1. ព្រះអម្ចាស់ ជាព្រះរបស់ខ្ញុំ បង្ហាញឲ្យខ្ញុំឃើញនិមិត្តហេតុអស្ចារ្យមួយដូចតទៅ: កាលណាគេកាត់ស្មៅយកទៅថ្វាយស្ដេចរួចហើយ ពេលស្មៅចាប់ផ្ដើមលូតឡើងសាជាថ្មី ស្រាប់តែមានកណ្ដូបមួយហ្វូងហើរមក។
2. កណ្ដូបទាំងនោះស៊ីស្មៅអស់ពីស្រុក។ ខ្ញុំទូលថា៖ «ព្រះអម្ចាស់ជាព្រះនៃទូលបង្គំអើយ សូមអត់ទោសឲ្យយើងខ្ញុំផង នគរអ៊ីស្រាអែលតូចណាស់ ធ្វើម្ដេចឲ្យយើងខ្ញុំនៅគង់វង្សបាន?»។
3. ព្រះអម្ចាស់ដូរព្រះហឫទ័យ ហើយមានព្រះបន្ទូលថា៖ «ហេតុការណ៍នេះនឹងមិនកើតមានទេ!»។
4. ព្រះអម្ចាស់ ជាព្រះរបស់ខ្ញុំ បង្ហាញឲ្យខ្ញុំឃើញនិមិត្តហេតុអស្ចារ្យមួយទៀតដូចតទៅ: ព្រះអង្គបានប្រើភ្លើងដើម្បីវិនិច្ឆ័យទោស។ ភ្លើងនោះធ្វើឲ្យទឹកនៅទីជម្រៅរីងស្ងួត ព្រមទាំងធ្វើឲ្យស្រុកអ៊ីស្រាអែលហួតហែង។
5. ខ្ញុំទូលព្រះអង្គថា៖ «ព្រះអម្ចាស់ ជាព្រះនៃទូលបង្គំអើយ ឈប់ធ្វើដូច្នេះទៅ នគរអ៊ីស្រាអែលតូចណាស់ធ្វើម្ដេចនឹងឲ្យយើងខ្ញុំនៅគង់វង្សបាន?»។
6. ព្រះអម្ចាស់ដូរព្រះហឫទ័យ ហើយមានព្រះបន្ទូលថា៖ «ហេតុការណ៍នេះ ក៏នឹងមិនកើតមានដែរ»។
7. ព្រះអង្គបង្ហាញឲ្យខ្ញុំឃើញនិមិត្តហេតុអស្ចារ្យមួយទៀតដូចតទៅ: គឺព្រះអម្ចាស់របស់ខ្ញុំឈរនៅលើជញ្ជាំងមួយស្មើ ព្រះអង្គកាន់ខ្សែកូនតឹងមួយ។
8. ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «អេម៉ុសអើយ តើអ្នកឃើញអ្វី?»។ ខ្ញុំទូលថា «ទូលបង្គំឃើញខ្សែកូនតឹង»។ ព្រះអម្ចាស់របស់ខ្ញុំមានព្រះបន្ទូលថា៖ «យើងនឹងយកខ្សែកូនតឹងមកស្ទង់អ៊ីស្រាអែលជាប្រជារាស្ត្ររបស់យើង ដ្បិតយើងលែងអធ្យាស្រ័យឲ្យពួកគេទៀតហើយ។
9. កន្លែងសក្ការៈនៅតាមទួលខ្ពស់ៗរបស់ពួកគេនឹងត្រូវខ្ទេចខ្ទីហើយកន្លែងដ៏សក្ការៈផ្សេងៗរបស់អ៊ីស្រាអែលក៏នឹងត្រូវវិនាសដែរ។យើងនឹងប្រហារក្រុមគ្រួសាររបស់ស្ដេចយេរ៉ូបោម ដោយមុខដាវ»។
10. ពេលនោះ លោកអម៉ាស៊ា ជាបូជាចារ្យនៅបេតអែល ចាត់គេឲ្យទៅទូលព្រះបាទយេរ៉ូបោម ជាស្ដេចស្រុកអ៊ីស្រាអែលថា៖ «លោកអេម៉ុសកំពុងញុះញង់ប្រជាជនអ៊ីស្រាអែល ឲ្យបះបោរប្រឆាំងនឹងព្រះករុណា។ ស្រុកយើងមិនអាចស៊ូទ្រាំនឹងពាក្យឃោសនារបស់គាត់ តទៅមុខទៀតបានឡើយ
11. ដ្បិតគាត់ពោលថា “ព្រះបាទយេរ៉ូបោមនឹងត្រូវសុគត ដោយមុខដាវ ហើយជនជាតិអ៊ីស្រាអែលទាំងមូលនឹងត្រូវខ្មាំងកៀរយកទៅឆ្ងាយពីទឹកដីរបស់ខ្លួន”»។
12. លោកអម៉ាស៊ាពោលមកកាន់ព្យាការីអេម៉ុសថា៖ «នែ៎! គ្រូទាយឆុតអើយ ចូរចេញពីទីនេះរត់ទៅស្រុកយូដាវិញទៅ! នៅស្រុកនោះ អ្នកអាចរកស៊ីទាយចិញ្ចឹមជីវិតបាន។
13. កុំទាយនៅបេតអែលនេះទៀតឲ្យសោះ ដ្បិតទីនេះជាទីសក្ការៈរបស់ស្ដេច និងជាវិហារហ្លួង»។