1. គេជ្រើសរើសមហាបូជាចារ្យគ្រប់ៗរូបពីចំណោមមនុស្ស ហើយតែងតាំងសម្រាប់ឲ្យទាក់ទងជាមួយព្រះជាម្ចាស់ ដើម្បីជាប្រយោជន៍ដល់មនុស្សលោក ក្នុងការថ្វាយតង្វាយ និងថ្វាយយញ្ញបូជារំដោះបាបមនុស្ស។
2. លោកមហាបូជាចារ្យអាចមានអធ្យាស្រ័យដល់មនុស្សល្ងិតល្ងង់ និងមនុស្សវង្វេងបាន ព្រោះខ្លួនលោកផ្ទាល់ក៏ទន់ខ្សោយ
3. ហើយដោយលោកទន់ខ្សោយ ដូច្នេះ លោកត្រូវថ្វាយយញ្ញបូជាសម្រាប់ឲ្យខ្លួនលោកផ្ទាល់ និងប្រជារាស្ត្ររួចពីបាប។
4. គ្មាននរណាតាំងខ្លួនឯងឲ្យបំពេញមុខងារដ៏ប្រសើរនេះបានឡើយ គឺទាល់តែព្រះជាម្ចាស់ត្រាស់ហៅដូចលោកអើរ៉ុន ទើបបំពេញបាន។
5. រីឯព្រះគ្រិស្ដវិញក៏ដូច្នោះដែរ ព្រះអង្គពុំបានលើកតម្កើងព្រះអង្គផ្ទាល់ធ្វើជាមហាបូជាចារ្យឡើយ គឺព្រះជាម្ចាស់ទេតើដែលបានតែងតាំងព្រះអង្គ ដោយមានព្រះបន្ទូលមកកាន់ព្រះអង្គថា៖ «ព្រះអង្គជាបុត្ររបស់យើង គឺយើងហ្នឹងហើយដែលបាន ទទួលព្រះអង្គធ្វើជាបុត្រនៅថ្ងៃនេះ» ។
6. ព្រះជាម្ចាស់ក៏មានព្រះបន្ទូលនៅក្នុងវគ្គមួយទៀតថា៖ «ព្រះអង្គជាបូជាចារ្យអស់កល្បតរៀងទៅ តាមរបៀបព្រះបាទម៉ិលគីស្សាដែក» ។
7. កាលព្រះគ្រិស្ដរស់នៅក្នុងលោកនេះនៅឡើយ ព្រះអង្គបានបន្លឺសំឡេងយ៉ាងខ្លាំង និងបង្ហូរទឹកភ្នែក ទូលអង្វរ ទូលសូមព្រះជាម្ចាស់ ដែលអាចសង្គ្រោះព្រះអង្គឲ្យរួចពីស្លាប់។ ដោយព្រះគ្រិស្ដបានគោរពប្រណិប័តន៍ព្រះជាម្ចាស់ នោះព្រះជាម្ចាស់ក៏ប្រោសប្រទានតាមពាក្យទូលអង្វរ។
8. ថ្វីដ្បិតតែព្រះអង្គជាព្រះបុត្រាក៏ដោយ ក៏ព្រះអង្គបានរៀនស្ដាប់បង្គាប់ ដោយរងទុក្ខលំបាក។
9. បន្ទាប់ពីព្រះអង្គបានគ្រប់លក្ខណៈហើយ ទ្រង់ក៏បានទៅជាប្រភពនៃការសង្គ្រោះដ៏នៅស្ថិតស្ថេរអស់កល្បជានិច្ច សម្រាប់អស់អ្នកដែលស្ដាប់បង្គាប់ព្រះអង្គ
10. ហើយព្រះជាម្ចាស់ក៏ប្រកាសតែងតាំងព្រះអង្គជាមហាបូជាចារ្យ តាមរបៀបព្រះបាទម៉ិលគីស្សាដែកដែរ។
11. ត្រង់ចំណុចនេះ យើងមានសេចក្ដីជាច្រើនដែលត្រូវនិយាយ ជាសេចក្ដីដែលពិបាកពន្យល់ ព្រោះបងប្អូនបែរជាក្រនឹងយល់។
12. តាមពិត បងប្អូនគួរតែបានធ្វើជាគ្រូបង្រៀនគេ តាំងពីយូរយារណាស់មកហើយ ក៏ប៉ុន្តែ បងប្អូនត្រូវការឲ្យគេបង្រៀនអំពីសេចក្ដីខ្លះៗ ដែលនៅខាងដើមដំបូងនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើងវិញ បងប្អូនបែរជាត្រូវការទឹកដោះ គឺមិនមែនត្រូវការអាហាររឹងទេ។
13. អ្នកដែលត្រូវការទឹកដោះ ពុំអាចយល់ការប្រៀនប្រដៅអំពីសេចក្ដីសុចរិតបានឡើយ ព្រោះគេនៅជាកូនខ្ចី។
14. មានតែមនុស្សពេញវ័យប៉ុណ្ណោះ ដែលអាចទទួលអាហាររឹងបាន ព្រោះគេធ្លាប់មានការពិសោធ ចេះវែកញែក ស្គាល់ល្អ ស្គាល់អាក្រក់។