7. ហេតុនេះ យើងនឹងឲ្យភ្លើងឆាបឆេះកំពែងក្រុងកាសាព្រមទាំងឆេះកម្ទេចប្រាសាទរបស់ក្រុងនោះផង។
8. យើងនឹងដកប្រជាជនទាំងអស់ចេញពីក្រុងអាសដូឌព្រមទាំងដកអ្នកកាន់កាប់អំណាចចេញពីក្រុងអាស្កាឡូន។យើងនឹងប្រហារក្រុងអេក្រុនហើយអ្នកស្រុកភីលីស្ទីនដែលនៅសេសសល់នឹងត្រូវវិនាស»នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
9. ព្រះអម្ចាស់មានព្រះបន្ទូលថា៖«ដោយអ្នកក្រុងទីរ៉ុសបានប្រព្រឹត្តអំពើបាបផ្ទួនៗគ្នាជាច្រើនដងយើងនឹងដាក់ទោសពួកគេ ឥតប្រែប្រួលឡើយព្រោះពួកគេប្រគល់ប្រជាជនទាំងភូមិៗឲ្យពួកអេដុមកៀរយកទៅដោយឥតគោរពសន្ធិសញ្ញាដែលខ្លួនបានចុះជាមួយអ៊ីស្រាអែលឡើយ។
10. ហេតុនេះ យើងនឹងឲ្យភ្លើងឆាបឆេះកំពែងក្រុងទីរ៉ុស ព្រមទាំងឆេះកម្ទេចប្រាសាទរបស់ក្រុងនោះផង។
11. ព្រះអម្ចាស់មានព្រះបន្ទូលថា:ដោយអ្នកស្រុកអេដុមបានប្រព្រឹត្តអំពើបាបផ្ទួនៗគ្នាជាច្រើនដងយើងនឹងដាក់ទោសពួកគេ ឥតប្រែប្រួលឡើយព្រោះពួកគេបានដេញប្រហារបងប្អូនរបស់ខ្លួនដោយមុខដាវ ឥតត្រាប្រណី។ពួកគេគិតតែពីបំផ្លាញ តាមកំហឹងរបស់ខ្លួនហើយចងគំនុំឥតឈប់ឈរឡើយ។
12. ហេតុនេះ យើងនឹងឲ្យភ្លើងឆាបឆេះក្រុងថេម៉ាន ព្រមទាំងឆេះកម្ទេចប្រាសាទរបស់ក្រុងបូសរ៉ាផង»។
13. ព្រះអម្ចាស់មានព្រះបន្ទូលថា៖«ដោយអ្នកស្រុកអាំម៉ូនបានប្រព្រឹត្តអំពើបាបផ្ទួនៗគ្នាជាច្រើនដងយើងនឹងដាក់ទោសពួកគេ ឥតប្រែប្រួលឡើយព្រោះពួកគេបានវះពោះស្ត្រីមានគភ៌នៅស្រុកកាឡាដដើម្បីវាតទឹកដីរបស់ខ្លួន។
14. ហេតុនេះ យើងនឹងបញ្ឆេះភ្លើងដុតកំពែងក្រុងរ៉ាបាតព្រមទាំងដុតកម្ទេចប្រាសាទរបស់ក្រុងនោះនៅថ្ងៃមានចំបាំង មានសម្រែកសឹកសង្គ្រាមនិងមានខ្យល់ព្យុះបក់បោកមកយ៉ាងខ្លាំង។
15. ស្ដេច និងមេដឹកនាំរបស់ពួកគេនឹងត្រូវខ្មាំងចាប់យកទៅជាឈ្លើយសឹក»នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។