1. ព្រះអម្ចាស់មានព្រះបន្ទូលថា៖«ដោយអ្នកស្រុកម៉ូអាប់បានប្រព្រឹត្តអំពើបាបផ្ទួនៗគ្នាជាច្រើនដងយើងនឹងដាក់ទោសពួកគេ ឥតប្រែប្រួលឡើយព្រោះពួកគេបានដុតធាតុរបស់ស្ដេចស្រុកអេដុមឲ្យទៅជាផេះ។
2. ហេតុនេះ យើងនឹងឲ្យភ្លើងឆាបឆេះស្រុកម៉ូអាប់ ព្រមទាំងឆេះកម្ទេចប្រាសាទរបស់ក្រុងកេរីយ៉ុតផង។ស្រុកម៉ូអាប់នឹងវិនាសក្រោមសម្រែកជ្រួលច្របល់សម្រែកសឹកសង្គ្រាម និងសំឡេងត្រែ។
3. យើងនឹងដកស្ដេចចេញពីពួកគេព្រមទាំងប្រហារជីវិតមេដឹកនាំទាំងអស់ដែរ»នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
4. ព្រះអម្ចាស់មានព្រះបន្ទូលថា៖«ដោយអ្នកស្រុកយូដាបានប្រព្រឹត្តអំពើបាបបីបួនលើកផ្ទួនៗគ្នាយើងនឹងដាក់ទោសពួកគេ ឥតប្រែប្រួលឡើយព្រោះពួកគេបានបោះបង់ចោលក្រឹត្យវិន័យរបស់យើងជាព្រះអម្ចាស់ហើយមិនកាន់តាមច្បាប់របស់យើងទេ។ពួកគេវង្វេងទៅតាមព្រះក្លែងក្លាយដូចដូនតារបស់ពួកគេដែរ។
5. ហេតុនេះ យើងនឹងឲ្យភ្លើងឆាបឆេះស្រុកយូដា ព្រមទាំងឆេះកម្ទេចប្រាសាទរបស់ក្រុងយេរូសាឡឹមផង»។
6. ព្រះអម្ចាស់មានព្រះបន្ទូលថា៖«ដោយអ្នកស្រុកអ៊ីស្រាអែលបានប្រព្រឹត្តអំពើបាបផ្ទួនៗគ្នាជាច្រើនដងយើងនឹងដាក់ទោសពួកគេ ឥតប្រែប្រួលឡើយព្រោះពួកគេលក់មនុស្សសុចរិតដើម្បីប្រាក់និងលក់ជនក្រីក្រដើម្បីស្បែកជើងមួយគូ។
7. ពួកគេជិះជាន់សង្កត់សង្កិនជនទុគ៌តហើយរំលោភសិទ្ធិប្រជាជនតូចតាច។កូន និងឪពុករួមដំណេកជាមួយស្រីតែម្នាក់ពួកគេធ្វើដូច្នេះប្រមាថនាមដ៏វិសុទ្ធរបស់យើង។
8. នៅក្បែរអាសនៈរបស់ពួកគេពួកគេដេកលើសម្លៀកបំពាក់ដែលអ្នកក្រយកមកបញ្ចាំ។ពួកគេយកស្រាពីអ្នកដែលត្រូវពិន័យទៅផឹកក្នុងវិហារនៃព្រះរបស់ពួកគេដែរ។
9. រីឯយើងវិញ យើងបានបំផ្លាញអ្នកស្រុកអាម៉ូរីដែលមានកំពស់ដូចដើមគគីរនិងមានកម្លាំងដូចដើមម៉ៃសាក់ឲ្យវិនាសសាបសូន្យនៅមុខពួកគេគឺយើងបានបំផ្លាញទាំងដើម ទាំងឫស។
10. យើងបានយកអ្នករាល់គ្នាចេញពីស្រុកអេស៊ីបនិងដឹកនាំអ្នករាល់គ្នានៅវាលរហោស្ថានអស់រយៈពេលសែសិបឆ្នាំដើម្បីឲ្យអ្នករាល់គ្នាចាប់យកទឹកដីអាម៉ូរី។
11. យើងបានធ្វើឲ្យពួកព្យាការីងើបឡើងពីចំណោមកូនចៅរបស់អ្នករាល់គ្នានិងឲ្យពួកណាសារីត*ងើបឡើងពីចំណោមពួកយុវជនរបស់អ្នករាល់គ្នាតើពិតជាដូច្នេះមែនឬកូនចៅអ៊ីស្រាអែល?- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។