ហេប្រឺ 10:14-29 Khmer Standard Version (KHSV)

14. ដោយ‌សារ​តង្វាយ​តែ​មួយ​គត់ ព្រះ‌គ្រិស្ដ​ធ្វើ​ឲ្យ​អស់​អ្នក​ដែល​ទ្រង់​បាន​ប្រោស​ឲ្យ​វិសុទ្ធ*​ហើយ​នោះ បាន​គ្រប់​លក្ខណៈ​រហូត​ត​ទៅ។

15. ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ*​ក៏​បាន​បញ្ជាក់​ប្រាប់​យើង​ដែរ គឺ​មុន​ដំបូង ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖

16. «ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា លុះ​គ្រា​នេះ​កន្លង​ផុត​ទៅ យើង​នឹង​ចង សម្ពន្ធ‌មេត្រី​ជា​មួយ​គេ​ដូច​ត​ទៅ​នេះ យើង​នឹង​ដាក់​ក្រឹត្យ‌វិន័យ​ទាំង​ប៉ុន្មាន​របស់​យើង ក្នុង​ចិត្ត​របស់​ពួក​គេ យើង​នឹង​ចារ​ក្រឹត្យ‌វិន័យ ទាំង​នោះ​ទុក​ក្នុង​ប្រាជ្ញា​របស់​ពួក​គេ​ដែរ»។

17. បន្ទាប់​មក ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល​បន្ថែម​ទៀត​ថា៖ «ហើយ​យើង​ក៏​មិន​នឹក​នា​ពី​អំពើ​បាប និង​អំពើ​ទុច្ចរិត​របស់​គេ​ទៀត​ដែរ»។

18. ដូច្នេះ ប្រសិន​បើ​ព្រះ‌ជាម្ចាស់​លើក‌លែង​ទោស​ហើយ​នោះ មិន​បាច់​ថ្វាយ​តង្វាយ​សុំ​ឲ្យ​រួច​ពី​បាប​ទៀត​ឡើយ។

19. ហេតុ​នេះ បង‌ប្អូន​អើយ យើង​មាន​ចិត្ត​រឹង‌ប៉ឹង ចូល​មក​ក្នុង​ទី‌សក្ការៈ ដោយ‌សារ​ព្រះ‌លោហិត​របស់​ព្រះ‌យេស៊ូ

20. ព្រោះ​ព្រះ‌អង្គ​បាន​បើក​មាគ៌ា​មួយ​ថ្មី ជា​មាគ៌ា​ដែល​មាន​ជីវិត ដោយ​ទ្រង់​ឆ្លង​កាត់​វាំងនន ពោល​គឺ​រូប​កាយ​របស់​ព្រះ‌អង្គ ដែល​កើត​មក​ជា​មនុស្ស។

21. ដោយ​យើង​មាន​មហា​បូជា‌ចារ្យ*​មួយ​រូប ដែល​គ្រប់‌គ្រង​លើ​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់​ដូច្នេះ

22. យើង​ត្រូវ​នាំ​គ្នា​ចូល​ទៅ​ជិត​ព្រះ‌អង្គ​ដោយ​ចិត្ត​ទៀង​ត្រង់ ពោរ‌ពេញ​ដោយ​ជំនឿ​មាំ‌មួន និង​មាន​ចិត្ត​បរិសុទ្ធ ជ្រះ‌ស្រឡះ​ពី​គំនិត​សៅ‌ហ្មង ព្រម​ទាំង​មាន​រូប​កាយ​លាង​ដោយ​ទឹក​ដ៏​បរិសុទ្ធ​ផង។

23. ត្រូវ​រក្សា​សេចក្ដី​សង្ឃឹម ដែល​យើង​ប្រកាស​នោះ​ឲ្យ​បាន​ខ្ជាប់ខ្ជួន កុំ​ឲ្យ​រង្គើ​ឡើយ ដ្បិត​ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​សន្យា​យ៉ាង​ណា ទ្រង់​ក៏​នឹង​ធ្វើ​តាម​យ៉ាង​នោះ​ដែរ។

24. តោង​យើង​មើល​ថែ‌រក្សា​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ជួយ​ដាស់‌តឿន​គ្នា​ឲ្យ​មាន​ចិត្ត​ស្រឡាញ់ និង​ប្រព្រឹត្ត​អំពើ​ល្អ។

25. មិន​ត្រូវ​លះ‌បង់​ការ​ប្រជុំ​គ្នា ដូច​អ្នក​ខ្លះ​ធ្លាប់​ធ្វើ​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ យើង​ត្រូវ​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ឲ្យ​រឹត​តែ​ខ្លាំង​ឡើង ដោយ​ឃើញ​ថា ថ្ងៃ​នៃ​ព្រះ‌អម្ចាស់​កាន់​តែ​ជិត​មក​ដល់​ហើយ។

26. ក្រោយ​ពី​យើង​បាន​ស្គាល់​សេចក្ដី​ពិត​ច្បាស់​ហើយ ប្រសិន​បើ​យើង​ប្រព្រឹត្ត​អំពើ​បាប​ដោយ​ចេតនា​នោះ មុខ​ជា​គ្មាន​យញ្ញ‌បូជា​ណា​អាច​ធ្វើ​ឲ្យ​យើង​រួច​ពី​បាប​បាន​ទៀត​ឡើយ

27. គឺ​មាន​តែ​ភិត‌ភ័យ រង់‌ចាំ​ការ​វិនិច្ឆ័យ​ទោស និង​រង់‌ចាំ​ភ្លើង​ដ៏​សន្ធោ‌សន្ធៅ ដែល​ចាំ​តែ​ឆាប​ឆេះ​ពួក​អ្នក​ប្រឆាំង​ប៉ុណ្ណោះ!

28. នរណា​ម្នាក់​បំពាន​លើ​វិន័យ​របស់​លោក​ម៉ូសេ ហើយ​បើ​មាន​សាក្សី​ពីរ ឬ​បី​នាក់​ដឹង​ឮ គេ​មុខ​ជា​ប្រហារ​ជីវិត​អ្នក​នោះ​ឥត​ត្រា​ប្រណី​ឡើយ។

29. ចុះ​ចំណង់​បើ​អ្នក​ដែល​មើល‌ងាយ​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់ ដោយ​បន្ថោក​ព្រះ‌លោហិត​នៃ​សម្ពន្ធ‌មេត្រី ជា​ព្រះ‌លោហិត​ដែល​ប្រោស​ឲ្យ​គេ​បាន​ទៅ​ជា​វិសុទ្ធ* ហើយ​ប្រសិន​បើ​គេ​ត្មះ‌តិះ‌ដៀល​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌គុណ សូម​បង‌ប្អូន​គិត​មើល៍ តើ​គេ​នឹង​ត្រូវ​ទទួល​ទោស​ខ្លាំង​យ៉ាង​ណា​ទៅ​ទៀត!

ហេប្រឺ 10