5. ហេតុនេះ នៅពេលដែលព្រះគ្រិស្ដយាងចូលមកក្នុងពិភពលោក ព្រះអង្គមានព្រះបន្ទូលទៅកាន់ព្រះជាម្ចាស់ថា៖ «ព្រះអង្គមិនចង់បានយញ្ញបូជា ឬតង្វាយអ្វីទេ តែព្រះអង្គបានធ្វើរូបកាយមួយឲ្យទូលបង្គំ
6. ព្រះអង្គមិនសព្វព្រះហឫទ័យនឹងតង្វាយដុត ឬយញ្ញបូជាសុំឲ្យរួចពីបាបឡើយ
7. ដូច្នេះ ទូលបង្គំពោលថា: បពិត្រព្រះជាម្ចាស់ ឥឡូវនេះ ទូលបង្គំសូមមក ធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គ ស្របតាមសេចក្ដីដែលមានចែងទុកពីទូលបង្គំ នៅក្នុងគម្ពីរ» ។
8. ជាបឋម ព្រះគ្រិស្ដមានព្រះបន្ទូលថា «ព្រះអង្គមិនចង់បាន ហើយព្រះអង្គក៏មិនសព្វព្រះហឫទ័យនឹងយញ្ញបូជា តង្វាយផ្សេងៗ តង្វាយដុតទាំងមូល ឬយញ្ញបូជារំដោះបាប» ដែលគេថ្វាយទៅព្រះជាម្ចាស់ស្របតាមក្រឹត្យវិន័យដែរ។
9. បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលថា «ឥឡូវនេះ ទូលបង្គំសូមមកធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គ»។ ដូច្នេះ ព្រះអង្គបានលុបបំបាត់របៀបគោរពបម្រើព្រះជាម្ចាស់ពីមុនចោល ហើយយករបៀបថ្មីមកតាំងជំនួសវិញ។
10. ព្រះយេស៊ូគ្រិស្ដថ្វាយព្រះកាយរបស់ព្រះអង្គម្ដង ជាសូរេច តាមព្រះហឫទ័យព្រះជាម្ចាស់ ហេតុនេះហើយបានជាព្រះអង្គប្រោសយើងឲ្យបានវិសុទ្ធ។
11. បូជាចារ្យ*គ្រប់ៗរូបតែងតែឈរបំពេញមុខងាររបស់ខ្លួនជារៀងរាល់ថ្ងៃ ហើយថ្វាយយញ្ញបូជាដដែលៗជាញឹកញាប់ ជាយញ្ញបូជាដែលពុំអាចដកបាបបានជាដាច់ខាត។
12. រីឯព្រះគ្រិស្ដវិញ បន្ទាប់ពីព្រះអង្គបានថ្វាយយញ្ញបូជាតែមួយ ដើម្បីរំដោះបាបរួចហើយ ព្រះអង្គគង់នៅខាងស្ដាំព្រះជាម្ចាស់រហូតតទៅ។
13. ឥឡូវនេះ ព្រះអង្គរង់ចាំព្រះជាម្ចាស់បង្ក្រាបខ្មាំងសត្រូវរបស់ព្រះអង្គ ឲ្យចុះចូលក្រោមព្រះបាទាព្រះអង្គ។
14. ដោយសារតង្វាយតែមួយគត់ ព្រះគ្រិស្ដធ្វើឲ្យអស់អ្នកដែលទ្រង់បានប្រោសឲ្យវិសុទ្ធ*ហើយនោះ បានគ្រប់លក្ខណៈរហូតតទៅ។
15. ព្រះវិញ្ញាណដ៏វិសុទ្ធ*ក៏បានបញ្ជាក់ប្រាប់យើងដែរ គឺមុនដំបូង ព្រះអង្គមានព្រះបន្ទូលថា៖
16. «ព្រះអម្ចាស់មានព្រះបន្ទូលថា លុះគ្រានេះកន្លងផុតទៅ យើងនឹងចង សម្ពន្ធមេត្រីជាមួយគេដូចតទៅនេះ យើងនឹងដាក់ក្រឹត្យវិន័យទាំងប៉ុន្មានរបស់យើង ក្នុងចិត្តរបស់ពួកគេ យើងនឹងចារក្រឹត្យវិន័យ ទាំងនោះទុកក្នុងប្រាជ្ញារបស់ពួកគេដែរ»។
17. បន្ទាប់មក ព្រះវិញ្ញាណមានព្រះបន្ទូលបន្ថែមទៀតថា៖ «ហើយយើងក៏មិននឹកនាពីអំពើបាប និងអំពើទុច្ចរិតរបស់គេទៀតដែរ»។
18. ដូច្នេះ ប្រសិនបើព្រះជាម្ចាស់លើកលែងទោសហើយនោះ មិនបាច់ថ្វាយតង្វាយសុំឲ្យរួចពីបាបទៀតឡើយ។
19. ហេតុនេះ បងប្អូនអើយ យើងមានចិត្តរឹងប៉ឹង ចូលមកក្នុងទីសក្ការៈ ដោយសារព្រះលោហិតរបស់ព្រះយេស៊ូ
20. ព្រោះព្រះអង្គបានបើកមាគ៌ាមួយថ្មី ជាមាគ៌ាដែលមានជីវិត ដោយទ្រង់ឆ្លងកាត់វាំងនន ពោលគឺរូបកាយរបស់ព្រះអង្គ ដែលកើតមកជាមនុស្ស។
21. ដោយយើងមានមហាបូជាចារ្យ*មួយរូប ដែលគ្រប់គ្រងលើព្រះដំណាក់របស់ព្រះជាម្ចាស់ដូច្នេះ
22. យើងត្រូវនាំគ្នាចូលទៅជិតព្រះអង្គដោយចិត្តទៀងត្រង់ ពោរពេញដោយជំនឿមាំមួន និងមានចិត្តបរិសុទ្ធ ជ្រះស្រឡះពីគំនិតសៅហ្មង ព្រមទាំងមានរូបកាយលាងដោយទឹកដ៏បរិសុទ្ធផង។
23. ត្រូវរក្សាសេចក្ដីសង្ឃឹម ដែលយើងប្រកាសនោះឲ្យបានខ្ជាប់ខ្ជួន កុំឲ្យរង្គើឡើយ ដ្បិតព្រះជាម្ចាស់មានព្រះបន្ទូលសន្យាយ៉ាងណា ទ្រង់ក៏នឹងធ្វើតាមយ៉ាងនោះដែរ។