7. ចូរបងប្អូនគិតដល់អ្នកដឹកនាំបងប្អូន ដែលបានប្រកាសព្រះបន្ទូលរបស់ព្រះជាម្ចាស់ឲ្យបងប្អូនស្ដាប់។ ចូរពិចារណាមើលជីវិតរបស់លោកទាំងនោះដែលចប់របៀបណា ហើយយកតម្រាប់តាមជំនឿរបស់លោកទៅ។
8. ព្រះយេស៊ូគ្រិស្ដមិនប្រែប្រួលឡើយ ពីដើម សព្វថ្ងៃ និងរហូតដល់អស់កល្បជានិច្ច ព្រះអង្គនៅតែដដែល។
9. សូមកុំបណ្ដោយខ្លួនទៅតាមលទ្ធិផ្សេងៗពីខាងក្រៅឡើយ គួរគប្បីតាំងចិត្តគំនិតឲ្យបានរឹងប៉ឹងដោយសារព្រះគុណ គឺមិនមែនដោយកាន់វិន័យស្ដីអំពីអាហារទេ វិន័យទាំងនោះគ្មានប្រយោជន៍ដល់អ្នកដែលកាន់សោះ។
10. យើងមានអាសនៈមួយ ដែលពួកបូជាចារ្យធ្វើការក្នុងព្រះពន្លា* គ្មានសិទ្ធិនឹងយកតង្វាយពីអាសនៈនោះមកបរិភោគបានឡើយ។
11. លោកមហាបូជាចារ្យតែងយកឈាមសត្វចូលទៅថ្វាយព្រះជាម្ចាស់ក្នុងទីសក្ការៈ* ដើម្បីសុំឲ្យរួចពីបាប រីឯសាច់សត្វនោះវិញ គេយកទៅដុតខាងក្រៅជំរំ។
12. ព្រះយេស៊ូក៏ដូច្នោះដែរ ព្រះអង្គរងទុក្ខទោសនៅខាងក្រៅទីក្រុង ដើម្បីប្រោសប្រជាជនឲ្យបានវិសុទ្ធ ដោយសារព្រះលោហិតរបស់ព្រះអង្គផ្ទាល់។