3. អ្នកសង់ផ្ទះមានកិត្តិយស ប្រសើរលើសផ្ទះយ៉ាងណា ព្រះយេស៊ូក៏គួរនឹងទទួលសិរីរុងរឿងប្រសើរលើសលោកម៉ូសេយ៉ាងនោះដែរ
4. ដ្បិតផ្ទះទាំងឡាយសុទ្ធតែមានគេបានសង់ឡើង រីឯព្រះជាម្ចាស់វិញ ព្រះអង្គបានសង់គ្រប់អ្វីៗទាំងអស់។
5. ចំពោះលោកម៉ូសេ លោកមានចិត្តស្មោះត្រង់នឹងកិច្ចការក្នុងព្រះដំណាក់ទាំងមូល ក្នុងឋានៈលោកជាអ្នកបម្រើ ដើម្បីផ្ដល់សក្ខីភាពពីព្រះបន្ទូលដែលព្រះជាម្ចាស់នឹងថ្លែង។
6. រីឯព្រះគ្រិស្ដវិញ ព្រះអង្គមានព្រះហឫទ័យស្មោះត្រង់ ក្នុងឋានៈជាព្រះបុត្រា ដែលគ្រប់គ្រងលើព្រះដំណាក់ផ្ទាល់របស់ព្រះអង្គ គឺយើងទាំងអស់គ្នាហ្នឹងហើយជាព្រះដំណាក់របស់ព្រះអង្គ ប្រសិនបើយើងនៅកាន់ចិត្តរឹងប៉ឹង និងពឹងផ្អែកលើសេចក្ដីសង្ឃឹមរបស់យើងជាប់ជានិច្ចមែននោះ។
7. ហេតុនេះ ដូចព្រះវិញ្ញាណដ៏វិសុទ្ធ*មានព្រះបន្ទូលថា៖ «ថ្ងៃនេះ ប្រសិនបើអ្នករាល់គ្នាឮព្រះសូរសៀង របស់ព្រះអង្គ
8. មិនត្រូវមានចិត្តរឹងរូសដូចនៅគ្រាបះបោរ ក្នុងថ្ងៃដែលគេល្បងលព្រះអង្គ នៅវាលរហោស្ថាននោះឡើយ
9. បុព្វបុរសរបស់អ្នករាល់គ្នាបានល្បងលយើង ដើម្បីសាកមើលយើង ហើយគេឃើញកិច្ចការដែលយើងបានធ្វើ ក្នុងអំឡុងពេលសែសិបឆ្នាំ។
10. ហេតុនេះហើយបានជាយើងទាស់ចិត្តនឹង មនុស្សនៅជំនាន់នោះណាស់ ហើយយើងបានពោលថា: ចិត្តរបស់ពួកគេចេះតែវង្វេងរហូតទៅ គេពុំស្គាល់មាគ៌ារបស់យើងឡើយ
11. យើងខឹងនឹងពួកគេ ហើយប្ដេជ្ញា ថា មិនឲ្យពួកគេចូលមកសម្រាក ជាមួយយើងជាដាច់ខាត» ។
12. ដូច្នេះ បងប្អូនអើយ ចូរប្រយ័ត្នក្រែងលោនរណាម្នាក់ ក្នុងចំណោមបងប្អូន បែរជាមានចិត្តអាក្រក់លែងជឿ រហូតដល់ទៅងាកចេញពីព្រះជាម្ចាស់ដ៏មានព្រះជន្មរស់។
13. ផ្ទុយទៅវិញ ចូរដាស់តឿនគ្នាទៅវិញទៅមក ជារៀងរាល់ថ្ងៃ គឺគ្រប់ពេលដែលមានចែងក្នុងគម្ពីរថា«ថ្ងៃនេះ!» នៅឡើយ ដើម្បីកុំឲ្យបងប្អូនណាម្នាក់ប្រកាន់ចិត្តរឹងរូស ដោយចាញ់បោកបាប*។
14. ប្រសិនបើយើងរក្សាជំហររឹងប៉ឹង ដែលយើងមានតាំងពីដំបូងមក រហូតដល់ចុងបញ្ចប់មែននោះ យើងបានចូលរួមជាមួយព្រះគ្រិស្ដហើយ