1. អ្នកណាបង្កើតច្បាប់អយុត្តិធម៌ហើយចេញបទបញ្ជាដើម្បីជិះជាន់ប្រជាជនអ្នកនោះនឹងត្រូវវេទនាជាពុំខាន។
2. ពួកគេឃាត់ជនក្រីក្រមិនឲ្យរកយុត្តិធម៌ហើយបំបិទសិទ្ធិរបស់ជនទុគ៌តក្នុងចំណោមប្រជារាស្ត្ររបស់យើង!ពួកគេរឹបអូសយកទ្រព្យសម្បត្តិពីស្ត្រីមេម៉ាយហើយប្លន់យកអ្វីៗទាំងអស់ពីក្មេងកំព្រា។
3. ពេលព្រះអម្ចាស់ដាក់ទោសគឺពេលព្រះអង្គធ្វើឲ្យមានខ្យល់ព្យុះសង្ឃរាពីស្រុកឆ្ងាយបក់បោកមកតើអ្នករាល់គ្នានឹងធ្វើដូចម្ដេច?តើអ្នករាល់គ្នានឹងរត់ទៅរកជំនួយពីនរណា?តើអ្នករាល់គ្នានឹងយកទ្រព្យសម្បត្តិរបស់អ្នករាល់គ្នាទៅទុកនៅឯណា?
4. គឺអ្នករាល់គ្នាត្រូវតែជាប់ជាឈ្លើយសឹកឬស្លាប់ដោយមុខដាវប៉ុណ្ណោះប៉ុន្តែ ទោះជាយ៉ាងនេះក្ដីក៏ព្រះពិរោធនៅតែពុំទាន់ស្ងប់ដដែលគឺព្រះអម្ចាស់នៅតែលាតព្រះហស្ដចាំវាយប្រដៅគេជានិច្ច។
5. ជនជាតិអាស្ស៊ីរីត្រូវវេទនាហើយ!យើងនឹងប្រើពួកគេជាដំបងដើម្បីធ្វើតាមកំហឹងរបស់យើង។
6. យើងចាត់ជនជាតិអាស្ស៊ីរីឲ្យទៅធ្វើទោសប្រជាជាតិទមិឡយើងនឹងនាំពួកគេទៅវាយប្រហារប្រជាជនដែលបានបង្កឲ្យយើងមានកំហឹងពួកគេនឹងប្លន់ រឹបអូសយកទ្រព្យសម្បត្តិហើយជាន់ឈ្លីប្រជាជាតិនេះដូចគេដើរជាន់ភក់នៅតាមផ្លូវ។
7. ប៉ុន្តែ ជនជាតិអាស្ស៊ីរីពុំបានយល់ដូច្នេះទេគឺគេមានចិត្តគំនិតផ្សេង គិតតែពីកម្ទេចនិងសម្លាប់រង្គាលប្រជាជាតិជាច្រើនឥតគណនា។
8. គេពោលថា៖ «មេទ័ពរបស់យើងមានអំណាចស្មើនឹងស្ដេចឯទៀតៗ។
9. យើងបានប្រព្រឹត្តចំពោះក្រុងកាលនរដូចក្រុងកើកេមីសហើយយើងក៏បានប្រព្រឹត្តចំពោះក្រុងហាម៉ាត់ក្រុងអើផាឌ ក្រុងសាម៉ារីនិងក្រុងដាម៉ាសដូចគ្នាដែរ។
10. បន្ទាប់មក យើងបានយកជ័យជំនះលើនគររបស់ព្រះក្លែងក្លាយ ដែលមានរូបបដិមាធំជាងរូបព្រះនៅក្រុងយេរូសាឡឹមនិងក្រុងសាម៉ារីទៅទៀត។
11. យើងបានប្រព្រឹត្តចំពោះក្រុងសាម៉ារីនិងព្រះក្លែងក្លាយរបស់គេយ៉ាងណាយើងក៏នឹងប្រព្រឹត្តចំពោះក្រុងយេរូសាឡឹមនិងរូបព្រះរបស់គេយ៉ាងនោះដែរ»។
12. ពេលព្រះអម្ចាស់បញ្ចប់កិច្ចការទាំងប៉ុន្មានរបស់ព្រះអង្គនៅលើភ្នំស៊ីយ៉ូន និងនៅក្រុងយេរូសាឡឹមរួចហើយ ព្រះអង្គនឹងដាក់ទោសស្ដេចអាស្ស៊ីរី ដែលមានចិត្តអួតអាង និងវាយឫកខ្ពស់
13. ដ្បិតស្ដេចនោះមានរាជឱង្ការថា:«យើងទទួលជ័យជំនះដោយសារកម្លាំង និងប្រាជ្ញារបស់យើងផ្ទាល់ដ្បិតយើងមានបញ្ញាវាងវៃ។យើងបានរំលាយព្រំដែនរបស់ប្រជាជាតិនានាព្រមទាំងរឹបអូសយកទ្រព្យសម្បត្តិរបស់គេទៀតផង។យើងបានប្រើឫទ្ធិអំណាចរបស់យើងទម្លាក់ស្ដេចជាច្រើនចុះពីបល្ល័ង្ក។
14. យើងបានរឹបអូសយកទ្រព្យសម្បត្តិរបស់ប្រជាជនទាំងឡាយ ដូចគេប្រមូលពងសត្វពីសំបុកដែលមេវាបោះបង់ចោល។យើងបានប្រមូលអ្វីៗទាំងអស់នៅលើផែនដីឥតមាននរណាម្នាក់ហ៊ានកំរើកឬហើបមាត់តវ៉ាឡើយ»។
15. មិនដែលមានពូថៅណាអួតខ្លួនថាប្រសើរជាងអ្នកដែលប្រើវាទេហើយរណារក៏មិនដែលអួតបំប៉ោងជំទាស់នឹងអ្នកដែលប្រើវាដែរ។មិនដែលមានព្រនង់ណាបញ្ជាទៅដៃដែលកាន់វា ឲ្យកំរើកឡើយហើយក៏មិនដែលមានដំបងណាកាន់អ្នកដែលប្រើវាដែរ!