7. ព្រះអង្គក៏កំណត់យក“ថ្ងៃនេះ”មួយទៀត គឺព្រះអង្គមានព្រះបន្ទូលតាមរយៈព្រះបាទដាវីឌជាយូរអង្វែងក្រោយមកទៀត ដូចមានចែងទុកនៅខាងលើនេះស្រាប់ថា: «ថ្ងៃនេះ ប្រសិនបើអ្នករាល់គ្នាឮព្រះសូរសៀងរបស់ព្រះអង្គ មិនត្រូវមានចិត្តរឹងរូសឡើយ»។
8. ប្រសិនបើលោកយ៉ូស្វេនាំប្រជារាស្ដ្រឲ្យបានសម្រាកមែន ក្រោយមកទៀតនោះ ព្រះជាម្ចាស់មុខជាពុំមានព្រះបន្ទូលអំពីថ្ងៃមួយផ្សេងទៀតឡើយ។
9. ដូច្នេះ ព្រះជាម្ចាស់បានតម្រូវទុកឲ្យមានថ្ងៃសម្រាកមួយទៀត សម្រាប់ប្រជារាស្ដ្ររបស់ព្រះអង្គ ដូចព្រះអង្គសម្រាកនៅថ្ងៃទីប្រាំពីរដែរ
10. ដ្បិតអ្នកណាចូលទៅសម្រាកជាមួយព្រះជាម្ចាស់ អ្នកនោះបានបង្ហើយកិច្ចការរបស់ខ្លួន ដូចព្រះជាម្ចាស់បង្ហើយកិច្ចការរបស់ព្រះអង្គដែរ។
11. ហេតុនេះ យើងត្រូវតែខ្នះខ្នែងចូលទៅរកសម្រាកជាមួយព្រះអង្គនោះវិញ កុំឲ្យមាននរណាម្នាក់ធ្លាក់ខ្លួនទៅយកតម្រាប់តាមពួកអ្នកដែលមិនស្ដាប់បង្គាប់នោះឡើយ
12. ដ្បិតព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាព្រះបន្ទូលដ៏មានជីវិត និងមានមហិទ្ធិឫទ្ធិមុតជាងដាវមុខពីរទៅទៀត។ ព្រះបន្ទូលនេះចាក់ទម្លុះចូលទៅកាត់ព្រលឹង និងវិញ្ញាណដាច់ចេញពីគ្នា កាត់សន្លាក់ឆ្អឹង និងខួរឆ្អឹងចេញពីគ្នា។ ព្រះបន្ទូលវិនិច្ឆ័យឆន្ទៈ និងគំនិតនៅក្នុងជម្រៅចិត្តមនុស្ស។
13. គ្មានសត្វលោកណាមួយដែលព្រះបន្ទូលមើលមិនឃើញឡើយ ចំពោះព្រះនេត្ររបស់ព្រះអង្គ អ្វីៗទាំងអស់នៅទទេ ឥតបិទបាំងទាល់តែសោះ។ យើងត្រូវទូលរៀបរាប់ថ្វាយព្រះបន្ទូលពីគ្រប់កិច្ចការទាំងអស់។
14. ដោយយើងមានមហាបូជាចារ្យ*មួយរូបដ៏ប្រសើរឧត្ដម ដែលបានយាងកាត់ស្ថានបរមសុខ* គឺព្រះយេស៊ូជាព្រះបុត្រារបស់ព្រះជាម្ចាស់ យើងត្រូវតែកាន់ជំនឿដែលយើងប្រកាសនោះឲ្យបានមាំមួន
15. ដ្បិតយើងមានមហាបូជាចារ្យ ដែលអាចរួមសុខទុក្ខជាមួយយើង ជាមនុស្សទន់ខ្សោយ គឺព្រះអង្គក៏ត្រូវរងការល្បងលគ្រប់ចំពូកដូចយើងដែរ តែទ្រង់មិនបានប្រព្រឹត្តអំពើបាបសោះឡើយ
16. ហេតុនេះ យើងត្រូវចូលទៅកាន់បល្ល័ង្កនៃព្រះគុណ ទាំងទុកចិត្ត ដើម្បីឲ្យបានទទួលព្រះហឫទ័យមេត្តា និងព្រះគុណ ទុកជាជំនួយនៅពេលណាដែលយើងត្រូវការ។