16. ធម្មតា គេអាចចែកកេរមត៌កតាមពាក្យបណ្ដាំបាន លុះត្រាតែមានសេចក្ដីបញ្ជាក់ថា អ្នកដែលបានចែងពាក្យបណ្ដាំនោះស្លាប់ទៅហើយ
17. ព្រោះពាក្យបណ្ដាំអាចយកជាការបាន តែនៅពេលណាដែលម្ចាស់បណ្ដាំនោះស្លាប់ប៉ុណ្ណោះ បើម្ចាស់បណ្ដាំនៅរស់ គេពុំអាចអនុវត្តតាមពាក្យបណ្ដាំនោះបានឡើយ។
18. ហេតុនេះ សូម្បីតែសម្ពន្ធមេត្រីពីមុនក៏ចាប់ផ្ដើមយកជាការបាន ទាល់តែមានការបង្ហូរឈាម។
19. ពេលលោកម៉ូសេប្រកាសបទបញ្ជាទាំងអស់ ស្របតាមក្រឹត្យវិន័យ* ឲ្យប្រជាជនទាំងមូលស្ដាប់រួចហើយ លោកយករោមចៀមដែលជ្រលក់ពណ៌ក្រហម និងស្លឹកហ៊ីសុប មកជ្រលក់ឈាមកូនគោ ឈាមពពែឈ្មោល និងទឹកប្រោះលើគម្ពីរ ព្រមទាំងលើប្រជាជនទាំងមូល
20. លោកមានប្រសាសន៍ថា:«នេះជាលោហិតនៃសម្ពន្ធមេត្រី ដែលព្រះជាម្ចាស់បានបង្គាប់ឲ្យអ្នករាល់គ្នាកាន់តាម»។
21. បន្ទាប់មក លោកក៏បានប្រោះឈាមនោះលើព្រះពន្លា និងលើប្រដាប់ប្រដាទាំងអស់ ដែលប្រើប្រាស់សម្រាប់គោរពបម្រើព្រះជាម្ចាស់ដែរ។
22. តាមក្រឹត្យវិន័យ អ្វីៗស្ទើរតែទាំងអស់បានបរិសុទ្ធដោយសារឈាម ប្រសិនបើគ្មានការបង្ហូរឈាមទេ ក៏គ្មានការលើកលែងទោសដែរ។
23. អ្វីៗដែលគ្រាន់តែជាតំណាងតាមគំរូនៅស្ថានបរមសុខ* បានបរិសុទ្ធ* ដោយពិធីទាំងនេះទៅហើយ ចំណង់បើគំរូផ្ទាល់ដែលស្ថិតនៅស្ថានបរមសុខនោះវិញ ត្រូវតែមានយញ្ញបូជាដ៏ប្រសើរជាងនេះទៅទៀត ទើបបានបរិសុទ្ធ។
24. ព្រះគ្រិស្ដពុំបានយាងចូលក្នុងទីសក្ការៈសង់ឡើង ដោយស្នាដៃមនុស្ស ដែលគ្រាន់តែជាតំណាងនៃទីសក្ការៈដ៏ពិតប្រាកដនោះឡើយ គឺព្រះអង្គបានយាងទៅចូលក្នុងស្ថានបរមសុខតែម្ដង។ ឥឡូវនេះ ព្រះអង្គស្ថិតនៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ ដើម្បីជាប្រយោជន៍ដល់យើង។
25. ព្រះគ្រិស្ដពុំបានបូជាព្រះជន្មព្រះអង្គផ្ទាល់ច្រើនដង ដូចលោកមហាបូជាចារ្យ* ដែលតែងតែយកឈាមសត្វចូលទៅក្នុងទីសក្ការៈ ជារៀងរាល់ឆ្នាំនោះឡើយ។
26. បើព្រះអង្គបូជាព្រះជន្មច្រើនដង ព្រះអង្គមុខជាត្រូវរងទុក្ខលំបាកច្រើនលើកច្រើនសា តាំងពីកំណើតពិភពលោកមក។ តាមពិត នៅគ្រាចុងក្រោយនេះ ព្រះអង្គបានយាងមកតែម្ដងគត់ ដើម្បីលុបបំបាត់បាបដោយព្រះអង្គបានបូជាព្រះជន្ម។
27. មនុស្សលោកទាំងអស់ត្រូវស្លាប់តែមួយដង រួចត្រូវព្រះជាម្ចាស់វិនិច្ឆ័យទោសយ៉ាងណា
28. ព្រះគ្រិស្ដក៏បានថ្វាយព្រះជន្មរបស់ព្រះអង្គតែមួយដង ធ្វើជាយញ្ញបូជា ដើម្បីដកបាបចេញពីមនុស្សទាំងអស់យ៉ាងនោះដែរ។ ព្រះអង្គនឹងយាងមកម្ដងទៀត តែលើកនេះ គ្មានទាក់ទាមអ្វីនឹងបាបទេ គឺព្រះអង្គយាងមកសង្គ្រោះអស់អ្នកដែលទន្ទឹងរង់ចាំព្រះអង្គ។