អេសាយ 10:14-32 Khmer Standard Version (KHSV)

14. យើង​បាន​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​របស់ប្រជា‌ជន​ទាំង‌ឡាយ ដូច​គេ​ប្រមូល​ពង​សត្វពី​សំបុក​ដែល​មេ​វា​បោះ​បង់​ចោល។យើង​បាន​ប្រមូល​អ្វីៗ​ទាំង​អស់​នៅ​លើ​ផែនដីឥត​មាន​នរណា​ម្នាក់​ហ៊ាន​កំរើកឬ​ហើប​មាត់​តវ៉ា​ឡើយ»។

15. មិន​ដែល​មាន​ពូថៅ​ណា​អួត​ខ្លួន​ថាប្រសើរ​ជាង​អ្នក​ដែល​ប្រើ​វា​ទេហើយ​រណារ​ក៏​មិន​ដែល​អួត​បំប៉ោងជំទាស់​នឹង​អ្នក​ដែល​ប្រើ​វា​ដែរ។មិន​ដែល​មាន​ព្រនង់​ណា​បញ្ជា​ទៅ​ដៃដែល​កាន់​វា ឲ្យ​កំរើក​ឡើយហើយ​ក៏​មិន​ដែល​មាន​ដំបង​ណា​កាន់អ្នក​ដែល​ប្រើ​វា​ដែរ!

16. ហេតុ​នេះ ព្រះ‌ជា‌អម្ចាស់​នៃ​ពិភព​ទាំង​មូលនឹង​ធ្វើ​ឲ្យ​ទាហាន​ដ៏​មាំ‌មួន​របស់​គេក្លាយ​ទៅ​ជា​ស្គម​រីង‌រៃហើយ​ឲ្យ​មាន​ភ្លើង​យ៉ាង​សន្ធោ‌សន្ធៅឆេះ​បំផ្លាញ​ភាព​ថ្កុំ‌ថ្កើង​រុងរឿង​របស់​ពួក​គេ។

17. ក្នុង​រយៈ​ពេល​តែ​មួយ​ថ្ងៃ ព្រះ‌អម្ចាស់​ដែល​ជា​ពន្លឺនិង​ជា​ព្រះ​ដ៏‌វិសុទ្ធ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែលប្រែ​ទៅ​ជា​ភ្លើង ឆាប‌ឆេះ​បន្លា និង​រពាក់។

18. ព្រះ‌អង្គ​នឹង​កម្ទេច​ព្រៃ​ព្រឹក្សា​ដ៏​ល្អ​ប្រណីតរបស់​ពួក​គេ ឲ្យ​រលាយ​សូន្យដូច​អ្នក​ជំងឺ​ដែល​កំពុង​ត្រដរ​ខ្យល់។

19. ព្រៃ​របស់​គេ​នៅ​សល់​ដើម​ឈើ​តែ​បន្តិច‌បន្តួចសូម្បី​តែ​កូន​ក្មេង​ក៏​អាច​រាប់​អស់​ដែរ។

20. នៅ​គ្រា​នោះ ជន‌ជាតិ​អ៊ីស្រា‌អែល​ដែល​នៅ​សល់ គឺ​ពូជ‌ពង្ស​របស់​លោក​យ៉ាកុប​ដែល​រួច​ពី​ស្លាប់ លែង​ពឹង​ផ្អែក​លើ​ប្រជា‌ជាតិ​ដែល​វាយ​ប្រហារ​ខ្លួន​ទៀត​ហើយ ពួក​គេ​នឹង​ផ្ញើ​ជីវិត​ទាំង​ស្រុង​លើ​ព្រះ‌អម្ចាស់ ជា​ព្រះ​ដ៏‌វិសុទ្ធ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល។

21. ប្រជា‌ជន​ដែល​នៅ​សេស‌សល់ គឺ​កូន​ចៅ​របស់​លោក​យ៉ាកុប​ដែល​នៅ​សេស‌សល់ នឹង​នាំ​គ្នា​វិល​មក​រក​ព្រះ​ដ៏​មាន​ឫទ្ធិ‌ចេស្ដា​វិញ។

22. ប៉ុន្តែ អ៊ីស្រា‌អែល​អើយ ទោះ​បី​ប្រជា‌ជន​របស់​អ្នក​មាន​ចំនួន​ច្រើន ដូច​គ្រាប់​ខ្សាច់​នៅ​ឆ្នេរ​សមុទ្រ​ក្ដី ក៏​មាន​ចំនួន​ដ៏​តូច​ប៉ុណ្ណោះ​ដែល​វិល​មក​វិញ។ ព្រះ‌អម្ចាស់​បាន​សម្រេច​កម្ទេច​ស្រុក​នេះ ដើម្បី​បង្ហាញ​សេចក្ដី​សុចរិត​ដ៏​លើស‌លប់​របស់​ព្រះ‌អង្គ។

23. ព្រះ‌ជា‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​បាន​សម្រេច​កម្ទេច​ស្រុក​ទាំង​មូល។

24. ហេតុ​នេះ ព្រះ‌ជា‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា៖ «ប្រជា‌ជន​របស់​យើង​ដែល​រស់​នៅ​ក្នុង​ក្រុង​ស៊ីយ៉ូន​អើយ! មិន​ត្រូវ​ខ្លាច​ជន‌ជាតិ​អាស្ស៊ីរី ដែល​កំពុង​តែ​លើក​ព្រនង់ និង​លើក​ដំបង​វាយ​អ្នក​រាល់​គ្នា ដូច​ជន‌ជាតិ​អេស៊ីប​ធ្លាប់​វាយ​កាល​ពី​មុន​នោះ​ឡើយ។

25. បន្តិច​ទៀត យើង​ឈប់​ខឹង​នឹង​អ្នក​រាល់​គ្នា​ហើយ គឺ​យើង​នឹង​បំបែរ​កំហឹង​ទៅ​បំផ្លាញ​ពួក​គេ​វិញ»។

26. ព្រះ‌ជា‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​នឹង​យក​រំពាត់ វាយ​ជន‌ជាតិ​អាស្ស៊ីរី ដូច​ពី​ដើម ព្រះ‌អង្គ​បាន​វាយ​ជន‌ជាតិ​ម៉ាឌាន​នៅ​ក្បែរ​ថ្ម​អូរិប ព្រះ‌អង្គ​នឹង​លើក​ដំបង​វាយ​សមុទ្រ ដូច​ព្រះ‌អង្គ​បាន​វាយ​សមុទ្រ​នៅ​ស្រុក​អេស៊ីប។

27. នៅ​គ្រា​នោះ ព្រះ‌អង្គ​នឹង​យក​អំរែកចេញ​ពី​ស្មា​របស់​អ្នក​រាល់​គ្នាព្រះ‌អង្គ​យក​នឹម​របស់​ខ្មាំង​សត្រូវចេញ​ពី​ក​របស់​អ្នក​រាល់​គ្នា។នឹម​នោះ​ត្រូវ​ខ្ទាត​ចេញដោយ‌សារ​ភាព​សម្បូណ៌​សប្បាយ

28. កង‌ទ័ព​របស់​ខ្មាំង​បាន​ចូល​ទៅ​ដល់​ក្រុង​អៃយ៉ាតពួក​គេ​ឆ្លង​កាត់​ក្រុង​មីក‌រ៉ូនហើយ​ទុក​របស់​របរ​នៅ​ក្រុង​មីគ‌ម៉ាស។

29. គេ​ឆ្លង​កាត់​ច្រក​ភ្នំ មក​បោះ​ជំរំ​នៅ​កេបាធ្វើ​ឲ្យ​អ្នក​ភូមិ​រ៉ាម៉ា​ញ័រ​រន្ធត់ហើយ​អស់​អ្នក​ដែល​រស់​នៅ​ភូមិ​គីបៀរ ជា​ភូមិកំណើត​របស់​ស្ដេច​សូល នាំ​គ្នា​រត់​គេច​ខ្លួន។

30. អ្នក​ស្រុក​កាលីម​អើយ ចូរ​ទ្រហោ​យំ​ទៅ!អ្នក​ស្រុក​ឡាអ៊ីស​អើយ ចូរ​ត្រង‌ត្រាប់​ស្ដាប់!អ្នក​ស្រុក​អាណា‌ថោត​អើយ ម្ដេច​ក៏​វេទនា​ម៉្លេះ!

31. អ្នក​ស្រុក​ម៉ាដ‌ម៉េណា​នឹង​រត់​បែក‌ខ្ញែក​គ្នាអ្នក​ស្រុក​កេប៊ីម​នឹង​នាំ​គ្នា​រត់​រក​កន្លែង​ពួន។

32. នៅ​ថ្ងៃ​ដដែល​នោះ ខ្មាំង​សត្រូវ​ទៅ​ដល់​ណូបគេ​ប្រើ​កម្លាំង​គំរាម​កំហែង​ភ្នំ​ស៊ីយ៉ូនគឺ​គំរាម​កំហែង​ក្រុង​យេរូ‌សាឡឹម។

អេសាយ 10