ហេប្រឺ 7:2-6 Khmer Standard Version (KHSV)

2. លោក​អប្រាហាំ​បាន​យក​អ្វីៗ​ទាំង​អស់​ដែល​លោក​មាន​ចំនួន​មួយ​ភាគ​ដប់ មក​ថ្វាយ​ព្រះ‌បាទ​ម៉ិល‌គីស្សា‌ដែក។ ព្រះ‌នាម​របស់​ស្ដេច​អង្គ​នេះ​មាន​ន័យ​ថា «ស្ដេច​ប្រកប​ដោយ​សេចក្ដី​សុចរិត» ហើយ​ទ្រង់​ជា​ស្ដេច​ក្រុង​សាឡឹម​ថែម​ទៀត ដែល​មាន​ន័យ​ថា «ស្ដេច​នៃ​សេចក្ដី​សុខ‌សាន្ត»។

3. ទ្រង់​គ្មាន​មាតា‌បិតា និង​គ្មាន​វង្ស​ត្រកូល​ទេ ហើយ​ជីវិត​របស់​ស្ដេច​ក៏​គ្មាន​ដើម​កំណើត និង​ចុង​បញ្ចប់​ដែរ។ ទ្រង់​ដូច​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់ ហើយ​ស្ថិត​នៅ​ជា​បូជា‌ចារ្យ*​រហូត​ត​រៀង​ទៅ។

4. សូម​បង‌ប្អូន​ពិចារណា​មើល​ចុះ ព្រះ‌បាទ​ម៉ិល‌គីស្សា‌ដែក​នេះ​មាន​ឋានៈ​ធំ​ប៉ុន​ណា បាន​ជា​លោក​អប្រាហាំ បុព្វបុរស*​របស់​យើង យក​អ្វីៗ​ដែល​លោក​រឹប​អូស​បាន​ពី​ចំបាំង ចំនួន​មួយ​ភាគ​ដប់​មក​ថ្វាយ​ដូច្នេះ!

5. អស់​អ្នក​ក្នុង​ពូជ‌ពង្ស​របស់​លោក​លេវី*​ដែល​បាន​ទទួល​មុខ‌ងារ​ជា​បូជា‌ចារ្យ*​នោះ ក៏​បាន​ទទួល​បញ្ជា​ឲ្យ​ហូត​យក​តង្វាយ​មួយ​ភាគ​ដប់*​ពី​ប្រជា‌ជន ស្រប​តាម​ក្រឹត្យ‌វិន័យ* គឺ​ហូត​យក​ពី​អស់​អ្នក​ជា​សាច់​ឈាម​របស់​ខ្លួន ដែល​ជា​ពូជ‌ពង្ស​របស់​លោក​អប្រាហាំ​ដូច​គ្នា។

6. ចំណែក​ឯ​ព្រះ‌បាទ​ម៉ិល‌គីស្សា‌ដែក​វិញ លោក​គ្មាន​ជាប់​សាច់‌ញាតិ​អ្វី​នឹង​កូន​ចៅ​លោក​លេវី​ទេ តែ​លោក​បាន​យក​ទ្រព្យ​ចំនួន​មួយ​ភាគ​ដប់​ពី​លោក​អប្រាហាំ! ទ្រង់​ក៏​ជូន​ពរ​ដល់​លោក​អប្រាហាំ ដែល​បាន​ទទួល​ព្រះ‌បន្ទូល​សន្យា!

ហេប្រឺ 7