1. ខ្ញុំ ប៉ូល ព្រះជាម្ចាស់សព្វព្រះហឫទ័យតាំងជាសាវ័ក*របស់ព្រះគ្រិស្ដ*យេស៊ូ សូមជម្រាបមកបងប្អូនជាប្រជារាស្ដ្រដ៏វិសុទ្ធ [នៅក្រុងអេភេសូ] ដែលជឿលើព្រះគ្រិស្ដយេស៊ូ។
2. សូមព្រះជាម្ចាស់ជាព្រះបិតារបស់យើង និងព្រះអម្ចាស់យេស៊ូគ្រិស្ដប្រទានព្រះគុណ និងសេចក្ដីសុខសាន្តដល់បងប្អូន។
3. សូមលើកតម្កើងព្រះជាម្ចាស់ ជាព្រះបិតារបស់ព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់នៃយើង ដែលបានប្រោសប្រទានព្រះពរគ្រប់យ៉ាងផ្នែកខាងវិញ្ញាណពីស្ថានបរមសុខ*មកយើង ក្នុងអង្គព្រះគ្រិស្ដ។
4. ព្រះអង្គបានជ្រើសរើសយើងក្នុងអង្គព្រះគ្រិស្ដ តាំងពីមុនកំណើតពិភពលោកមកម៉្លេះ ដើម្បីឲ្យយើងបានវិសុទ្ធ* និងឥតសៅហ្មងនៅចំពោះព្រះភ័ក្ត្រព្រះអង្គ ព្រោះព្រះអង្គមានព្រះហឫទ័យស្រឡាញ់យើង។
5. ព្រះអង្គបានតម្រូវយើងទុកជាមុន ឲ្យធ្វើជាបុត្ររបស់ព្រះអង្គ ដោយសារព្រះយេស៊ូគ្រិស្ដ ស្របនឹងព្រះបំណងដ៏សប្បុរសរបស់ព្រះអង្គ
6. ដើម្បីឲ្យយើងលើកតម្កើងសិរីរុងរឿងនៃព្រះគុណ ដែលទ្រង់បានប្រោសប្រទានមកយើង ក្នុងអង្គព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ។