27. គឺមានតែភិតភ័យ រង់ចាំការវិនិច្ឆ័យទោស និងរង់ចាំភ្លើងដ៏សន្ធោសន្ធៅ ដែលចាំតែឆាបឆេះពួកអ្នកប្រឆាំងប៉ុណ្ណោះ!
28. នរណាម្នាក់បំពានលើវិន័យរបស់លោកម៉ូសេ ហើយបើមានសាក្សីពីរ ឬបីនាក់ដឹងឮ គេមុខជាប្រហារជីវិតអ្នកនោះឥតត្រាប្រណីឡើយ។
29. ចុះចំណង់បើអ្នកដែលមើលងាយព្រះបុត្រារបស់ព្រះជាម្ចាស់ ដោយបន្ថោកព្រះលោហិតនៃសម្ពន្ធមេត្រី ជាព្រះលោហិតដែលប្រោសឲ្យគេបានទៅជាវិសុទ្ធ* ហើយប្រសិនបើគេត្មះតិះដៀលព្រះវិញ្ញាណនៃព្រះគុណ សូមបងប្អូនគិតមើល៍ តើគេនឹងត្រូវទទួលទោសខ្លាំងយ៉ាងណាទៅទៀត!
30. ដ្បិតយើងស្គាល់ព្រះជាម្ចាស់ដែលមានព្រះបន្ទូលថា«ការសងសឹកស្រេចតែនៅលើយើង គឺយើងទេតើដែលនឹងតបស្នងដល់គេ» ហើយ «ព្រះអម្ចាស់នឹងវិនិច្ឆ័យទោសប្រជារាស្ដ្ររបស់ព្រះអង្គ»។
31. គ្មានអ្វីគួរឲ្យភ័យខ្លាចជាងត្រូវព្រះដ៏មានព្រះជន្មគង់នៅ វិនិច្ឆ័យទោសឡើយ!
32. ក៏ប៉ុន្តែ សូមនឹកចាំពីគ្រាដំបូង ដែលបងប្អូនទើបនឹងទទួលពន្លឺពីព្រះជាម្ចាស់ថ្មីៗ។ ពេលនោះ បងប្អូនបានតស៊ូយ៉ាងខ្លាំង ហើយបងប្អូនក៏បានរងទុក្ខលំបាកជាច្រើន
33. ពេលខ្លះ បងប្អូនត្រូវគេប្រមាថមើលងាយ ធ្វើបាបនៅមុខប្រជុំជន និងពេលខ្លះទៀត បងប្អូនរួមទុក្ខជាមួយអ្នកដែលត្រូវគេធ្វើបាបដែរ។
34. បងប្អូនបានរួមទុក្ខជាមួយអស់អ្នកដែលជាប់ឃុំឃាំង បងប្អូនសុខចិត្តឲ្យគេរឹបអូសយកទ្រព្យសម្បត្តិរបស់បងប្អូន ដោយរីករាយ ដ្បិតបងប្អូនដឹងថា បងប្អូនមានសម្បត្តិសួគ៌ដែលប្រសើរជាង ហើយនៅស្ថិតស្ថេររហូត។
35. ហេតុនេះ សូមបងប្អូនកុំលះបង់ចិត្តរឹងប៉ឹង ដែលនឹងធ្វើឲ្យបងប្អូនទទួលរង្វាន់យ៉ាងធំនោះឡើយ
36. គឺត្រូវមានចិត្តស៊ូទ្រាំ ដើម្បីធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងទទួលផល តាមព្រះបន្ទូលសន្យា
37. ដ្បិតនៅតែបន្តិចទៀត គឺក្នុងពេលឆាប់ៗខាងមុខ ព្រះអង្គដែលត្រូវយាងមក ទ្រង់នឹងយាងមកដល់ជាមិនខាន ព្រះអង្គមិនបង្អង់ឡើយ។
38. «រីឯអ្នកសុចរិតជាកូនចៅរបស់យើងវិញ គេនឹងមានជីវិតរស់ដោយសារជំនឿ តែបើគេថយក្រោយ យើងលែងពេញចិត្តនឹងគេហើយ» ។