ហេប្រឺ 4:1-10 Khmer Standard Version (KHSV)

1. ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌ជាម្ចាស់ ដែល​ថា​ឲ្យ​យើង​ចូល​ទៅ​សម្រាក​ជា​មួយ​ព្រះ‌អង្គ​នោះ នៅ​ស្ថិត‌ស្ថេរ​នៅ​ឡើយ ដូច្នេះ យើង​ត្រូវ​ភ័យ​ខ្លាច ក្រែង​លោ​មាន​បង‌ប្អូន​ណា​ម្នាក់​នឹក​ស្មាន​ថា​ខ្លួន​ចូល​ទៅ​មិន​ទាន់

2. ដ្បិត​យើង​ក៏​បាន​ទទួល​ដំណឹង‌ល្អ*​ដូច​ពួក​គេ​ដែរ។ ក៏​ប៉ុន្តែ ព្រះ‌បន្ទូល​ដែល​គេ​ស្ដាប់ គ្មាន​ប្រយោជន៍​អ្វី​ដល់​គេ​ទេ ព្រោះ​ព្រះ‌បន្ទូល​ដែល​គេ​បាន​ឮ​នោះ​ពុំ​បាន​ជ្រួត‌ជ្រាប​ចូល​ក្នុង​ចិត្ត​គេ ដោយ​ជំនឿ​ឡើយ។

3. ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថា «យើង​ខឹង​នឹង​ពួក​គេ ហើយ​ប្ដេជ្ញា​ថា មិន​ឲ្យ​ពួក​គេ​ចូល​មក​សម្រាក​ជា​មួយ​យើង​ជា​ដាច់​ខាត»។ ចំពោះ​យើង​ជា​អ្នក​ជឿ​វិញ យើង​បាន​ចូល​មក​សម្រាក​ជា​មួយ​ព្រះ‌អង្គ​ហើយ។ពិត​មែន​ហើយ ព្រះ‌ជាម្ចាស់​បាន​បង្ហើយ​កិច្ចការ​របស់​ព្រះ‌អង្គ តាំង​ពី​កំណើត​ពិភព​លោក​មក​ម៉្លេះ

4. ដ្បិត​មាន​ចែង​ទុក​ត្រង់​វគ្គ​មួយ​ស្ដី​អំពី​ថ្ងៃ​ទី​ប្រាំ‌ពីរ​ថា:ព្រះ‌ជាម្ចាស់​បង្ហើយ​កិច្ចការ​ទាំង​អស់​នៅ​ថ្ងៃ​ទី​ប្រាំ‌ពីរ រួច​ព្រះ‌អង្គ​ក៏​សម្រាក។

5. ក្នុង​អត្ថ‌បទ​គម្ពីរ​ខាង​លើ​នេះ​មាន​ចែង​សា​ជា​ថ្មី​ថា: «ពួក​គេ​នឹង​មិន​បាន​ចូល​ទៅ​សម្រាក​ជា​មួយ​យើង​ជា​ដាច់​ខាត»។

6. ព្រះ‌ជាម្ចាស់​បាន​តម្រូវ​ឲ្យ​អ្នក​ខ្លះ​ចូល​ទៅ​សម្រាក ក៏​ប៉ុន្តែ ដោយ​អស់​អ្នក​ដែល​ទទួល​ដំណឹង‌ល្អ​ពី​មុន​មិន​បាន​ចូល ព្រោះ​គេ​មិន​ស្ដាប់​បង្គាប់

7. ព្រះ‌អង្គ​ក៏​កំណត់​យក“ថ្ងៃ​នេះ”​មួយ​ទៀត គឺ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​តាម​រយៈ​ព្រះ‌បាទ​ដាវីឌ​ជា​យូរ​អង្វែង​ក្រោយ​មក​ទៀត ដូច​មាន​ចែង​ទុក​នៅ​ខាង​លើ​នេះ​ស្រាប់​ថា: «ថ្ងៃ​នេះ ប្រសិន​បើ​អ្នក​រាល់​គ្នា​ឮ​ព្រះ‌សូរសៀង​របស់​ព្រះ‌អង្គ មិន​ត្រូវ​មាន​ចិត្ត​រឹង‌រូស​ឡើយ»។

8. ប្រសិន​បើ​លោក​យ៉ូស្វេ​នាំ​ប្រជា‌រាស្ដ្រ​ឲ្យ​បាន​សម្រាក​មែន ក្រោយ​មក​ទៀត​នោះ ព្រះ‌ជាម្ចាស់​មុខ​ជា​ពុំ​មាន​ព្រះ‌បន្ទូល​អំពី​ថ្ងៃ​មួយ​ផ្សេង​ទៀត​ឡើយ។

9. ដូច្នេះ ព្រះ‌ជាម្ចាស់​បាន​តម្រូវ​ទុក​ឲ្យ​មាន​ថ្ងៃ​សម្រាក​មួយ​ទៀត សម្រាប់​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ ដូច​ព្រះ‌អង្គ​សម្រាក​នៅ​ថ្ងៃ​ទី​ប្រាំ‌ពីរ​ដែរ

10. ដ្បិត​អ្នក​ណា​ចូល​ទៅ​សម្រាក​ជា​មួយ​ព្រះ‌ជាម្ចាស់ អ្នក​នោះ​បាន​បង្ហើយ​កិច្ចការរបស់​ខ្លួន ដូច​ព្រះ‌ជាម្ចាស់​បង្ហើយ​កិច្ចការ​របស់​ព្រះ‌អង្គ​ដែរ។

ហេប្រឺ 4