1. ហេតុនេះ ត្រូវឈោងចាប់យកសេចក្ដីណាដែលមានខ្លឹមសារ គ្រប់លក្ខណៈរបស់មនុស្សពេញវ័យ ដោយទុកសេចក្ដីផ្សេងៗនៅដើមដំបូងស្ដីអំពីព្រះគ្រិស្ដនោះសិន យើងមិនបាច់ចាក់គ្រឹះសាជាថ្មីទៀតទេ គឺដូចជានិយាយអំពីការកែប្រែចិត្តគំនិត ឈប់ប្រព្រឹត្តអំពើឥតបានការ អំពីជំនឿលើព្រះជាម្ចាស់
2. អំពីសេចក្ដីបង្រៀនពីការជ្រមុជផ្សេងៗ អំពីពិធីដាក់ដៃ* អំពីការរស់ឡើងវិញ ឬអំពីការវិនិច្ឆ័យទោសអស់កល្បជានិច្ចនោះឡើយ។
3. ប្រសិនបើព្រះជាម្ចាស់សព្វព្រះហឫទ័យ យើងនឹងបរិយាយអំពីសេចក្ដីដូចតទៅនេះ។
4. មានអ្នកខ្លះបានទទួលពន្លឺម្ដងរួចហើយ ថែមទាំងបានស្គាល់ឱជារសនៃព្រះអំណោយទានពីស្ថានបរមសុខ* បានរួមចំណែកជាមួយព្រះវិញ្ញាណដ៏វិសុទ្ធ*
5. ព្រមទាំងស្គាល់ឱជារសនៃព្រះបន្ទូលដ៏ល្អវិសេសរបស់ព្រះជាម្ចាស់ និងស្គាល់ឫទ្ធានុភាពទាំងឡាយនៃបរលោកទៀតផង។
6. ប្រសិនបើគេបែរជាធ្លាក់ខ្លួនបាត់ជំនឿវិញនោះ គេមុខជាពុំអាចកែប្រែចិត្តគំនិតសាជាថ្មីម្ដងទៀតបានឡើយ ដ្បិតខ្លួនគេផ្ទាល់បានឆ្កាងព្រះបុត្រារបស់ព្រះជាម្ចាស់សាជាថ្មី ព្រមទាំងបានបន្ថោកកិត្តិយសព្រះអង្គជាសាធារណៈផង។
7. ដីណាទទួលទឹកភ្លៀងដែលធ្លាក់មកជាញឹកញាប់ ហើយផ្ដល់ភោគផលល្អដល់អ្នកភ្ជួររាស់ ដីនោះក៏ទទួលព្រះពរពីព្រះជាម្ចាស់ដែរ។
8. ផ្ទុយទៅវិញ ប្រសិនបើដីនោះដុះសុទ្ធតែបន្លា និងអញ្ចាញ គេនឹងចាត់ទុកថាគ្មានតម្លៃ ជិតត្រូវបណ្ដាសា ហើយគេមុខជាដុតចោលមិនខាន។
9. ក៏ប៉ុន្តែ បងប្អូនដ៏ជាទីស្រឡាញ់អើយ ទោះបីយើងនិយាយបែបនេះក៏ដោយ ក៏យើងជឿជាក់ថា បងប្អូនស្ថិតនៅលើមាគ៌ាដ៏ល្អប្រសើរបំផុតឆ្ពោះទៅរកការសង្គ្រោះ
10. ដ្បិតព្រះជាម្ចាស់មិនមែនអយុត្ដិធម៌ទេ ទ្រង់មិនភ្លេចអំពើដែលបងប្អូនបានប្រព្រឹត្ត ហើយក៏មិនភ្លេចសេចក្ដីស្រឡាញ់ដែលបងប្អូនបានសម្តែងចំពោះព្រះនាមព្រះអង្គ ដោយបងប្អូនបានបម្រើប្រជាជនដ៏វិសុទ្ធ កាលពីដើម និងឥឡូវនេះដែរ។