24. ហើយត្រូវពាក់ជីវិតថ្មីដ៏សុចរិត* និងវិសុទ្ធ* មកពីសេចក្ដីពិត ជាជីវិតដែលព្រះជាម្ចាស់បានបង្កើត ស្របតាមព្រះហឫទ័យរបស់ព្រះអង្គ។
25. ហេតុនេះ សូមបងប្អូនឈប់និយាយកុហកទៅ «ម្នាក់ៗត្រូវនិយាយតែសេចក្ដីពិតទៅកាន់បងប្អូនឯទៀតៗ ដ្បិតយើងជាសរីរាង្គរបស់គ្នាទៅវិញទៅមក។
26. ប្រសិនបើបងប្អូនខឹង សូមប្រយ័ត្ន កុំប្រព្រឹត្តអំពើបាប» កុំទុកកំហឹងរហូតដល់ថ្ងៃលិចនោះឡើយ។
27. កុំហុចឱកាសឲ្យមារ*មកល្បួងបងប្អូន។
28. អ្នកណាធ្លាប់លួច កុំលួចទៀត ផ្ទុយទៅវិញ ត្រូវខំប្រឹងធ្វើការដោយចិត្តទៀងត្រង់ ដើម្បីយកផលទៅជួយអ្នកដែលខ្វះខាត។
29. កុំឲ្យមានពាក្យអាស្រូវណាមួយចេញពីមាត់បងប្អូនឡើយ ផ្ទុយទៅវិញ ត្រូវនិយាយតែពាក្យល្អដែលជួយកសាងជំនឿអ្នកដទៃ ប្រសិនបើគេត្រូវការ ព្រមទាំងនាំព្រះពរមកឲ្យអ្នកស្ដាប់ផងដែរ។
30. កុំធ្វើឲ្យព្រះវិញ្ញាណដ៏វិសុទ្ធ*របស់ព្រះជាម្ចាស់ព្រួយព្រះហឫទ័យសោះឡើយ ដ្បិតព្រះអង្គបានដៅសញ្ញាសម្គាល់របស់ព្រះវិញ្ញាណមកលើបងប្អូន ទុកសម្រាប់ថ្ងៃដែលព្រះអង្គនឹងយាងមកលោះយើង។
31. សូមបងប្អូនកំចាត់ចិត្តជូរចត់ ចិត្តក្ដៅក្រហាយ កំហឹង សម្រែកឡូឡា ពាក្យជេរប្រមាថ ព្រមទាំងសេចក្ដីអាក្រក់គ្រប់បែបយ៉ាង ចេញពីចំណោមបងប្អូនទៅ។
32. ត្រូវមានចិត្តសប្បុរស និងចេះអាណិតមេត្តាដល់គ្នាទៅវិញទៅមក។ ត្រូវប្រណីសន្ដោសគ្នាទៅវិញទៅមក ដូចព្រះជាម្ចាស់បានប្រណីសន្ដោសបងប្អូន ដោយសារព្រះគ្រិស្ដដែរ។