17. ហេតុនេះ មិនត្រូវធ្វើជាមនុស្សឥតគំនិតឡើយ តែត្រូវរិះគិតឲ្យយល់ព្រះហឫទ័យរបស់ព្រះអម្ចាស់។
18. កុំស្រវឹងស្រា ព្រោះស្រាបណ្ដាលឲ្យថោកទាប ផ្ទុយទៅវិញ ត្រូវឲ្យបានពោរពេញដោយព្រះវិញ្ញាណ។
19. ចូរនិយាយគ្នាទៅវិញទៅមកដោយប្រើទំនុកតម្កើង បទសរសើរព្រះជាម្ចាស់ និងបទចម្រៀងមកពីព្រះវិញ្ញាណ។ ចូរច្រៀង និងលើកតម្កើងព្រះអម្ចាស់ឲ្យអស់ពីចិត្ត។
20. ត្រូវអរព្រះគុណព្រះជាម្ចាស់ ជាព្រះបិតាគ្រប់ពេលវេលា និងគ្រប់កិច្ចការក្នុងព្រះនាមព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់នៃយើង។
21. បងប្អូនដែលកោតខ្លាចព្រះគ្រិស្ដ ត្រូវគោរពចុះចូលគ្នាទៅវិញទៅមក។
22. បងប្អូនជាស្ត្រីដែលមានស្វាមី ត្រូវគោរពចុះចូលនឹងស្វាមីរៀងៗខ្លួន ដូចជាគោរពចុះចូលនឹងព្រះអម្ចាស់ដែរ
23. ដ្បិតស្វាមីនាំមុខភរិយា ដូចព្រះគ្រិស្ដនាំមុខក្រុមជំនុំ* ហើយជាព្រះសង្គ្រោះរបស់ក្រុមជំនុំដែលជាព្រះកាយព្រះអង្គ។
24. ហេតុនេះ ក្រុមជំនុំគោរពចុះចូលនឹងព្រះគ្រិស្ដយ៉ាងណា ភរិយាក៏ត្រូវគោរពចុះចូលនឹងស្វាមីរៀងៗខ្លួន ក្នុងគ្រប់កិច្ចការទាំងអស់យ៉ាងនោះដែរ។
25. ចំពោះបងប្អូនដែលមានប្រពន្ធវិញ ចូរស្រឡាញ់ភរិយា ដូចព្រះគ្រិស្ដបានស្រឡាញ់ក្រុមជំនុំដែរ ព្រះអង្គបូជាព្រះជន្មរបស់ព្រះអង្គផ្ទាល់ សម្រាប់ក្រុមជំនុំ
26. ដើម្បីប្រោសឲ្យក្រុមជំនុំបានទៅជាវិសុទ្ធ ទាំងជម្រះឲ្យបានស្អាតបរិសុទ្ធ ដោយលាងក្នុងទឹក និងដោយសារព្រះបន្ទូល។
27. ព្រះអង្គសព្វព្រះហឫទ័យនាំក្រុមជំនុំនេះមកថ្វាយព្រះអង្គផ្ទាល់ ជាក្រុមជំនុំដ៏រុងរឿង ឥតស្លាកស្នាម ឥតជ្រីវជ្រួញ និងឥតខ្ចោះត្រង់ណាឡើយ គឺឲ្យបានទៅជាវិសុទ្ធ* ឥតសៅហ្មង។
28. ដូច្នេះ ស្វាមីត្រូវស្រឡាញ់ភរិយា ឲ្យបានដូចស្រឡាញ់រូបកាយរបស់ខ្លួនដែរ។ អ្នកណាស្រឡាញ់ភរិយា អ្នកនោះស្រឡាញ់ខ្លួនឯង។
29. ពុំដែលមាននរណាម្នាក់ស្អប់រូបកាយរបស់ខ្លួនឡើយ ផ្ទុយទៅវិញ គេតែងចិញ្ចឹមបីបាច់ថែរក្សារូបកាយនោះ ដូចព្រះគ្រិស្ដចិញ្ចឹមបីបាច់ថែរក្សាក្រុមជំនុំ
30. ព្រោះយើងទាំងអស់គ្នាជាសរីរាង្គនៃព្រះកាយរបស់ព្រះអង្គ។
31. ហេតុនេះហើយបានជាបុរសត្រូវចាកចេញពីឪពុកម្ដាយ ទៅរួមរស់ជាមួយភរិយារបស់ខ្លួន ហើយអ្នកទាំងពីរនឹងបានទៅជារូបកាយតែមួយ។