17. បន្ទាប់មក ព្រះវិញ្ញាណមានព្រះបន្ទូលបន្ថែមទៀតថា៖ «ហើយយើងក៏មិននឹកនាពីអំពើបាប និងអំពើទុច្ចរិតរបស់គេទៀតដែរ»។
18. ដូច្នេះ ប្រសិនបើព្រះជាម្ចាស់លើកលែងទោសហើយនោះ មិនបាច់ថ្វាយតង្វាយសុំឲ្យរួចពីបាបទៀតឡើយ។
19. ហេតុនេះ បងប្អូនអើយ យើងមានចិត្តរឹងប៉ឹង ចូលមកក្នុងទីសក្ការៈ ដោយសារព្រះលោហិតរបស់ព្រះយេស៊ូ
20. ព្រោះព្រះអង្គបានបើកមាគ៌ាមួយថ្មី ជាមាគ៌ាដែលមានជីវិត ដោយទ្រង់ឆ្លងកាត់វាំងនន ពោលគឺរូបកាយរបស់ព្រះអង្គ ដែលកើតមកជាមនុស្ស។
21. ដោយយើងមានមហាបូជាចារ្យ*មួយរូប ដែលគ្រប់គ្រងលើព្រះដំណាក់របស់ព្រះជាម្ចាស់ដូច្នេះ
22. យើងត្រូវនាំគ្នាចូលទៅជិតព្រះអង្គដោយចិត្តទៀងត្រង់ ពោរពេញដោយជំនឿមាំមួន និងមានចិត្តបរិសុទ្ធ ជ្រះស្រឡះពីគំនិតសៅហ្មង ព្រមទាំងមានរូបកាយលាងដោយទឹកដ៏បរិសុទ្ធផង។
23. ត្រូវរក្សាសេចក្ដីសង្ឃឹម ដែលយើងប្រកាសនោះឲ្យបានខ្ជាប់ខ្ជួន កុំឲ្យរង្គើឡើយ ដ្បិតព្រះជាម្ចាស់មានព្រះបន្ទូលសន្យាយ៉ាងណា ទ្រង់ក៏នឹងធ្វើតាមយ៉ាងនោះដែរ។
24. តោងយើងមើលថែរក្សាគ្នាទៅវិញទៅមក ដើម្បីជួយដាស់តឿនគ្នាឲ្យមានចិត្តស្រឡាញ់ និងប្រព្រឹត្តអំពើល្អ។
25. មិនត្រូវលះបង់ការប្រជុំគ្នា ដូចអ្នកខ្លះធ្លាប់ធ្វើនោះឡើយ ផ្ទុយទៅវិញ យើងត្រូវលើកទឹកចិត្តគ្នាទៅវិញទៅមកឲ្យរឹតតែខ្លាំងឡើង ដោយឃើញថា ថ្ងៃនៃព្រះអម្ចាស់កាន់តែជិតមកដល់ហើយ។
26. ក្រោយពីយើងបានស្គាល់សេចក្ដីពិតច្បាស់ហើយ ប្រសិនបើយើងប្រព្រឹត្តអំពើបាបដោយចេតនានោះ មុខជាគ្មានយញ្ញបូជាណាអាចធ្វើឲ្យយើងរួចពីបាបបានទៀតឡើយ
27. គឺមានតែភិតភ័យ រង់ចាំការវិនិច្ឆ័យទោស និងរង់ចាំភ្លើងដ៏សន្ធោសន្ធៅ ដែលចាំតែឆាបឆេះពួកអ្នកប្រឆាំងប៉ុណ្ណោះ!
28. នរណាម្នាក់បំពានលើវិន័យរបស់លោកម៉ូសេ ហើយបើមានសាក្សីពីរ ឬបីនាក់ដឹងឮ គេមុខជាប្រហារជីវិតអ្នកនោះឥតត្រាប្រណីឡើយ។
29. ចុះចំណង់បើអ្នកដែលមើលងាយព្រះបុត្រារបស់ព្រះជាម្ចាស់ ដោយបន្ថោកព្រះលោហិតនៃសម្ពន្ធមេត្រី ជាព្រះលោហិតដែលប្រោសឲ្យគេបានទៅជាវិសុទ្ធ* ហើយប្រសិនបើគេត្មះតិះដៀលព្រះវិញ្ញាណនៃព្រះគុណ សូមបងប្អូនគិតមើល៍ តើគេនឹងត្រូវទទួលទោសខ្លាំងយ៉ាងណាទៅទៀត!