3. ដើម្បីឲ្យបានសេចក្ដីសុខ និងមានអាយុវែងនៅលើផែនដីនេះ»។
4. រីឯបងប្អូនដែលជាឪពុកវិញ កុំធ្វើឲ្យកូនរបស់ខ្លួនមួម៉ៅនោះឡើយ តែត្រូវអប់រំវាដោយពាក្យប្រៀនប្រដៅ និងដំបូន្មាន ស្របតាមព្រះអម្ចាស់។
5. បងប្អូនជាខ្ញុំបម្រើអើយ ចូរស្ដាប់បង្គាប់ម្ចាស់របស់ខ្លួនក្នុងលោកនេះ ដោយគោរពកោតខ្លាចញាប់ញ័រ និងដោយចិត្តស្មោះសរ ដូចស្ដាប់បង្គាប់ព្រះគ្រិស្ដដែរ
6. មិនត្រូវធ្វើដូច្នេះ ដើម្បីគ្រាន់តែឲ្យម្ចាស់ទាំងនោះឃើញថា បងប្អូនចង់ផ្គាប់ចិត្តមនុស្សឡើយ គឺត្រូវធ្វើដូចជាខ្ញុំបម្រើព្រះគ្រិស្ដ ដែលយកចិត្តទុកដាក់ ធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់។
7. ត្រូវបម្រើម្ចាស់ដោយស្ម័គ្រចិត្ត ដូចបម្រើព្រះអម្ចាស់ ពុំមែនបម្រើមនុស្សទេ
8. ដោយដឹងថាមនុស្សម្នាក់ៗ ទោះជាអ្នកងារ ឬអ្នកជាក្ដី នឹងទទួលរង្វាន់ពីព្រះអម្ចាស់ តាមអំពើល្អដែលខ្លួនបានប្រព្រឹត្ត។
9. រីឯបងប្អូនដែលជាម្ចាស់វិញ ចូរប្រព្រឹត្តចំពោះអ្នកបម្រើរបស់បងប្អូនបែបនោះដែរ គឺមិនត្រូវគំរាមកំហែងគេឡើយ។ តោងដឹងថា ទាំងពួកគេ ទាំងបងប្អូនមានម្ចាស់តែមួយនៅស្ថានបរមសុខ* ហើយព្រះអង្គមិនរើសមុខនរណាសោះឡើយ។
10. មួយវិញទៀត ចូរទាញយកកម្លាំង ដោយរួមជាមួយព្រះអម្ចាស់ និងដោយសារព្រះចេស្ដាដ៏ខ្លាំងក្លារបស់ព្រះអង្គ។
11. ចូរបងប្អូនប្រដាប់ខ្លួនដោយគ្រឿងសស្ត្រាវុធទាំងប៉ុន្មានរបស់ព្រះជាម្ចាស់ ដើម្បីអាចតតាំងនឹងកលល្បិចរបស់មារ*
12. ដ្បិតយើងមិនមែនតយុទ្ធទល់នឹងមនុស្សទេ គឺតយុទ្ធទល់នឹងវត្ថុស័ក្ដិសិទ្ធិ ទល់នឹងអ្វីៗដែលមានអំណាច ទល់នឹងមេត្រួតត្រាក្នុងលោកីយ៍ដ៏ងងឹតនេះ ហើយតយុទ្ធទល់នឹងឥទ្ធិពលអរូបដ៏អាក្រក់ទាំងឡាយដែលនៅស្ថានលើដែរ។
13. ហេតុនេះ ចូរបងប្អូនប្រើគ្រឿងសស្ត្រាវុធទាំងប៉ុន្មានរបស់ព្រះជាម្ចាស់ទៅ ដើម្បីឲ្យបងប្អូនអាចតទល់នៅថ្ងៃអពមង្គល ហើយមានជំហររឹងប៉ឹងដដែល ដោយបានប្រើគ្រប់មធ្យោបាយ។
14. ដូច្នេះ ចូរមានជំហររឹងប៉ឹងឡើង ចូរយកសេចក្ដីពិតមកក្រវាត់ចង្កេះ យកសេចក្ដីសុចរិតធ្វើជាអាវក្រោះ
15. យកចិត្តប្រុងប្រៀបផ្សាយដំណឹងល្អអំពីសេចក្ដីសុខសាន្ត មកពាក់ជាស្បែកជើង។
16. ជាពិសេស ចូរយកជំនឿធ្វើជាខែល ដើម្បីឲ្យបងប្អូនអាចពន្លត់ព្រួញភ្លើងទាំងប៉ុន្មានរបស់មារ*កំណាច។
17. ចូរទទួលការសង្គ្រោះយកមកធ្វើជាមួកដែក និងយកព្រះបន្ទូលរបស់ព្រះជាម្ចាស់មកធ្វើជាដាវរបស់ព្រះវិញ្ញាណ។
18. ចូរអធិស្ឋាន*គ្រប់ពេលវេលា តាមការណែនាំរបស់ព្រះវិញ្ញាណ ដោយប្រើទាំងពាក្យអធិស្ឋាន ទាំងពាក្យអង្វរគ្រប់យ៉ាង ហើយប្រុងស្មារតីទូលអង្វរព្រះជាម្ចាស់ ដោយចិត្តព្យាយាមបំផុត សម្រាប់ប្រជាជនដ៏វិសុទ្ធ*ទាំងអស់។
19. ចូរអង្វរព្រះអង្គសម្រាប់ខ្ញុំផង សូមព្រះអង្គប្រទានឲ្យខ្ញុំរកបានពាក្យត្រឹមត្រូវ នៅពេលណាខ្ញុំហាមាត់និយាយ សូមប្រទានឲ្យខ្ញុំមានចិត្តអង់អាច នាំគេឲ្យស្គាល់គម្រោងការដ៏លាក់កំបាំងនៃដំណឹងល្អ*
20. ទោះបីខ្ញុំជាប់ឃុំឃាំងក៏ដោយ ក៏ខ្ញុំនៅតែជាទូតនៃដំណឹងល្អនេះដែរ ដូច្នេះ សូមទូលអង្វរព្រះអង្គឲ្យខ្ញុំមានចិត្តអង់អាច និយាយតាមដែលខ្ញុំត្រូវនិយាយ។
21. លោកទីឃីកុសជាបងប្អូនដ៏ជាទីស្រឡាញ់របស់យើង និងជាអ្នកបម្រើដ៏ស្មោះត្រង់របស់ព្រះអម្ចាស់ នឹងជម្រាបបងប្អូនអំពីសុខទុក្ខរបស់ខ្ញុំ និងអំពីកិច្ចការដែលខ្ញុំធ្វើនោះដែរ។
22. ខ្ញុំចាត់គាត់មករកបងប្អូន ក្នុងគោលបំណងឲ្យបងប្អូនបានដឹងដំណឹងពីយើង និងឲ្យគាត់លើកទឹកចិត្តបងប្អូនទៀតផង។