2. ព្រោះតែជំនឿហ្នឹងហើយបានជាចាស់ៗនៅជំនាន់ដើមបានទទួលកេរ្តិ៍ឈ្មោះល្អ។
3. ដោយសារជំនឿ យើងយល់ថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានបង្កើតពិភពលោកមក។ ដូច្នេះ អ្វីៗដែលយើងមើលឃើញ មិនមែនកើតចេញមកពីអ្វីៗដែលមានរូបរាងនោះឡើយ។
4. ដោយសារជំនឿ លោកអេបិលបានថ្វាយយញ្ញបូជាមួយទៅព្រះជាម្ចាស់ ជាយញ្ញបូជាប្រសើរជាងយញ្ញបូជារបស់លោកកាអ៊ីន។ ដោយសារជំនឿហ្នឹងហើយបានជាព្រះជាម្ចាស់ផ្ដល់សក្ខីភាពថា លោកជាមនុស្សសុចរិត។ ព្រះអង្គគាប់ព្រះហឫទ័យនឹងតង្វាយរបស់លោក ហើយដោយសារជំនឿ ទោះបីលោកអេបិលស្លាប់បាត់ទៅហើយក្ដី ក៏លោកនៅតែមានប្រសាសន៍នៅឡើយ។
5. ដោយសារជំនឿ លោកហេណុកត្រូវព្រះជាម្ចាស់លើកឡើងទៅស្ថានបរមសុខ រួចផុតពីសេចក្ដីស្លាប់ ហើយគ្មាននរណារកលោកឃើញទៀតឡើយ ព្រោះព្រះអង្គបានលើកលោកឡើងទៅ។ មុនពេលព្រះអង្គលើកលោកឡើងទៅនោះ លោកបានទទួលសក្ខីភាពថា ព្រះជាម្ចាស់គាប់ព្រះហឫទ័យនឹងលោក។
6. បើគ្មានជំនឿ គ្មាននរណាអាចគាប់ព្រះហឫទ័យព្រះអង្គបានឡើយ។ អ្នកចូលមកជិតព្រះជាម្ចាស់ត្រូវតែជឿថា ពិតជាមានព្រះជាម្ចាស់មែន ហើយជឿថាព្រះអង្គនឹងប្រទានរង្វាន់ដល់អស់អ្នកដែលស្វែងរកព្រះអង្គ។
7. ដោយសារជំនឿ លោកណូអេបានទទួលដំណឹងពីព្រះជាម្ចាស់អំពីហេតុការណ៍ ដែលពុំទាន់ឃើញមាននៅឡើយ លោកក៏ស្ដាប់តាម ដោយគោរពប្រណិប័តន៍ គឺលោកបានសង់ទូកមួយយ៉ាងធំ ដើម្បីសង្គ្រោះក្រុមគ្រួសាររបស់លោក។ ដូច្នេះ ដោយសារជំនឿ លោកបានដាក់ទោសពិភពលោក ហើយក៏បានទទួលសេចក្ដីសុចរិតទុកជាមត៌ក គឺជាសេចក្ដីសុចរិតដែលមកពីជំនឿ។
8. ដោយសារជំនឿ លោកអប្រាហាំស្ដាប់បង្គាប់ព្រះជាម្ចាស់ដែលបានត្រាស់ហៅលោក ហើយចេញដំណើរទៅកាន់ស្រុកមួយ ដែលលោកនឹងទទួលទុកជាមត៌ក។ លោកចេញដំណើរទៅ ទាំងពុំដឹងថាត្រូវទៅណាផង។
9. ដោយសារជំនឿ លោកបានមករស់នៅជាអាណិកជន ក្នុងស្រុក ដែលព្រះជាម្ចាស់បានសន្យាថានឹងប្រទានឲ្យ គឺលោកបានបោះជំរំនៅជាមួយលោកអ៊ីសាក និងលោកយ៉ាកុប ដែលត្រូវទទួលទឹកដីនោះជាមត៌ករួមជាមួយលោក តាមព្រះបន្ទូលសន្យាដដែល។
10. លោកអប្រាហាំទន្ទឹងរង់ចាំទទួលក្រុងមួយដែលនឹងមានគ្រឹះរឹងមាំមួន ជាក្រុងដែលព្រះជាម្ចាស់បានធ្វើគម្រោង និងសង់ឡើង។
11. ដោយសារជំនឿ លោកស្រីសារ៉ាអាចទទួលសមត្ថភាពនឹងមានកូនបន្ដពូជពង្សបាន ថ្វីដ្បិតតែគាត់មានវ័យចាស់ណាស់ហើយក៏ដោយ ព្រោះគាត់យល់ថា បើព្រះជាម្ចាស់សន្យាយ៉ាងណា ព្រះអង្គមុខជាធ្វើតាមយ៉ាងនោះដែរ។
12. ហេតុនេះហើយបានជាមានមនុស្សច្រើនឥតគណនា ដូចផ្កាយនៅលើមេឃ និងគ្រាប់ខ្សាច់នៅឆ្នេរសមុទ្រ កើតចេញមកពីមនុស្សតែម្នាក់ ដែលចាស់ជិតស្លាប់ទៅហើយនោះផង។