11. ដោយសារជំនឿ លោកស្រីសារ៉ាអាចទទួលសមត្ថភាពនឹងមានកូនបន្ដពូជពង្សបាន ថ្វីដ្បិតតែគាត់មានវ័យចាស់ណាស់ហើយក៏ដោយ ព្រោះគាត់យល់ថា បើព្រះជាម្ចាស់សន្យាយ៉ាងណា ព្រះអង្គមុខជាធ្វើតាមយ៉ាងនោះដែរ។
12. ហេតុនេះហើយបានជាមានមនុស្សច្រើនឥតគណនា ដូចផ្កាយនៅលើមេឃ និងគ្រាប់ខ្សាច់នៅឆ្នេរសមុទ្រ កើតចេញមកពីមនុស្សតែម្នាក់ ដែលចាស់ជិតស្លាប់ទៅហើយនោះផង។
13. បុព្វបុរសទាំងនេះបានស្លាប់ទៅ ទាំងនៅមានជំនឿដដែល ពួកលោកឥតបានទទួលអ្វីៗតាមព្រះបន្ទូលសន្យាទេ តែបានឃើញ និងអបអរទទួលពីចម្ងាយ ហើយប្រកាសទទួលស្គាល់ថាពួកលោកគ្រាន់តែជាជនបរទេស ដែលធ្វើដំណើរលើផែនដីនេះប៉ុណ្ណោះ។
14. អ្នកណានិយាយដូច្នេះបង្ហាញឲ្យឃើញច្បាស់ថា គេស្វែងរកមាតុភូមិមួយ។
15. ប្រសិនបើបុព្វបុរសទាំងនោះនឹកស្រុកដែលលោកបានចាកចេញមក លោកមុខជាមានឱកាសវិលត្រឡប់ទៅវិញពុំខាន។
16. តាមពិត ពួកលោកចង់បានមាតុភូមិមួយដ៏ល្អប្រសើរជាង គឺមាតុភូមិនៅស្ថានបរមសុខ*ឯណោះ។ ហេតុនេះហើយបានជាព្រះជាម្ចាស់ មិនខ្មាសនឹងឲ្យគេហៅព្រះអង្គថា ជាព្រះរបស់បុព្វបុរសទាំងនោះឡើយ ដ្បិតព្រះអង្គបានរៀបចំក្រុងមួយ សម្រាប់ពួកលោករួចទៅហើយ។
17. ដោយសារជំនឿ លោកអប្រាហាំបានយកអ៊ីសាកទៅថ្វាយជាយញ្ញបូជា នៅពេលព្រះជាម្ចាស់ល្បងលមើលចិត្តលោក។ លោកថ្វាយកូនតែមួយគត់របស់លោក ថ្វីដ្បិតតែលោកបានទទួលព្រះបន្ទូលសន្យា
18. ហើយថ្វីដ្បិតតែព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់លោកថា «អ៊ីសាកនឹងបន្ដពូជពង្សឲ្យអ្នក»ក៏ដោយ។
19. លោកយល់ឃើញថា ព្រះជាម្ចាស់មានឫទ្ធានុភាពអាចប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញបាន។ ហេតុនេះ លោកក៏បានទទួលកូនមកវិញ ដែលជានិមិត្តរូបមួយ។
20. ដោយសារជំនឿ លោកអ៊ីសាកបានឲ្យពរលោកយ៉ាកុប និងលោកអេសាវ ទុកសម្រាប់អនាគត។
21. ដោយសារជំនឿ ពេលលោកយ៉ាកុបហៀបនឹងទទួលមរណភាព លោកបានឲ្យពរដល់កូនៗរបស់លោកយ៉ូសែប ហើយលោកថ្វាយបង្គំព្រះជាម្ចាស់ ដោយបន្ទន់ខ្លួនលើឈើច្រត់។
22. ដោយសារជំនឿ ពេលលោកយ៉ូសែបជិតលាចាកលោកនេះទៅ លោកបានថ្លែងទុកថា កូនចៅអ៊ីស្រាអែលនឹងចាកចេញពីស្រុកអេស៊ីប ហើយលោកផ្ដាំគេឲ្យធ្វើយ៉ាងណាៗចំពោះធាតុរបស់លោក។
23. ដោយសារជំនឿ ពេលលោកម៉ូសេកើតមក ឪពុកម្ដាយបានលាក់លោកទុកចំនួនបីខែ ព្រោះឃើញទារកស្អាត ហើយគាត់មិនកោតខ្លាចបញ្ជារបស់ស្ដេចទេ។
24. ដោយសារជំនឿ លុះដល់ម៉ូសេធំពេញវ័យហើយ លោកមិនព្រមឲ្យគេហៅលោកថាជាកូនរបស់បុត្រីព្រះចៅផារ៉ោនទេ។
25. លោកសុខចិត្តស៊ូទ្រាំរងទុក្ខលំបាករួមជាមួយប្រជារាស្ដ្ររបស់ព្រះជាម្ចាស់ ជាជាងសប្បាយនឹងអំពើបាបតែមួយភ្លែត។
26. លោកយល់ឃើញថា លោករងការប្រមាថមើលងាយដូចព្រះគ្រិស្ដ ប្រសើរជាងបានទ្រព្យសម្បត្តិនានានៅស្រុកអេស៊ីប ដ្បិតលោកជាប់ចិត្តនឹងរង្វាន់ដែលនៅខាងមុខ។
27. ដោយសារជំនឿ លោកបានចាកចេញពីស្រុកអេស៊ីបឥតខ្លាចស្ដេចខ្ញាល់ឡើយ ដ្បិតលោកកាន់ចិត្តរឹងប៉ឹងហាក់បីដូចជាឃើញព្រះជាម្ចាស់ ដែលមនុស្សពុំអាចមើលឃើញ។
28. ដោយសារជំនឿ លោកបានធ្វើពិធីបុណ្យចម្លង* និងប្រោះឈាម ដើម្បីកុំឲ្យមច្ចុរាជ បៀតបៀនកូនច្បងរបស់ជនជាតិអ៊ីស្រាអែលបានឡើយ។
29. ដោយសារជំនឿ ជនជាតិអ៊ីស្រាអែលបានឆ្លងសមុទ្រក្រហមដូចដើរលើដីគោក រីឯជនជាតិអេស៊ីបដែលខំឆ្លងមកដែរ ត្រូវទឹកសមុទ្រគ្របពីលើស្លាប់អស់ទៅ។