អេភេសូ 2:1-14 Khmer Standard Version (KHSV)

1. ចំពោះ​បង‌ប្អូន បង‌ប្អូន​បាន​ស្លាប់ ព្រោះ​តែ​កំហុស និង​អំពើ​បាប​របស់​បង‌ប្អូន​រួច​ផុត​ទៅ​ហើយ។

2. ពី​ដើម បង‌ប្អូន​បាន​រស់​នៅ​តាម​របៀប​លោកីយ៍​នេះ គឺ​តាម​វត្ថុ​ស័ក្តិ‌សិទ្ធិ​ដែល​គ្រប់‌គ្រង​ពិភព​លោក​នេះ ជា​វិញ្ញាណ​ដែល​មាន​ឥទ្ធិ‌ពល​នៅ​ក្នុង​អស់​អ្នក​ប្រឆាំង​នឹង​ព្រះ‌ជាម្ចាស់​នៅ​បច្ចុប្បន្ន‌កាល​នេះ។

3. រីឯ​យើង​ទាំង​អស់​គ្នា​វិញ ពី​ដើម យើង​ក៏​ដូច​ពួក​គេ​ដែរ យើង​បាន​បណ្ដោយ​ខ្លួន​ទៅ​តាម​តណ្ហា​លោភ‌លន់​នៃ​និស្ស័យ​លោកីយ៍​របស់​យើង យើង​ប្រព្រឹត្ត​អំពើ​ផ្សេងៗ​តាម​បំណង​ចិត្ត​គំនិត​របស់​លោកីយ៍។ ពី​កំណើត​មក យើង​ជា​មនុស្ស​ដែល​ត្រូវ​តែ​ទទួល​ទោស​ពី​ព្រះ‌ជាម្ចាស់ ដូច​មនុស្ស​ឯ​ទៀតៗ​ដែរ

4. ក៏​ប៉ុន្តែ ព្រះ‌ជាម្ចាស់​ដែល​តែងតែ​មាន​ព្រះ‌ហឫទ័យ​អាណិត​មេត្តា​ដ៏​ច្រើន​ពន់​ប្រមាណ​នោះ ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​ស្រឡាញ់​យើង​ខ្លាំង​បំផុត

5. គឺ​ទោះ​បី​យើង​ស្លាប់​ដោយ‌សារ​អំពើ​បាប​របស់​យើង​ហើយ​ក៏​ដោយ ក៏​ព្រះ‌អង្គ​បាន​ប្រោស​ប្រទាន​ឲ្យ​យើង​មាន​ជីវិត​រស់ រួម​ជា​មួយ​ព្រះ‌គ្រិស្ដ​វិញ​ដែរ។ ព្រះ‌ជាម្ចាស់​បាន​សង្គ្រោះ​បង‌ប្អូន ដោយ‌សារ​ព្រះ‌គុណ។

6. ព្រះ‌អង្គ​បាន​ប្រោស​យើង​ឲ្យ​រស់​ឡើង​វិញ រួម​ជា​មួយ​ព្រះ‌គ្រិស្ដ‌យេស៊ូ និង​ឲ្យ​យើង​អង្គុយ​លើ​បល្ល័ង្ក​នៅ​ស្ថាន​បរម‌សុខ រួម​ជា​មួយ​ព្រះ‌អង្គ​ដែរ។

7. ព្រះ‌អង្គ​បង្ហាញ​ព្រះ‌ហឫទ័យ​សប្បុរស​ចំពោះ​យើង ក្នុង​អង្គ​ព្រះ‌គ្រិស្ដ‌យេស៊ូ​ដូច្នេះ ដើម្បី​បង្ហាញ​ឲ្យ​មនុស្ស​គ្រប់​ជំនាន់​ខាង​មុខ ស្គាល់​ព្រះ‌គុណ​ដ៏​ប្រសើរ​លើស‌លប់​បំផុត​របស់​ព្រះ‌អង្គ

8. ព្រះ‌អង្គ​សង្គ្រោះ​បង‌ប្អូន​ដោយ‌សារ​ព្រះ‌គុណ តាម​រយៈ​ជំនឿ។ ការ​សង្គ្រោះ​មិន​មែន​មក​ពី​បង‌ប្អូន​ទេ គឺ​ជា​ព្រះ‌អំណោយ​ទាន​របស់​ព្រះ‌ជាម្ចាស់

9. ហើយ​ក៏​មិន​មែន​មក​ពី​មនុស្ស​ប្រព្រឹត្ត​អំពើ​ល្អ​ដែរ ដើម្បី​កុំ​ឲ្យ​នរណា​ម្នាក់​អួត​ខ្លួន​បាន។

10. យើង​ជា​ស្នា​ព្រះ‌ហស្ដ​ដែល​ព្រះ‌ជាម្ចាស់​បាន​បង្កើត​មក ក្នុង​អង្គ​ព្រះ‌គ្រិស្ដ‌យេស៊ូ ដើម្បី​ឲ្យ​យើង​ប្រព្រឹត្ត​អំពើ​ល្អ​ដែល​ព្រះ‌អង្គ​បាន​បម្រុង​ទុក​ជា​មុន​សម្រាប់​ឲ្យ​យើង​ប្រព្រឹត្ត​តាម។

11. ដូច្នេះ សូម​បង‌ប្អូន​ចង​ចាំ​ថា: ពី​ដើម បង‌ប្អូន​កើត​មក​ជា​សាសន៍​ដទៃ ហើយ​សាសន៍​យូដា​ដែល​ចាត់​ទុក​ថា​ខ្លួន​ជា «ពួក​កាត់​ស្បែក» ហៅ​បង‌ប្អូន​ថា «ពួក​មិន​កាត់​ស្បែក» ព្រោះ​គេ​សម្គាល់​ទៅ​លើ​សញ្ញា​មួយ​ដែល​គេ​ធ្វើ​លើ​រូប​កាយ។

12. កាល​ណោះ បង‌ប្អូន​នៅ​ឆ្ងាយ​ពី​ព្រះ‌គ្រិស្ដ គ្មាន​សិទ្ធិ​ចូល​ជាតិ​អ៊ីស្រា‌អែល គ្មាន​ទំនាក់‌ទំនង​អ្វី​នឹង​សម្ពន្ធ‌មេត្រី*ដែល​ចង​ឡើង​ដោយ​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌ជាម្ចាស់​ទេ បង‌ប្អូន​រស់​នៅ​ក្នុង​លោក​នេះ ដោយ​គ្មាន​ទី​សង្ឃឹម ហើយ​ក៏​គ្មាន​ព្រះ‌ជាម្ចាស់​ដែរ។

13. កាល​ពី​ដើម បង‌ប្អូន​នៅ​ឆ្ងាយ​មែន ក៏​ប៉ុន្តែ ឥឡូវ​នេះ ដោយ​បង‌ប្អូន​រួម​ក្នុង​អង្គ​ព្រះ‌យេស៊ូ​គ្រិស្ដ បង‌ប្អូន​បាន​មក​នៅ​ជិត​ដោយ‌សារ​ព្រះ‌លោហិត​របស់​ព្រះ‌គ្រិស្ដ។

14. គឺ​ព្រះ‌គ្រិស្ដ​ហើយ​ដែល​ជា​សន្តិ‌ភាព​របស់​យើង ព្រះ‌អង្គ​បាន​ប្រមូល​សាសន៍​ទាំង​ពីរឲ្យ​រួម​គ្នា​មក​ជា​ប្រជា‌រាស្ត្រ​តែ​មួយ។ ក្នុង​ព្រះ‌កាយ​របស់​ព្រះ‌អង្គ ព្រះ‌អង្គ​បាន​រំលំ​ជញ្ជាំង​ដែល​បំបាក់​បំបែក​យើង​ឲ្យ​ទៅ​ជា​បច្ចា​មិត្ត​នឹង​គ្នា។

អេភេសូ 2