28. ដោយសារជំនឿ លោកបានធ្វើពិធីបុណ្យចម្លង* និងប្រោះឈាម ដើម្បីកុំឲ្យមច្ចុរាជ បៀតបៀនកូនច្បងរបស់ជនជាតិអ៊ីស្រាអែលបានឡើយ។
29. ដោយសារជំនឿ ជនជាតិអ៊ីស្រាអែលបានឆ្លងសមុទ្រក្រហមដូចដើរលើដីគោក រីឯជនជាតិអេស៊ីបដែលខំឆ្លងមកដែរ ត្រូវទឹកសមុទ្រគ្របពីលើស្លាប់អស់ទៅ។
30. ដោយសារជំនឿ ជនជាតិអ៊ីស្រាអែលនាំគ្នាដើរជុំវិញក្រុងយេរីខូចំនួនប្រាំពីរថ្ងៃ ហើយកំពែងក្រុងក៏រលំអស់។
31. ដោយសារជំនឿ នាងរ៉ាហាប ជាស្ត្រីពេស្យា ពុំបានវិនាសអន្តរាយជាមួយពួកអ្នកដែលប្រឆាំងនឹងព្រះជាម្ចាស់ឡើយ ព្រោះនាងបានទទួលពួកអ្នកស៊ើបការណ៍ដោយមេត្រីភាព។
32. តើខ្ញុំអាចនិយាយអ្វីទៀត? ខ្ញុំគ្មានពេលនឹងនិយាយអំពីរឿងលោកគេឌាន លោកបារ៉ាក់ លោកសាំសុន លោកយ៉ែបថា ព្រះបាទដាវីឌ លោកសាំយូអែល និងព្យាការីនានាទេ។
33. ដោយសារជំនឿ លោកទាំងនោះបានច្បាំងនឹងនគរផ្សេងៗ បានប្រព្រឹត្តអំពើសុចរិត បានទទួលអ្វីៗដែលព្រះជាម្ចាស់សន្យាប្រទានឲ្យ បានបិទមាត់សិង្ហ
34. បានពន្លត់ភ្លើងដែលឆេះសន្ធោសន្ធៅ បានគេចផុតពីមុខដាវ មានកម្លាំងឡើងវិញនៅពេលធ្លាក់ខ្លួនឈឺ ខ្លាំងពូកែនៅពេលច្បាំង ធ្វើឲ្យខ្មាំងសត្រូវបាក់ទ័ព។
35. ស្ត្រីៗបានឃើញក្រុមគ្រួសាររបស់ខ្លួនដែលស្លាប់ទៅហើយនោះ មានជីវិតរស់ឡើងវិញ។ អ្នកខ្លះសុខចិត្តឲ្យគេធ្វើទារុណកម្ម មិនព្រមឲ្យនរណាដោះលែងឡើយ ដើម្បីឲ្យបានជីវិតរស់ឡើងវិញដ៏ប្រសើរជាង។
36. អ្នកខ្លះទៀតសុខចិត្តឲ្យគេចំអកឡកឡឺយ ឲ្យគេវាយដំ ហើយថែមទាំងឲ្យគេដាក់ច្រវាក់ឃុំឃាំងថែមទៀតផង។