្ដាប់!អ្នកស្រុកអាណាថោតអើយ ម្ដេចក៏វេទនាម៉្លេះ!
31. អ្នកស្រុកម៉ាដម៉េណានឹងរត់បែកខ្ញែកគ្នាអ្នកស្រុកកេប៊ីមនឹងនាំគ្នារត់រកកន្លែងពួន។
32. នៅថ្ងៃដដែលនោះ ខ្មាំងសត្រូវទៅដល់ណូបគេប្រើកម្លាំងគំរាមកំហែងភ្នំស៊ីយ៉ូនគឺគំរាមកំហែងក្រុងយេរូសាឡឹម។