ហេប្រឺ 9:11-26 Khmer Standard Version (KHSV)

11. រីឯ​ព្រះ‌គ្រិស្ដ​វិញ ព្រះ‌អង្គ​បាន​យាង​មក​ក្នុង​ឋានៈ​ជា​មហា​បូជា‌ចារ្យ ដែល​នាំ​ទៅ​កាន់​សម្បត្តិ​នៅ​លោក​ខាង​មុខ។ ព្រះ‌អង្គ​បាន​យាង​កាត់​ព្រះ‌ពន្លា​មួយ​ដ៏​ប្រសើរ​ឧត្ដម និង​ល្អ​គ្រប់​លក្ខណៈ​ជាង ជា​ព្រះ‌ពន្លា​ដែល​មិន​មែន​សង់​ឡើង​ដោយ​ដៃ​មនុស្ស ពោល​គឺ​មិន​មែន​ជា​ព្រះ‌ពន្លា​ដែល​ស្ថិត​នៅ​ក្នុង​លោក​នេះ​ឡើយ។

12. ព្រះ‌អង្គ​ពុំ​បាន​យក​ឈាម​ពពែ​ឈ្មោល ឬ​ឈាម​កូន​គោ​ទេ គឺ​យក​ព្រះ‌លោហិត​របស់​ព្រះ‌អង្គ​ផ្ទាល់ ចូល​ទៅ​ថ្វាយ​ក្នុង​ទី‌សក្ការៈ​ម្ដង​ជា​សូរេច ទាំង​លោះ​យើង​អស់‌កល្ប​ជា‌និច្ច​ផង។

13. ប្រសិន​បើ​ឈាម​ពពែ​ឈ្មោល និង​ឈាម​គោ​បា ព្រម​ទាំង​ផេះ​គោ​ញី​ស្ទាវ​ដែល​គេ​បាច​លើ​មនុស្ស​សៅ‌ហ្មង ធ្វើ​ឲ្យ​រូប​កាយ​គេ​បាន​បរិសុទ្ធ និង​ឲ្យ​គេ​ទៅ​ជា​វិសុទ្ធ​យ៉ាង​ហ្នឹង​ទៅ​ហើយ

14. ចំណង់​បើ​ព្រះ‌លោហិត​របស់​ព្រះ‌គ្រិស្ដ​វិញ តើ​នឹង​រឹត​តែ​ជម្រះ​មន‌សិការ​យើង​ឲ្យ​បាន​រួច​ផុត​ពី​អំពើ​ឥត​បាន​ការ ដើម្បី​គោរព​បម្រើ​ព្រះ‌ជាម្ចាស់​ដ៏​មាន​ព្រះ‌ជន្ម​រស់​ខ្លាំង​យ៉ាង​ណា​ទៅ​ទៀត? គឺ​ដោយ‌សារ​ព្រះ‌វិញ្ញាណ​ដែល​គង់​នៅ​អស់‌កល្ប​ជា‌និច្ច ព្រះ‌គ្រិស្ដ​បាន​ថ្វាយ​ព្រះ‌អង្គ​ផ្ទាល់​ទៅ​ព្រះ‌ជាម្ចាស់ ទុក​ដូច​ជា​យញ្ញ‌បូជា​ឥត​សៅ‌ហ្មង។

15. ហេតុ​នេះ ព្រះ‌អង្គ​ជា​ស្ពាន​នៃ​សម្ពន្ធ‌មេត្រី​មួយ​ថ្មី ដើម្បី​ឲ្យ​អស់​អ្នក​ដែល​ព្រះ‌ជាម្ចាស់​ត្រាស់​ហៅ ទទួល​មត៌ក​ដ៏​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច តាម​ព្រះ‌បន្ទូល​សន្យា​ព្រោះ​ព្រះ‌គ្រិស្ដ​បាន​សោយ​ទិវង្គត ដើម្បី​លោះ​មនុស្ស​លោក​ឲ្យ​រួច​ផុត​ពី​ទោស ដែល​គេ​បាន​ប្រព្រឹត្ត​ល្មើស កាល​នៅ​ក្រោម​សម្ពន្ធ‌មេត្រី​ទី​មួយ។

16. ធម្មតា គេ​អាច​ចែក​កេរ‌មត៌ក​តាម​ពាក្យ​បណ្ដាំ​បាន លុះ​ត្រា​តែ​មាន​សេចក្ដី​បញ្ជាក់​ថា អ្នក​ដែល​បាន​ចែង​ពាក្យ​បណ្ដាំ​នោះ​ស្លាប់​ទៅ​ហើយ

17. ព្រោះ​ពាក្យ​បណ្ដាំ​អាច​យក​ជា​ការ​បាន តែ​នៅ​ពេល​ណា​ដែល​ម្ចាស់​បណ្ដាំ​នោះ​ស្លាប់​ប៉ុណ្ណោះ បើ​ម្ចាស់​បណ្ដាំ​នៅ​រស់ គេ​ពុំ​អាច​អនុវត្ត​តាម​ពាក្យ​បណ្ដាំ​នោះ​បាន​ឡើយ។

18. ហេតុ​នេះ សូម្បី​តែ​សម្ពន្ធ‌មេត្រី​ពី​មុន​ក៏​ចាប់​ផ្ដើម​យក​ជា​ការ​បាន ទាល់​តែ​មាន​ការ​បង្ហូរ​ឈាម។

19. ពេល​លោក​ម៉ូសេ​ប្រកាស​បទ‌បញ្ជា​ទាំង​អស់ ស្រប​តាម​ក្រឹត្យ‌វិន័យ* ឲ្យ​ប្រជា‌ជន​ទាំង​មូល​ស្ដាប់​រួច​ហើយ លោក​យក​រោម​ចៀម​ដែល​ជ្រលក់​ពណ៌​ក្រហម និង​ស្លឹក​ហ៊ីសុប មក​ជ្រលក់​ឈាម​កូន​គោ ឈាម​ពពែ​ឈ្មោល និង​ទឹក​ប្រោះ​លើ​គម្ពីរ ព្រម​ទាំង​លើ​ប្រជា‌ជន​ទាំង​មូល

20. លោក​មាន​ប្រសាសន៍​ថា:«នេះ​ជា​លោហិត​នៃ​សម្ពន្ធ‌មេត្រី ដែល​ព្រះ‌ជាម្ចាស់​បាន​បង្គាប់​ឲ្យ​អ្នក​រាល់​គ្នា​កាន់​តាម»។

21. បន្ទាប់​មក លោក​ក៏​បាន​ប្រោះ​ឈាម​នោះ​លើ​ព្រះ‌ពន្លា និង​លើ​ប្រដាប់‌ប្រដា​ទាំង​អស់ ដែល​ប្រើ‌ប្រាស់​សម្រាប់​គោរព​បម្រើ​ព្រះ‌ជាម្ចាស់​ដែរ។

22. តាម​ក្រឹត្យ‌វិន័យ អ្វីៗ​ស្ទើរ​តែ​ទាំង​អស់​បាន​បរិសុទ្ធ​ដោយ‌សារ​ឈាម ប្រសិន​បើ​គ្មាន​ការ​បង្ហូរ​ឈាម​ទេ ក៏​គ្មាន​ការ​លើក‌លែង​ទោស​ដែរ។

23. អ្វីៗ​ដែល​គ្រាន់​តែ​ជា​តំណាង​តាម​គំរូ​នៅ​ស្ថាន​បរម​សុខ* បាន​បរិសុទ្ធ* ដោយ​ពិធី​ទាំង​នេះ​ទៅ​ហើយ ចំណង់​បើ​គំរូ​ផ្ទាល់​ដែល​ស្ថិត​នៅ​ស្ថាន​បរម​សុខ​នោះ​វិញ ត្រូវ​តែ​មាន​យញ្ញ‌បូជា​ដ៏​ប្រសើរ​ជាង​នេះ​ទៅ​ទៀត ទើប​បាន​បរិសុទ្ធ។

24. ព្រះ‌គ្រិស្ដ​ពុំ​បាន​យាង​ចូល​ក្នុង​ទី‌សក្ការៈ​សង់​ឡើង ដោយ​ស្នា​ដៃ​មនុស្ស ដែល​គ្រាន់​តែ​ជា​តំណាង​នៃ​ទី‌សក្ការៈ​ដ៏​ពិត​ប្រាកដ​នោះ​ឡើយ គឺ​ព្រះ‌អង្គ​បាន​យាង​ទៅ​ចូល​ក្នុង​ស្ថាន​បរម‌សុខ​តែ​ម្ដង។ ឥឡូវ​នេះ ព្រះ‌អង្គ​ស្ថិត​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់ ដើម្បី​ជា​ប្រយោជន៍​ដល់​យើង។

25. ព្រះ‌គ្រិស្ដ​ពុំ​បាន​បូជា​ព្រះ‌ជន្ម​ព្រះ‌អង្គ​ផ្ទាល់​ច្រើន​ដង ដូច​លោក​មហា​បូជា‌ចារ្យ* ដែល​តែងតែ​យក​ឈាម​សត្វ​ចូល​ទៅ​ក្នុង​ទី‌សក្ការៈ ជា​រៀង​រាល់​ឆ្នាំ​នោះ​ឡើយ។

26. បើ​ព្រះ‌អង្គ​បូជា​ព្រះ‌ជន្ម​ច្រើន​ដង ព្រះ‌អង្គ​មុខ​ជា​ត្រូវ​រង‌ទុក្ខ​លំបាក​ច្រើន​លើក​ច្រើន​សា តាំង​ពី​កំណើត​ពិភព​លោក​មក។ តាម​ពិត នៅ​គ្រា​ចុង​ក្រោយ​នេះ ព្រះ‌អង្គ​បាន​យាង​មក​តែ​ម្ដង​គត់ ដើម្បី​លុប​បំបាត់​បាប​ដោយ​ព្រះ‌អង្គ​បាន​បូជា​ព្រះ‌ជន្ម។

ហេប្រឺ 9