1. គោលដ៏សំខាន់បំផុតក្នុងសេចក្ដីដែលយើងកំពុងតែបរិយាយនេះ គឺថា យើងមានមហាបូជាចារ្យ*មួយ គង់នៅខាងស្ដាំបល្ល័ង្ករបស់ព្រះជាម្ចាស់ដ៏ឧត្ដុង្គឧត្ដមនៅស្ថានបរមសុខ។
2. ព្រះអង្គនៅបម្រើក្នុងទីសក្ការៈ* និងក្នុងព្រះពន្លា*ដ៏ពិតប្រាកដ ដែលព្រះអម្ចាស់បានដំឡើង គឺមិនមែនមនុស្សដំឡើងទេ។
3. ចំពោះមហាបូជាចារ្យគ្រប់ៗរូប គេតែងតាំងឲ្យថ្វាយតង្វាយ និងថ្វាយយញ្ញបូជា ដូច្នេះ លោកត្រូវតែរកអ្វីយកទៅថ្វាយជាចាំបាច់។
4. ប្រសិនបើព្រះគ្រិស្ដគង់នៅផែនដីនេះ ព្រះអង្គមិនមែនជាបូជាចារ្យទេ ព្រោះមានបូជាចារ្យឯទៀតៗសម្រាប់យកតង្វាយទៅថ្វាយ ស្របតាមក្រឹត្យវិន័យរួចស្រេចទៅហើយ។
5. អ្នកទាំងនោះធ្វើពិធីផ្សេងៗ តាមគំរូ និងតាមស្រមោលនៃពិធីនៅស្ថានបរមសុខ ដូចព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេ នៅពេលដែលហៀបនឹងសង់ព្រះពន្លាថា:«ចូរប្រុងប្រយ័ត្ន អ្នកត្រូវធ្វើសព្វគ្រប់ទាំងអស់ តាមគំរូដែលយើងបានបង្ហាញឲ្យអ្នកឃើញនៅលើភ្នំ»។
6. ឥឡូវនេះ ព្រះគ្រិស្ដបានទទួលមុខងារប្រសើរជាងបូជាចារ្យទាំងនោះទៅទៀត ព្រោះព្រះអង្គជាស្ពាននៃសម្ពន្ធមេត្រី*មួយប្រសើរជាង ជាសម្ពន្ធមេត្រីដែលចងឡើង ដោយសារព្រះបន្ទូលសន្យាដ៏ប្រសើរជាង។
7. ប្រសិនបើសម្ពន្ធមេត្រីមុនល្អឥតខ្ចោះហើយ មិនបាច់រកសម្ពន្ធមេត្រីទីពីរមកជំនួសឡើយ។
8. ព្រះជាម្ចាស់មានព្រះបន្ទូលស្ដីបន្ទោសប្រជារាស្ត្ររបស់ព្រះអង្គដូចតទៅ៖ ព្រះអម្ចាស់មានព្រះបន្ទូលថា «បន្តិចទៀត យើងនឹងចងសម្ពន្ធមេត្រីមួយថ្មី ជាមួយពូជពង្សរបស់អ៊ីស្រាអែល និងពូជពង្សរបស់យូដា។
9. សម្ពន្ធមេត្រីថ្មីនេះមិនដូចសម្ពន្ធមេត្រីដែល យើងបានចងជាមួយបុព្វបុរសរបស់គេ នៅថ្ងៃដែលយើងដឹកដៃបុព្វបុរសទាំងនោះ ចេញពីស្រុកអេស៊ីបឡើយ។ ពួកគេពុំបានគោរពតាមសម្ពន្ធមេត្រី ដែលយើងបានចងជាមួយគេនោះ ឲ្យបានខ្ជាប់ខ្ជួនទេ យើងក៏លែងរវីរវល់នឹងពួកគេដែរ» នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
10. ព្រះអម្ចាស់មានព្រះបន្ទូលថា «លុះគ្រានេះកន្លងផុតទៅ យើងនឹងចងសម្ពន្ធមេត្រីជាមួយពូជពង្ស អ៊ីស្រាអែលដូចតទៅ: យើងនឹងដាក់ក្រឹត្យវិន័យរបស់យើងទាំងប៉ុន្មាន ក្នុងប្រាជ្ញារបស់ពួកគេ យើងនឹងចារក្រឹត្យវិន័យទាំងនោះទុក នៅក្នុងចិត្តរបស់ពួកគេ យើងនឹងបានទៅជាព្រះរបស់ពួកគេ ហើយគេជាប្រជារាស្ត្ររបស់យើង។
11. ពេលនោះនឹងលែងមាននរណា បង្រៀនជនរួមជាតិរបស់ខ្លួន ហើយក៏លែងមាននរណានិយាយប្រាប់ បងប្អូនរបស់ខ្លួនថា “ត្រូវតែស្គាល់ព្រះអម្ចាស់” ទៀតហើយ ព្រោះតាំងពីអ្នកតូចបំផុតរហូតដល់អ្នកធំ គេនឹងស្គាល់យើងគ្រប់ៗគ្នា