14. ដូច្នេះ ចូរមានជំហររឹងប៉ឹងឡើង ចូរយកសេចក្ដីពិតមកក្រវាត់ចង្កេះ យកសេចក្ដីសុចរិតធ្វើជាអាវក្រោះ
15. យកចិត្តប្រុងប្រៀបផ្សាយដំណឹងល្អអំពីសេចក្ដីសុខសាន្ត មកពាក់ជាស្បែកជើង។
16. ជាពិសេស ចូរយកជំនឿធ្វើជាខែល ដើម្បីឲ្យបងប្អូនអាចពន្លត់ព្រួញភ្លើងទាំងប៉ុន្មានរបស់មារ*កំណាច។
17. ចូរទទួលការសង្គ្រោះយកមកធ្វើជាមួកដែក និងយកព្រះបន្ទូលរបស់ព្រះជាម្ចាស់មកធ្វើជាដាវរបស់ព្រះវិញ្ញាណ។
18. ចូរអធិស្ឋាន*គ្រប់ពេលវេលា តាមការណែនាំរបស់ព្រះវិញ្ញាណ ដោយប្រើទាំងពាក្យអធិស្ឋាន ទាំងពាក្យអង្វរគ្រប់យ៉ាង ហើយប្រុងស្មារតីទូលអង្វរព្រះជាម្ចាស់ ដោយចិត្តព្យាយាមបំផុត សម្រាប់ប្រជាជនដ៏វិសុទ្ធ*ទាំងអស់។
19. ចូរអង្វរព្រះអង្គសម្រាប់ខ្ញុំផង សូមព្រះអង្គប្រទានឲ្យខ្ញុំរកបានពាក្យត្រឹមត្រូវ នៅពេលណាខ្ញុំហាមាត់និយាយ សូមប្រទានឲ្យខ្ញុំមានចិត្តអង់អាច នាំគេឲ្យស្គាល់គម្រោងការដ៏លាក់កំបាំងនៃដំណឹងល្អ*
20. ទោះបីខ្ញុំជាប់ឃុំឃាំងក៏ដោយ ក៏ខ្ញុំនៅតែជាទូតនៃដំណឹងល្អនេះដែរ ដូច្នេះ សូមទូលអង្វរព្រះអង្គឲ្យខ្ញុំមានចិត្តអង់អាច និយាយតាមដែលខ្ញុំត្រូវនិយាយ។
21. លោកទីឃីកុសជាបងប្អូនដ៏ជាទីស្រឡាញ់របស់យើង និងជាអ្នកបម្រើដ៏ស្មោះត្រង់របស់ព្រះអម្ចាស់ នឹងជម្រាបបងប្អូនអំពីសុខទុក្ខរបស់ខ្ញុំ និងអំពីកិច្ចការដែលខ្ញុំធ្វើនោះដែរ។
22. ខ្ញុំចាត់គាត់មករកបងប្អូន ក្នុងគោលបំណងឲ្យបងប្អូនបានដឹងដំណឹងពីយើង និងឲ្យគាត់លើកទឹកចិត្តបងប្អូនទៀតផង។
23. សូមព្រះជាម្ចាស់ជាព្រះបិតា និងព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់ ប្រទានសេចក្ដីសុខសាន្ត និងសេចក្ដីស្រឡាញ់ ព្រមទាំងជំនឿមកបងប្អូន។
24. សូមព្រះគុណរបស់ព្រះជាម្ចាស់ស្ថិតនៅជាមួយអស់អ្នកដែលស្រឡាញ់ព្រះអម្ចាស់យេស៊ូគ្រិស្ដនៃយើង ដោយឥតមានចិត្តប្រែប្រួលឡើយ។