8. ហេតុនេះហើយបានជាមានថ្លែងទុកថា «ព្រះអង្គបានយាងឡើងទៅស្ថានខ្ពស់ ព្រះអង្គបាននាំពួកជាប់ជាឈ្លើយទៅជាមួយ ហើយព្រះអង្គប្រទានព្រះអំណោយទាន ផ្សេងៗដល់មនុស្សលោក»។
9. ពាក្យថា“យាងឡើងទៅ”នោះ បានសេចក្ដីថាដូចម្ដេច? គឺបានសេចក្ដីថា ព្រះអង្គបានយាងចុះមកផែនដីដ៏ទាបនេះជាមុនសិន។
10. ព្រះអង្គដែលបានយាងចុះមកនោះ ជាព្រះអង្គដែលបានយាងឡើងទៅទីដ៏ខ្ពស់បំផុតនៃស្ថានបរមសុខ* ដើម្បីបំពេញអ្វីៗទាំងអស់។
11. គឺព្រះអង្គហើយដែលបានប្រទានឲ្យអ្នកខ្លះមានមុខងារជាសាវ័ក* ឲ្យអ្នកខ្លះថ្លែងព្រះបន្ទូល អ្នកខ្លះផ្សាយដំណឹងល្អ* អ្នកខ្លះជាគង្វាល និងអ្នកខ្លះទៀតជាអ្នកបង្រៀន
12. ដើម្បីរៀបចំប្រជាជនដ៏វិសុទ្ធឲ្យបំពេញមុខងារបម្រើ និងកសាងព្រះកាយរបស់ព្រះគ្រិស្ដឡើង
13. រហូតដល់យើងទាំងអស់រួមគ្នា មានជំនឿតែមួយ មានគំនិតតែមួយ ក្នុងការស្គាល់ព្រះបុត្រារបស់ព្រះជាម្ចាស់ និងទៅជាមនុស្សពេញវ័យ ឡើងដល់កំពស់របស់ព្រះគ្រិស្ដដែលបំពេញអ្វីៗទាំងអស់។
14. ដូច្នេះ យើងមិនមែនជាកូនក្មេងដែលរេរា ត្រូវខ្យល់នៃគោលលទ្ធិនានាផាត់ចុះផាត់ឡើងនោះទៀតឡើយ ហើយក៏លែងចាញ់បោក ឬចាញ់កលល្បិចមនុស្សដែលពូកែនាំឲ្យវង្វេងនោះទៀតដែរ។
15. ផ្ទុយទៅវិញ បើយើងប្រព្រឹត្តតាមសេចក្ដីពិតដោយចិត្តស្រឡាញ់ យើងនឹងបានចម្រើនឡើងគ្រប់វិស័យទាំងអស់ ឆ្ពោះទៅកាន់ព្រះគ្រិស្ដជាសិរសា
16. គឺព្រះអង្គហើយ ដែលធ្វើឲ្យព្រះកាយទាំងមូលបានផ្គុំគ្នា និងភ្ជាប់គ្នាឡើងយ៉ាងមាំ ដោយសារសន្លាក់ឆ្អឹងទាំងប៉ុន្មានដែលបម្រើព្រះកាយ តាមកម្រិតសមត្ថភាពរបស់សរីរាង្គនីមួយៗ ដើម្បីឲ្យព្រះកាយនោះចម្រើន និងកសាងឡើង ក្នុងសេចក្ដីស្រឡាញ់។
17. ដូច្នេះ ខ្ញុំសូមជម្រាបបងប្អូន និងបញ្ជាក់ក្នុងព្រះនាមព្រះអម្ចាស់ថា សូមកុំរស់នៅដូចសាសន៍ដទៃ ដែលប្រព្រឹត្តតាមប្រាជ្ញាដ៏ឥតប្រយោជន៍របស់គេនោះទៀតឡើយ។
18. គំនិតអ្នកទាំងនោះងងឹតសូន្យសុង គេនៅឆ្ងាយពីព្រះជន្មរបស់ព្រះជាម្ចាស់ ព្រោះគេមិនស្គាល់ព្រះអង្គ ហើយមានចិត្តរឹងរូសទៀតផង។
19. ដោយពួកគេលែងដឹងខុសត្រូវ គេនាំគ្នាប្រាសចាកសីលធម៌ បណ្ដោយខ្លួនទៅប្រព្រឹត្តអំពើអបាយមុខគ្រប់យ៉ាង តាមតែចិត្តលោភលន់របស់គេ។
20. រីឯបងប្អូនវិញ បងប្អូនពុំបានទទួលការអប់រំអំពីព្រះគ្រិស្ដរបៀបនេះទេ។
21. ប្រសិនបើបងប្អូនបានឮគេនិយាយអំពីព្រះយេស៊ូ ហើយប្រសិនបើបងប្អូនបានទទួលការអប់រំអំពីព្រះអង្គ ស្របតាមសេចក្ដីពិតដែលមកពីព្រះអង្គមែន
22. បងប្អូនត្រូវតែលះបង់កិរិយាមារយាទ ដែលបងប្អូនធ្លាប់កាន់ពីដើម គឺត្រូវដោះជីវិតចាស់ដែលកំពុងតែវិនាស តាមការលោភលន់បញ្ឆោតចិត្តនេះចោលទៅ។
23. ត្រូវប្រែគំនិតប្រាជ្ញា និងវិញ្ញាណឲ្យបានថ្មីឡើង
24. ហើយត្រូវពាក់ជីវិតថ្មីដ៏សុចរិត* និងវិសុទ្ធ* មកពីសេចក្ដីពិត ជាជីវិតដែលព្រះជាម្ចាស់បានបង្កើត ស្របតាមព្រះហឫទ័យរបស់ព្រះអង្គ។
25. ហេតុនេះ សូមបងប្អូនឈប់និយាយកុហកទៅ «ម្នាក់ៗត្រូវនិយាយតែសេចក្ដីពិតទៅកាន់បងប្អូនឯទៀតៗ ដ្បិតយើងជាសរីរាង្គរបស់គ្នាទៅវិញទៅមក។