អេម៉ុស 7:9-17 Khmer Standard Version (KHSV)

9. កន្លែង​សក្ការៈ​នៅ​តាម​ទួល​ខ្ពស់ៗ​របស់​ពួក​គេនឹង​ត្រូវ​ខ្ទេច‌ខ្ទីហើយ​កន្លែង​ដ៏​សក្ការៈ​ផ្សេងៗ​របស់​អ៊ីស្រា‌អែលក៏​នឹង​ត្រូវ​វិនាស​ដែរ។យើង​នឹង​ប្រហារ​ក្រុម​គ្រួសាររបស់​ស្ដេច​យេរ៉ូ‌បោម ដោយ​មុខ​ដាវ»។

10. ពេល​នោះ លោក​អម៉ា‌ស៊ា ជា​បូជា‌ចារ្យ​នៅ​បេត‌អែល ចាត់​គេ​ឲ្យ​ទៅ​ទូល​ព្រះ‌បាទ​យេរ៉ូ‌បោម ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល​ថា៖ «លោក​អេម៉ុស​កំពុង​ញុះ‌ញង់​ប្រជា‌ជន​អ៊ីស្រា‌អែល ឲ្យ​បះ‌បោរ​ប្រឆាំង​នឹង​ព្រះ‌ករុណា។ ស្រុក​យើង​មិន​អាច​ស៊ូ‌ទ្រាំ​នឹង​ពាក្យ​ឃោស‌នា​របស់​គាត់ ត​ទៅ​មុខ​ទៀត​បាន​ឡើយ

11. ដ្បិត​គាត់​ពោល​ថា “ព្រះ‌បាទ​យេរ៉ូ‌បោម​នឹង​ត្រូវ​សុគត ដោយ​មុខ​ដាវ ហើយ​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល​នឹង​ត្រូវ​ខ្មាំង​កៀរ​យក​ទៅ​ឆ្ងាយ​ពី​ទឹក​ដី​របស់​ខ្លួន”»។

12. លោក​អម៉ា‌ស៊ា​ពោល​មក​កាន់​ព្យាការី​អេម៉ុស​ថា៖ «នែ៎! គ្រូ​ទាយ​ឆុត​អើយ ចូរ​ចេញ​ពី​ទី​នេះ​រត់​ទៅ​ស្រុក​យូដា​វិញ​ទៅ! នៅ​ស្រុក​នោះ អ្នក​អាច​រក​ស៊ី​ទាយ​ចិញ្ចឹម​ជីវិត​បាន។

13. កុំ​ទាយ​នៅ​បេត‌អែល​នេះ​ទៀត​ឲ្យ​សោះ ដ្បិត​ទី​នេះ​ជា​ទី‌សក្ការៈ​របស់​ស្ដេច និង​ជា​វិហារ​ហ្លួង»។

14. ព្យាការី​អេម៉ុស​ឆ្លើយ​ថា៖ «ខ្ញុំ​មិន​មែន​ជា​ព្យាការី* ឬ​ជា​សមាជិក​នៃ​ក្រុម​ព្យាការី​ទេ គឺ​ខ្ញុំ​ជា​អ្នក​ឃ្វាល​គោ និង​ជា​អ្នក​ចម្ការ។

15. ប៉ុន្តែ ព្រះ‌អម្ចាស់​យក​ខ្ញុំ​ពី​ក្រោយ​ហ្វូង​គោ ហើយ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា: “ទៅ! ចូរ​នាំ​ពាក្យ​យើង​ទៅ​ថ្លែង​ប្រាប់​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើងក្នុង​នាម​យើង”។

16. រីឯ​លោក​វិញ លោក​ហាម​ខ្ញុំ​មិន​ឲ្យ​ថ្លែង​ព្រះ‌បន្ទូល​ប្រឆាំង​នឹង​ជន‌ជាតិ​អ៊ីស្រា‌អែល ហើយ​មិន​ឲ្យ​ខ្ញុំ​ស្ដី​បន្ទោស​ពូជ‌ពង្ស​លោក​អ៊ីសាក។ សូម​លោក​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​ដូច​ត​ទៅ:

17. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា: ប្រពន្ធ​របស់​លោក​នឹង​ធ្វើ​ជា​ស្ត្រី​ពេស្យា​នៅ​កណ្ដាល​ទីក្រុង កូន​ប្រុស កូន​ស្រី​របស់​លោក​នឹង​ត្រូវ​ស្លាប់​ដោយ​មុខ​ដាវ ដី​ធ្លី​របស់​លោក​នឹង​ត្រូវ​គេ​វាស់​ចែក​គ្នា ខ្លួន​លោក​ផ្ទាល់​នឹង​ត្រូវ​ស្លាប់​លើ​ទឹក​ដី​មិន​បរិសុទ្ធ​របស់​សាសន៍​ដទៃ។ រីឯ​ប្រជា‌ជន​អ៊ីស្រា‌អែល​វិញ នឹង​ត្រូវ​ខ្មាំង​កៀរ​យក​ទៅ​ឆ្ងាយ​ពី​ស្រុក​របស់​ខ្លួន»។

អេម៉ុស 7