ហេប្រឺ 13:19-25 Khmer Standard Version (KHSV)

19. ជា​ពិសេស ខ្ញុំ​សូម​អង្វរ​បង‌ប្អូន​មេត្តា​អធិស្ឋាន​ឲ្យ​ខ្ញុំ​អាច​វិល​ត្រឡប់​មក​រក​បង‌ប្អូន​វិញ ក្នុង​ពេល​ឆាប់ៗ។

20. ព្រះ‌ជាម្ចាស់​ជា​ប្រភព​នៃ​សេចក្ដី​សុខ‌សាន្ត​បាន​ប្រោស​ព្រះ‌យេស៊ូ ជា​ព្រះ‌អម្ចាស់​នៃ​យើង ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ។ ព្រះ‌គ្រិស្ដ​ជា​គង្វាល​ដ៏​ប្រសើរ​ឧត្ដម​របស់​ហ្វូង​ចៀម ព្រោះ​ព្រះ‌អង្គ​បាន​ចង​សម្ពន្ធ‌មេត្រី​មួយ​ថ្មី ដែល​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច ដោយ‌សារ​ព្រះ‌លោហិត​របស់​ព្រះ‌អង្គ។

21. សូម​ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​បង‌ប្អូន​មាន​សមត្ថ‌ភាព នឹង​ប្រព្រឹត្ត​អំពើ​ល្អ​គ្រប់​យ៉ាង តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ។ សូម​ព្រះ‌អង្គ​សម្រេច​ការ​អ្វី​ដែល​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អង្គ​នៅ​ក្នុង​យើង​តាម​រយៈ​ព្រះ‌យេស៊ូ​គ្រិស្ដ។ សូម​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌អង្គ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ! អាម៉ែន!

22. បង‌ប្អូន​អើយ ខ្ញុំ​សូម​អង្វរ​បង‌ប្អូន​ឲ្យ​ទទួល​ពាក្យ​ទូន្មាន​ទាំង​នេះ​ទៅ ដ្បិត​ខ្ញុំ​បាន​សរសេរ​មក​បង‌ប្អូន​ដោយ​ត្រួសៗ​ប៉ុណ្ណោះ។

23. សូម​ជ្រាប​ថា លោក​ធីម៉ូថេ ជា​បង‌ប្អូន​របស់​យើង បាន​រួច​ពី​ឃុំ‌ឃាំង​ហើយ។ ប្រសិន​បើ​គាត់​មក​ដល់​ឆាប់ៗ ខ្ញុំ​នឹង​មក​ជួប​បង‌ប្អូន​ជា​មួយ​គាត់​ដែរ។

24. សូម​ជម្រាប​សួរ​អ្នក​ដឹក​នាំ​ទាំង​អស់​របស់​បង‌ប្អូន ព្រម​ទាំង​ប្រជា‌ជន​ដ៏‌វិសុទ្ធ*​ទាំង​អស់​ផង។ បង‌ប្អូន​នៅ​ស្រុក​អ៊ីតា‌លី​ក៏​សូម​ជម្រាប​សួរ​មក​បង‌ប្អូន​ដែរ។

25. សូម​ឲ្យ​បង‌ប្អូន​ទាំង​អស់​គ្នា​បាន​ប្រកប​ដោយ​ព្រះ‌គុណ។

ហេប្រឺ 13