2. ប្រសិនបើព្រះបន្ទូលដែលពួកទេវតាថ្លែងប្រាប់យកជាការបាន ហើយបើអ្នកដែលប្រព្រឹត្តល្មើស និងមិនស្ដាប់តាម បានទទួលទោសយ៉ាងហ្នឹងទៅហើយ
3. ចុះចំណង់បើយើងវិញ ធ្វើម្ដេចនឹងឲ្យរួចខ្លួនបាន បើយើងធ្វេសប្រហែសនឹងការសង្គ្រោះដ៏ថ្លៃវិសេសនេះ? ជាបឋម ព្រះអម្ចាស់បានថ្លែងអំពីការសង្គ្រោះ ហើយអស់អ្នកដែលបានស្ដាប់ក៏បញ្ជាក់ប្រាប់យើងដែរ។
4. ព្រះជាម្ចាស់ផ្ដល់សក្ខីភាពរួមជាមួយពួកគេ ដោយសម្តែងទីសម្គាល់ ឫទ្ធិបាដិហារិយ៍ ការអស្ចារ្យគ្រប់យ៉ាង ព្រមទាំងចែកព្រះអំណោយទានរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ*មក ស្របតាមព្រះហឫទ័យព្រះអង្គផង។
5. ព្រះជាម្ចាស់ពុំបានប្រគល់ឲ្យពួកទេវតា*ត្រួតត្រាពិភពលោកខាងមុខ ដូចយើងធ្លាប់និយាយនោះទេ។
6. ផ្ទុយទៅវិញ មានម្នាក់បានផ្ដល់សក្ខីភាពនៅក្នុងវគ្គមួយដែលចែងថា៖ «តើមនុស្សមានឋានៈអ្វីបានជាព្រះអង្គនឹក ដល់គេដូច្នេះ តើបុត្រមនុស្សជាអ្វីដែរបានជាព្រះអង្គយក ព្រះហឫទ័យទុកដាក់នឹងគេយ៉ាងនេះ»?
7. «ព្រះអង្គបានធ្វើឲ្យគេមានឋានៈទាបជាង ទេវតាតែមួយរយៈប៉ុណ្ណោះ ព្រះអង្គប្រទានសិរីរុងរឿង និងកិត្តិយសដល់គេ ទុកជាមកុដរាជ្យ
8. ព្រះអង្គបានបង្ក្រាបអ្វីៗទាំងអស់ឲ្យ នៅក្រោមជើងរបស់គេ» ។ព្រះជាម្ចាស់បានបង្ក្រាបអ្វីៗទាំងអស់ ឥតទុកឲ្យមានអ្វីមួយនៅសល់ ដែលពុំបានចុះចូលនោះឡើយ។ ក៏ប៉ុន្តែ នៅពេលនេះ យើងពុំឃើញថា អ្វីៗសព្វសារពើសុទ្ធតែបានចុះចូលនឹងអំណាចរបស់មនុស្សហើយនោះទេ
9. តែយើងឃើញថា ព្រះយេស៊ូដែលមានឋានៈទាបជាងពួកទេវតាមួយរយៈ ព្រោះទ្រង់បានរងទុក្ខ និងសោយទិវង្គតនោះ ឥឡូវនេះ ព្រះអង្គទទួលសិរីរុងរឿង និងព្រះកិត្តិនាមទុកជាមកុដរាជ្យ។ ដោយសារព្រះគុណរបស់ព្រះជាម្ចាស់ ព្រះគ្រិស្ដបានសោយទិវង្គតសម្រាប់មនុស្សគ្រប់ៗរូប។
10. អ្វីៗទាំងអស់មានជីវិតដោយសារព្រះជាម្ចាស់ និងសម្រាប់ព្រះអង្គ ទ្រង់សព្វព្រះហឫទ័យនឹងនាំបុត្រធីតាជាច្រើនឲ្យទទួលសិរីរុងរឿង ដូច្នេះ គួរគប្បីព្រះអង្គប្រោសប្រទានឲ្យម្ចាស់នៃការសង្គ្រោះបានគ្រប់លក្ខណៈ ដោយរងទុក្ខលំបាក។
11. ព្រះយេស៊ូដែលប្រោសមនុស្សឲ្យបានវិសុទ្ធ* និងមនុស្សដែលព្រះអង្គប្រោសឲ្យបានវិសុទ្ធនោះ ចេញមកពីប្រភពតែមួយ។ ហេតុនេះហើយបានជាព្រះយេស៊ូ មិនខ្មាសនឹងហៅគេថាជាបងប្អូនរបស់ព្រះអង្គឡើយ
12. គឺព្រះអង្គមានព្រះបន្ទូលថា៖ «ទូលបង្គំនឹងផ្សាយដំណឹងអំពីព្រះនាម របស់ព្រះអង្គឲ្យបងប្អូនទូលបង្គំស្គាល់ ទូលបង្គំនឹងច្រៀងលើកតម្កើងព្រះអង្គ នៅក្នុងអង្គប្រជុំ» ។