អេភេសូ 1:1-7 Khmer Standard Version (KHSV)

1. ខ្ញុំ ប៉ូល ព្រះ‌ជាម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​តាំង​ជា​សាវ័ក*​របស់​ព្រះ‌គ្រិស្ដ*​យេស៊ូ សូម​ជម្រាប​មក​បង‌ប្អូន​ជា​ប្រជា‌រាស្ដ្រ​ដ៏‌វិសុទ្ធ [នៅ​ក្រុង​អេភេសូ] ដែល​ជឿ​លើ​ព្រះ‌គ្រិស្ដ‌យេស៊ូ។

2. សូម​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌បិតា​របស់​យើង និង​ព្រះ‌អម្ចាស់​យេស៊ូ​គ្រិស្ដ​ប្រទាន​ព្រះ‌គុណ និង​សេចក្ដី​សុខ‌សាន្ត​ដល់​បង‌ប្អូន។

3. សូម​លើក​តម្កើង​ព្រះ‌ជាម្ចាស់ ជា​ព្រះ‌បិតា​របស់​ព្រះ‌យេស៊ូ​គ្រិស្ដ ជា​ព្រះ‌អម្ចាស់​នៃ​យើង ដែល​បាន​ប្រោស​ប្រទាន​ព្រះ‌ពរ​គ្រប់​យ៉ាង​ផ្នែក​ខាង​វិញ្ញាណ​ពី​ស្ថាន​បរម‌សុខ*​មក​យើង ក្នុង​អង្គ​ព្រះ‌គ្រិស្ដ។

4. ព្រះ‌អង្គ​បាន​ជ្រើស‌រើស​យើង​ក្នុង​អង្គ​ព្រះ‌គ្រិស្ដ តាំង​ពី​មុន​កំណើត​ពិភព​លោក​មក​ម៉្លេះ ដើម្បី​ឲ្យ​យើង​បាន​វិសុទ្ធ* និង​ឥត​សៅ‌ហ្មង​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គ ព្រោះ​ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​ស្រឡាញ់​យើង។

5. ព្រះ‌អង្គ​បាន​តម្រូវ​យើង​ទុក​ជា​មុន ឲ្យ​ធ្វើ​ជា​បុត្រ​របស់​ព្រះ‌អង្គ ដោយ‌សារ​ព្រះ‌យេស៊ូ​គ្រិស្ដ ស្រប​នឹង​ព្រះ​បំណង​ដ៏​សប្បុរស​របស់​ព្រះ‌អង្គ

6. ដើម្បី​ឲ្យ​យើង​លើក​តម្កើង​សិរី‌រុងរឿង​នៃ​ព្រះ‌គុណ ដែល​ទ្រង់​បាន​ប្រោស​ប្រទាន​មក​យើង ក្នុង​អង្គ​ព្រះ‌បុត្រា​ដ៏​ជា​ទី​ស្រឡាញ់​របស់​ព្រះ‌អង្គ។

7. ដោយ​យើង​រួម​ក្នុង​អង្គ​ព្រះ‌គ្រិស្ដ​នេះ ព្រះ‌ជាម្ចាស់​បាន​លោះ​យើង ដោយ​ព្រះ‌លោហិត​របស់​ព្រះ‌អង្គ និង​លើក‌លែង​ទោស​ឲ្យ​យើង​បាន​រួច​ពី​បាប ស្រប​តាម​ព្រះ‌គុណ​ដ៏​លើស‌លប់​របស់​ព្រះ‌អង្គ។

អេភេសូ 1