ហេប្រឺ 10:21-35 Khmer Standard Version (KHSV)

21. ដោយ​យើង​មាន​មហា​បូជា‌ចារ្យ*​មួយ​រូប ដែល​គ្រប់‌គ្រង​លើ​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់​ដូច្នេះ

22. យើង​ត្រូវ​នាំ​គ្នា​ចូល​ទៅ​ជិត​ព្រះ‌អង្គ​ដោយ​ចិត្ត​ទៀង​ត្រង់ ពោរ‌ពេញ​ដោយ​ជំនឿ​មាំ‌មួន និង​មាន​ចិត្ត​បរិសុទ្ធ ជ្រះ‌ស្រឡះ​ពី​គំនិត​សៅ‌ហ្មង ព្រម​ទាំង​មាន​រូប​កាយ​លាង​ដោយ​ទឹក​ដ៏​បរិសុទ្ធ​ផង។

23. ត្រូវ​រក្សា​សេចក្ដី​សង្ឃឹម ដែល​យើង​ប្រកាស​នោះ​ឲ្យ​បាន​ខ្ជាប់ខ្ជួន កុំ​ឲ្យ​រង្គើ​ឡើយ ដ្បិត​ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​សន្យា​យ៉ាង​ណា ទ្រង់​ក៏​នឹង​ធ្វើ​តាម​យ៉ាង​នោះ​ដែរ។

24. តោង​យើង​មើល​ថែ‌រក្សា​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ជួយ​ដាស់‌តឿន​គ្នា​ឲ្យ​មាន​ចិត្ត​ស្រឡាញ់ និង​ប្រព្រឹត្ត​អំពើ​ល្អ។

25. មិន​ត្រូវ​លះ‌បង់​ការ​ប្រជុំ​គ្នា ដូច​អ្នក​ខ្លះ​ធ្លាប់​ធ្វើ​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ យើង​ត្រូវ​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ឲ្យ​រឹត​តែ​ខ្លាំង​ឡើង ដោយ​ឃើញ​ថា ថ្ងៃ​នៃ​ព្រះ‌អម្ចាស់​កាន់​តែ​ជិត​មក​ដល់​ហើយ។

26. ក្រោយ​ពី​យើង​បាន​ស្គាល់​សេចក្ដី​ពិត​ច្បាស់​ហើយ ប្រសិន​បើ​យើង​ប្រព្រឹត្ត​អំពើ​បាប​ដោយ​ចេតនា​នោះ មុខ​ជា​គ្មាន​យញ្ញ‌បូជា​ណា​អាច​ធ្វើ​ឲ្យ​យើង​រួច​ពី​បាប​បាន​ទៀត​ឡើយ

27. គឺ​មាន​តែ​ភិត‌ភ័យ រង់‌ចាំ​ការ​វិនិច្ឆ័យ​ទោស និង​រង់‌ចាំ​ភ្លើង​ដ៏​សន្ធោ‌សន្ធៅ ដែល​ចាំ​តែ​ឆាប​ឆេះ​ពួក​អ្នក​ប្រឆាំង​ប៉ុណ្ណោះ!

28. នរណា​ម្នាក់​បំពាន​លើ​វិន័យ​របស់​លោក​ម៉ូសេ ហើយ​បើ​មាន​សាក្សី​ពីរ ឬ​បី​នាក់​ដឹង​ឮ គេ​មុខ​ជា​ប្រហារ​ជីវិត​អ្នក​នោះ​ឥត​ត្រា​ប្រណី​ឡើយ។

29. ចុះ​ចំណង់​បើ​អ្នក​ដែល​មើល‌ងាយ​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់ ដោយ​បន្ថោក​ព្រះ‌លោហិត​នៃ​សម្ពន្ធ‌មេត្រី ជា​ព្រះ‌លោហិត​ដែល​ប្រោស​ឲ្យ​គេ​បាន​ទៅ​ជា​វិសុទ្ធ* ហើយ​ប្រសិន​បើ​គេ​ត្មះ‌តិះ‌ដៀល​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌គុណ សូម​បង‌ប្អូន​គិត​មើល៍ តើ​គេ​នឹង​ត្រូវ​ទទួល​ទោស​ខ្លាំង​យ៉ាង​ណា​ទៅ​ទៀត!

30. ដ្បិត​យើង​ស្គាល់​ព្រះ‌ជាម្ចាស់​ដែល​មាន​ព្រះ‌បន្ទូល​ថា«ការ​សង‌សឹក​ស្រេច​តែ​នៅ​លើ​យើង គឺ​យើង​ទេ​តើ​ដែល​នឹង​តប​ស្នង​ដល់​គេ» ហើយ «ព្រះ‌អម្ចាស់​នឹង​វិនិច្ឆ័យ​ទោស​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ»។

31. គ្មាន​អ្វី​គួរ​ឲ្យ​ភ័យ​ខ្លាច​ជាង​ត្រូវ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ វិនិច្ឆ័យ​ទោស​ឡើយ!

32. ក៏​ប៉ុន្តែ សូម​នឹក​ចាំ​ពី​គ្រា​ដំបូង ដែល​បង‌ប្អូន​ទើប​នឹង​ទទួល​ពន្លឺ​ពី​ព្រះ‌ជាម្ចាស់​ថ្មីៗ។ ពេល​នោះ បង‌ប្អូន​បាន​តស៊ូ​យ៉ាង​ខ្លាំង ហើយ​បង‌ប្អូន​ក៏​បាន​រង‌ទុក្ខ​លំបាក​ជា​ច្រើន

33. ពេល​ខ្លះ បង‌ប្អូន​ត្រូវ​គេ​ប្រមាថ​មើល‌ងាយ ធ្វើ​បាប​នៅ​មុខ​ប្រជុំ​ជន និង​ពេល​ខ្លះ​ទៀត បង‌ប្អូន​រួម​ទុក្ខ​ជា​មួយ​អ្នក​ដែល​ត្រូវ​គេ​ធ្វើ​បាប​ដែរ។

34. បង‌ប្អូន​បាន​រួម​ទុក្ខ​ជា​មួយ​អស់​អ្នក​ដែល​ជាប់​ឃុំ‌ឃាំង បង‌ប្អូន​សុខ​ចិត្ត​ឲ្យ​គេ​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​របស់​បង‌ប្អូន ដោយ​រីក‌រាយ ដ្បិត​បង‌ប្អូន​ដឹង​ថា បង‌ប្អូន​មាន​សម្បត្តិ​សួគ៌​ដែល​ប្រសើរ​ជាង ហើយ​នៅ​ស្ថិត‌ស្ថេរ​រហូត។

35. ហេតុ​នេះ សូម​បង‌ប្អូន​កុំ​លះ‌បង់​ចិត្ត​រឹង‌ប៉ឹង ដែល​នឹង​ធ្វើ​ឲ្យ​បង‌ប្អូន​ទទួល​រង្វាន់​យ៉ាង​ធំ​នោះ​ឡើយ

ហេប្រឺ 10