13. ប្រសិនបើឈាមពពែឈ្មោល និងឈាមគោបា ព្រមទាំងផេះគោញីស្ទាវដែលគេបាចលើមនុស្សសៅហ្មង ធ្វើឲ្យរូបកាយគេបានបរិសុទ្ធ និងឲ្យគេទៅជាវិសុទ្ធយ៉ាងហ្នឹងទៅហើយ
14. ចំណង់បើព្រះលោហិតរបស់ព្រះគ្រិស្ដវិញ តើនឹងរឹតតែជម្រះមនសិការយើងឲ្យបានរួចផុតពីអំពើឥតបានការ ដើម្បីគោរពបម្រើព្រះជាម្ចាស់ដ៏មានព្រះជន្មរស់ខ្លាំងយ៉ាងណាទៅទៀត? គឺដោយសារព្រះវិញ្ញាណដែលគង់នៅអស់កល្បជានិច្ច ព្រះគ្រិស្ដបានថ្វាយព្រះអង្គផ្ទាល់ទៅព្រះជាម្ចាស់ ទុកដូចជាយញ្ញបូជាឥតសៅហ្មង។
15. ហេតុនេះ ព្រះអង្គជាស្ពាននៃសម្ពន្ធមេត្រីមួយថ្មី ដើម្បីឲ្យអស់អ្នកដែលព្រះជាម្ចាស់ត្រាស់ហៅ ទទួលមត៌កដ៏ស្ថិតស្ថេរអស់កល្បជានិច្ច តាមព្រះបន្ទូលសន្យាព្រោះព្រះគ្រិស្ដបានសោយទិវង្គត ដើម្បីលោះមនុស្សលោកឲ្យរួចផុតពីទោស ដែលគេបានប្រព្រឹត្តល្មើស កាលនៅក្រោមសម្ពន្ធមេត្រីទីមួយ។
16. ធម្មតា គេអាចចែកកេរមត៌កតាមពាក្យបណ្ដាំបាន លុះត្រាតែមានសេចក្ដីបញ្ជាក់ថា អ្នកដែលបានចែងពាក្យបណ្ដាំនោះស្លាប់ទៅហើយ
17. ព្រោះពាក្យបណ្ដាំអាចយកជាការបាន តែនៅពេលណាដែលម្ចាស់បណ្ដាំនោះស្លាប់ប៉ុណ្ណោះ បើម្ចាស់បណ្ដាំនៅរស់ គេពុំអាចអនុវត្តតាមពាក្យបណ្ដាំនោះបានឡើយ។
18. ហេតុនេះ សូម្បីតែសម្ពន្ធមេត្រីពីមុនក៏ចាប់ផ្ដើមយកជាការបាន ទាល់តែមានការបង្ហូរឈាម។
19. ពេលលោកម៉ូសេប្រកាសបទបញ្ជាទាំងអស់ ស្របតាមក្រឹត្យវិន័យ* ឲ្យប្រជាជនទាំងមូលស្ដាប់រួចហើយ លោកយករោមចៀមដែលជ្រលក់ពណ៌ក្រហម និងស្លឹកហ៊ីសុប មកជ្រលក់ឈាមកូនគោ ឈាមពពែឈ្មោល និងទឹកប្រោះលើគម្ពីរ ព្រមទាំងលើប្រជាជនទាំងមូល
20. លោកមានប្រសាសន៍ថា:«នេះជាលោហិតនៃសម្ពន្ធមេត្រី ដែលព្រះជាម្ចាស់បានបង្គាប់ឲ្យអ្នករាល់គ្នាកាន់តាម»។
21. បន្ទាប់មក លោកក៏បានប្រោះឈាមនោះលើព្រះពន្លា និងលើប្រដាប់ប្រដាទាំងអស់ ដែលប្រើប្រាស់សម្រាប់គោរពបម្រើព្រះជាម្ចាស់ដែរ។
22. តាមក្រឹត្យវិន័យ អ្វីៗស្ទើរតែទាំងអស់បានបរិសុទ្ធដោយសារឈាម ប្រសិនបើគ្មានការបង្ហូរឈាមទេ ក៏គ្មានការលើកលែងទោសដែរ។