10. ដ្បិតនៅពេលដែលព្រះបាទម៉ិលគីស្សាដែកទៅជួបលោកអប្រាហាំនោះ លោកលេវីស្ថិតនៅក្នុងលោកអប្រាហាំនៅឡើយ។
11. មុខងារបូជាចារ្យជាគ្រឹះនៃគម្ពីរវិន័យរបស់ប្រជារាស្ត្រអ៊ីស្រាអែល ប្រសិនបើមុខងារជាបូជាចារ្យបានគ្រប់លក្ខណៈ ដោយសារពួកលេវីហើយនោះ តើចាំបាច់តែងតាំងបូជាចារ្យមួយទៀត តាមរបៀបព្រះបាទម៉ិលគីស្សាដែកធ្វើអ្វី? ម្ដេចក៏មិននិយាយពីបូជាចារ្យតាមរបៀបលោកអើរ៉ុនទៅវិញ។
12. ប្រសិនបើមានការផ្លាស់ប្ដូរមុខងារបូជាចារ្យ នោះក៏ត្រូវតែមានការផ្លាស់ប្ដូរក្រឹត្យវិន័យដែរ។
13. រីឯបូជាចារ្យដែលមានចែងក្នុងអត្ថបទទាំងនេះ ទ្រង់កើតក្នុងកុលសម្ព័ន្ធមួយដែលគ្មាននរណាម្នាក់ធ្លាប់ធ្វើជាបូជាចារ្យឡើយ។
14. យើងសុទ្ធតែបានដឹងច្បាស់ទាំងអស់គ្នាថា ព្រះអម្ចាស់នៃយើងប្រសូតមកក្នុងកុលសម្ព័ន្ធ*យូដា។ ពេលលោកម៉ូសេនិយាយអំពីបូជាចារ្យ លោកពុំដែលនិយាយពីកុលសម្ព័ន្ធនេះទេ។
15. ប្រសិនបើមានការតែងតាំងបូជាចារ្យមួយរូបទៀត ដូចព្រះបាទម៉ិលគីស្សាដែក សេចក្ដីនេះក៏រឹតតែច្បាស់ជាងទៅទៀត។
16. ព្រះអង្គមិនបានទទួលមុខងារជាបូជាចារ្យ តាមវិន័យ ដែលជាបទបញ្ជារបស់មនុស្សឡើយ គឺទ្រង់បានទទួលមុខងារនេះ តាមឫទ្ធានុភាពនៃព្រះជន្មមិនចេះសាបសូន្យ
17. ដ្បិតគម្ពីរបានផ្ដល់សក្ខីភាពអំពីព្រះអង្គថា«ព្រះអង្គជាបូជាចារ្យអស់កល្បតរៀងទៅ តាមរបៀបព្រះបាទម៉ិលគីស្សាដែក»។
18. ដូច្នេះ បទបញ្ជាដែលមានពីមុនមកត្រូវលុបបំបាត់ចោលហើយ ព្រោះគ្មានប្រសិទ្ធភាព គ្មានសារប្រយោជន៍អ្វីទេ
19. ដ្បិតក្រឹត្យវិន័យពុំបានធ្វើឲ្យអ្វីមួយទៅជាគ្រប់លក្ខណៈឡើយ។ ម្យ៉ាងទៀត សេចក្ដីសង្ឃឹមមួយដ៏ប្រសើរជាងបានមកដល់ ហើយដោយសារសេចក្ដីសង្ឃឹមនេះ យើងអាចចូលទៅជិតព្រះជាម្ចាស់បាន។
20. លើសពីនេះ មានព្រះបន្ទូលសម្បថ។ បូជាចារ្យឯទៀតៗបានទទួលមុខងារជាបូជាចារ្យ ដោយគ្មានព្រះបន្ទូលសម្បថទេ។
21. រីឯព្រះយេស៊ូវិញ ទ្រង់បានទទួលមុខងារជាបូជាចារ្យ ដោយព្រះជាម្ចាស់ទ្រង់បានស្បថ គឺព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់ព្រះអង្គថា«“ព្រះអង្គជាបូជាចារ្យអស់កល្បជានិច្ច” ព្រះអម្ចាស់ទ្រង់បានស្បថ ហើយទ្រង់នឹងមិនប្រែប្រួលឡើយ»។
22. ដូច្នេះ ដោយមានព្រះបន្ទូលសម្បថយ៉ាងនេះ បានសេចក្ដីថា ព្រះយេស៊ូធានារ៉ាប់រងនូវសម្ពន្ធមេត្រី*មួយរឹតតែប្រសើរជាងទៅទៀត។
23. លើសពីនេះ មានគ្នាជាច្រើនបានធ្វើបូជាចារ្យតៗគ្នា ព្រោះពួកគេតែងតែស្លាប់ ពុំអាចធ្វើបូជាចារ្យជាអចិន្ត្រៃយ៍បានឡើយ។
24. រីឯព្រះយេស៊ូវិញ ព្រះអង្គមានមុខងារជាបូជាចារ្យ ដែលពុំអាចផ្ទេរទៅឲ្យនរណាបានទេ ព្រោះព្រះអង្គគង់នៅអស់កល្បជានិច្ច។