3. ទ្រង់គ្មានមាតាបិតា និងគ្មានវង្សត្រកូលទេ ហើយជីវិតរបស់ស្ដេចក៏គ្មានដើមកំណើត និងចុងបញ្ចប់ដែរ។ ទ្រង់ដូចព្រះបុត្រារបស់ព្រះជាម្ចាស់ ហើយស្ថិតនៅជាបូជាចារ្យ*រហូតតរៀងទៅ។
4. សូមបងប្អូនពិចារណាមើលចុះ ព្រះបាទម៉ិលគីស្សាដែកនេះមានឋានៈធំប៉ុនណា បានជាលោកអប្រាហាំ បុព្វបុរស*របស់យើង យកអ្វីៗដែលលោករឹបអូសបានពីចំបាំង ចំនួនមួយភាគដប់មកថ្វាយដូច្នេះ!
5. អស់អ្នកក្នុងពូជពង្សរបស់លោកលេវី*ដែលបានទទួលមុខងារជាបូជាចារ្យ*នោះ ក៏បានទទួលបញ្ជាឲ្យហូតយកតង្វាយមួយភាគដប់*ពីប្រជាជន ស្របតាមក្រឹត្យវិន័យ* គឺហូតយកពីអស់អ្នកជាសាច់ឈាមរបស់ខ្លួន ដែលជាពូជពង្សរបស់លោកអប្រាហាំដូចគ្នា។
6. ចំណែកឯព្រះបាទម៉ិលគីស្សាដែកវិញ លោកគ្មានជាប់សាច់ញាតិអ្វីនឹងកូនចៅលោកលេវីទេ តែលោកបានយកទ្រព្យចំនួនមួយភាគដប់ពីលោកអប្រាហាំ! ទ្រង់ក៏ជូនពរដល់លោកអប្រាហាំ ដែលបានទទួលព្រះបន្ទូលសន្យា!
7. ធម្មតា អ្នកទទួលពរមានឋានៈតូចជាងអ្នកឲ្យពរ ត្រង់ចំណុចនេះ យើងពុំអាចប្រកែកបានឡើយ។
8. លោកលេវីដែលទទួលតង្វាយមួយភាគនោះ ជាមនុស្សតែងតែស្លាប់។ រីឯព្រះបាទម៉ិលគីស្សាដែកវិញ ទ្រង់មានព្រះជន្មរស់ដូចគម្ពីរបានបញ្ជាក់ស្រាប់។
9. យើងអាចពោលឲ្យអស់សេចក្ដីថា សូម្បីតែលោកលេវី ដែលតែងទទួលតង្វាយមួយភាគដប់ ក៏បានយកអ្វីៗមួយភាគដប់ ថ្វាយព្រះបាទម៉ិលគីស្សាដែក តាមរយៈលោកអប្រាហាំដែរ
10. ដ្បិតនៅពេលដែលព្រះបាទម៉ិលគីស្សាដែកទៅជួបលោកអប្រាហាំនោះ លោកលេវីស្ថិតនៅក្នុងលោកអប្រាហាំនៅឡើយ។
11. មុខងារបូជាចារ្យជាគ្រឹះនៃគម្ពីរវិន័យរបស់ប្រជារាស្ត្រអ៊ីស្រាអែល ប្រសិនបើមុខងារជាបូជាចារ្យបានគ្រប់លក្ខណៈ ដោយសារពួកលេវីហើយនោះ តើចាំបាច់តែងតាំងបូជាចារ្យមួយទៀត តាមរបៀបព្រះបាទម៉ិលគីស្សាដែកធ្វើអ្វី? ម្ដេចក៏មិននិយាយពីបូជាចារ្យតាមរបៀបលោកអើរ៉ុនទៅវិញ។
12. ប្រសិនបើមានការផ្លាស់ប្ដូរមុខងារបូជាចារ្យ នោះក៏ត្រូវតែមានការផ្លាស់ប្ដូរក្រឹត្យវិន័យដែរ។
13. រីឯបូជាចារ្យដែលមានចែងក្នុងអត្ថបទទាំងនេះ ទ្រង់កើតក្នុងកុលសម្ព័ន្ធមួយដែលគ្មាននរណាម្នាក់ធ្លាប់ធ្វើជាបូជាចារ្យឡើយ។
14. យើងសុទ្ធតែបានដឹងច្បាស់ទាំងអស់គ្នាថា ព្រះអម្ចាស់នៃយើងប្រសូតមកក្នុងកុលសម្ព័ន្ធ*យូដា។ ពេលលោកម៉ូសេនិយាយអំពីបូជាចារ្យ លោកពុំដែលនិយាយពីកុលសម្ព័ន្ធនេះទេ។
15. ប្រសិនបើមានការតែងតាំងបូជាចារ្យមួយរូបទៀត ដូចព្រះបាទម៉ិលគីស្សាដែក សេចក្ដីនេះក៏រឹតតែច្បាស់ជាងទៅទៀត។