ហេប្រឺ 7:11-17 Khmer Standard Version (KHSV)

11. មុខ‌ងារ​បូជា‌ចារ្យ​ជា​គ្រឹះ​នៃ​គម្ពីរ‌វិន័យ​របស់​ប្រជា‌រាស្ត្រ​អ៊ីស្រា‌អែល ប្រសិន​បើ​មុខ‌ងារ​ជា​បូជា‌ចារ្យ​បាន​គ្រប់​លក្ខណៈ ដោយ‌សារ​ពួក​លេវី​ហើយ​នោះ តើ​ចាំ‌បាច់​តែង‌តាំង​បូជា‌ចារ្យ​មួយ​ទៀត តាម​របៀប​ព្រះ‌បាទ​ម៉ិល‌គីស្សា‌ដែក​ធ្វើ​អ្វី? ម្ដេច​ក៏​មិន​និយាយ​ពី​បូជា‌ចារ្យ​តាម​របៀប​លោក​អើរ៉ុន​ទៅ​វិញ។

12. ប្រសិន​បើ​មាន​ការ​ផ្លាស់​ប្ដូរ​មុខ‌ងារ​បូជា‌ចារ្យ នោះ​ក៏​ត្រូវ​តែ​មាន​ការ​ផ្លាស់​ប្ដូរ​ក្រឹត្យ‌វិន័យ​ដែរ។

13. រីឯ​បូជា‌ចារ្យ​ដែល​មាន​ចែង​ក្នុង​អត្ថ‌បទ​ទាំង​នេះ ទ្រង់​កើត​ក្នុង​កុល‌សម្ព័ន្ធ​មួយ​ដែល​គ្មាន​នរណា​ម្នាក់​ធ្លាប់​ធ្វើ​ជា​បូជា‌ចារ្យ​ឡើយ។

14. យើង​សុទ្ធ​តែ​បាន​ដឹង​ច្បាស់​ទាំង​អស់​គ្នា​ថា ព្រះ‌អម្ចាស់​នៃ​យើង​ប្រសូត​មក​ក្នុង​កុល‌សម្ព័ន្ធ*​យូដា។ ពេល​លោក​ម៉ូសេ​និយាយ​អំពី​បូជា‌ចារ្យ លោក​ពុំ​ដែល​និយាយ​ពី​កុល‌សម្ព័ន្ធ​នេះ​ទេ។

15. ប្រសិន​បើ​មាន​ការ​តែង‌តាំង​បូជា‌ចារ្យ​មួយ​រូប​ទៀត ដូច​ព្រះ‌បាទ​ម៉ិល‌គីស្សា‌ដែក សេចក្ដី​នេះ​ក៏​រឹត​តែ​ច្បាស់​ជាង​ទៅ​ទៀត។

16. ព្រះ‌អង្គមិន​បាន​ទទួល​មុខ‌ងារ​ជា​បូជា‌ចារ្យ តាម​វិន័យ ដែល​ជា​បទ‌បញ្ជា​របស់​មនុស្ស​ឡើយ គឺ​ទ្រង់​បាន​ទទួល​មុខ‌ងារ​នេះ តាម​ឫទ្ធា‌នុភាព​នៃ​ព្រះ‌ជន្ម​មិន​ចេះ​សាប‌សូន្យ

17. ដ្បិត​គម្ពីរ​បាន​ផ្ដល់​សក្ខីភាព​អំពី​ព្រះ‌អង្គ​ថា«ព្រះ‌អង្គ​ជា​បូជា‌ចារ្យ​អស់‌កល្ប​ត​រៀង​ទៅ តាម​របៀប​ព្រះ‌បាទ​ម៉ិល‌គីស្សា‌ដែក»។

ហេប្រឺ 7