2. ហេតុនេះ យើងនឹងឲ្យភ្លើងឆាបឆេះស្រុកម៉ូអាប់ ព្រមទាំងឆេះកម្ទេចប្រាសាទរបស់ក្រុងកេរីយ៉ុតផង។ស្រុកម៉ូអាប់នឹងវិនាសក្រោមសម្រែកជ្រួលច្របល់សម្រែកសឹកសង្គ្រាម និងសំឡេងត្រែ។
3. យើងនឹងដកស្ដេចចេញពីពួកគេព្រមទាំងប្រហារជីវិតមេដឹកនាំទាំងអស់ដែរ»នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
4. ព្រះអម្ចាស់មានព្រះបន្ទូលថា៖«ដោយអ្នកស្រុកយូដាបានប្រព្រឹត្តអំពើបាបបីបួនលើកផ្ទួនៗគ្នាយើងនឹងដាក់ទោសពួកគេ ឥតប្រែប្រួលឡើយព្រោះពួកគេបានបោះបង់ចោលក្រឹត្យវិន័យរបស់យើងជាព្រះអម្ចាស់ហើយមិនកាន់តាមច្បាប់របស់យើងទេ។ពួកគេវង្វេងទៅតាមព្រះក្លែងក្លាយដូចដូនតារបស់ពួកគេដែរ។
5. ហេតុនេះ យើងនឹងឲ្យភ្លើងឆាបឆេះស្រុកយូដា ព្រមទាំងឆេះកម្ទេចប្រាសាទរបស់ក្រុងយេរូសាឡឹមផង»។
6. ព្រះអម្ចាស់មានព្រះបន្ទូលថា៖«ដោយអ្នកស្រុកអ៊ីស្រាអែលបានប្រព្រឹត្តអំពើបាបផ្ទួនៗគ្នាជាច្រើនដងយើងនឹងដាក់ទោសពួកគេ ឥតប្រែប្រួលឡើយព្រោះពួកគេលក់មនុស្សសុចរិតដើម្បីប្រាក់និងលក់ជនក្រីក្រដើម្បីស្បែកជើងមួយគូ។
7. ពួកគេជិះជាន់សង្កត់សង្កិនជនទុគ៌តហើយរំលោភសិទ្ធិប្រជាជនតូចតាច។កូន និងឪពុករួមដំណេកជាមួយស្រីតែម្នាក់ពួកគេធ្វើដូច្នេះប្រមាថនាមដ៏វិសុទ្ធរបស់យើង។
8. នៅក្បែរអាសនៈរបស់ពួកគេពួកគេដេកលើសម្លៀកបំពាក់ដែលអ្នកក្រយកមកបញ្ចាំ។ពួកគេយកស្រាពីអ្នកដែលត្រូវពិន័យទៅផឹកក្នុងវិហារនៃព្រះរបស់ពួកគេដែរ។
9. រីឯយើងវិញ យើងបានបំផ្លាញអ្នកស្រុកអាម៉ូរីដែលមានកំពស់ដូចដើមគគីរនិងមានកម្លាំងដូចដើមម៉ៃសាក់ឲ្យវិនាសសាបសូន្យនៅមុខពួកគេគឺយើងបានបំផ្លាញទាំងដើម ទាំងឫស។
10. យើងបានយកអ្នករាល់គ្នាចេញពីស្រុកអេស៊ីបនិងដឹកនាំអ្នករាល់គ្នានៅវាលរហោស្ថានអស់រយៈពេលសែសិបឆ្នាំដើម្បីឲ្យអ្នករាល់គ្នាចាប់យកទឹកដីអាម៉ូរី។
11. យើងបានធ្វើឲ្យពួកព្យាការីងើបឡើងពីចំណោមកូនចៅរបស់អ្នករាល់គ្នានិងឲ្យពួកណាសារីត*ងើបឡើងពីចំណោមពួកយុវជនរបស់អ្នករាល់គ្នាតើពិតជាដូច្នេះមែនឬកូនចៅអ៊ីស្រាអែល?- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
12. ប៉ុន្តែ អ្នករាល់គ្នាបង្អកស្រាដល់ពួកណាសារីត*អ្នករាល់គ្នាហាមពួកព្យាការីមិនឲ្យថ្លែងពាក្យក្នុងនាមយើង
13. ហេតុនេះ យើងនឹងកិនកម្ទេចអ្នករាល់គ្នាឲ្យខ្ទេចខ្ទី ដូចរទេះដឹកស្រូវកិនអ្វីៗទាំងអស់ដែលនៅក្រោមកង់។
14. អ្នករហ័សរហួនពុំអាចគេចខ្លួនបានឡើយអ្នកមានកម្លាំងខ្លាំងក្លាមិនអាចបញ្ចេញកម្លាំងអ្នកចំបាំងដ៏អង់អាចក៏ពុំអាចសង្គ្រោះជីវិតរបស់ខ្លួនបានដែរ។
15. អ្នកពូកែបាញ់ធ្នូមិនអាចតទល់បានអ្នកពូកែរត់ក៏រត់មិនរួចអ្នកជិះសេះពុំអាចសង្គ្រោះជីវិតរបស់ខ្លួនបានដែរ។
16. នៅថ្ងៃនោះ អ្នកចំបាំងដ៏ក្លាហានជាងគេនឹងរត់ទៅទាំងខ្លួនទទេ»- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។