12. រីឯព្រះគ្រិស្ដវិញ បន្ទាប់ពីព្រះអង្គបានថ្វាយយញ្ញបូជាតែមួយ ដើម្បីរំដោះបាបរួចហើយ ព្រះអង្គគង់នៅខាងស្ដាំព្រះជាម្ចាស់រហូតតទៅ។
13. ឥឡូវនេះ ព្រះអង្គរង់ចាំព្រះជាម្ចាស់បង្ក្រាបខ្មាំងសត្រូវរបស់ព្រះអង្គ ឲ្យចុះចូលក្រោមព្រះបាទាព្រះអង្គ។
14. ដោយសារតង្វាយតែមួយគត់ ព្រះគ្រិស្ដធ្វើឲ្យអស់អ្នកដែលទ្រង់បានប្រោសឲ្យវិសុទ្ធ*ហើយនោះ បានគ្រប់លក្ខណៈរហូតតទៅ។
15. ព្រះវិញ្ញាណដ៏វិសុទ្ធ*ក៏បានបញ្ជាក់ប្រាប់យើងដែរ គឺមុនដំបូង ព្រះអង្គមានព្រះបន្ទូលថា៖
16. «ព្រះអម្ចាស់មានព្រះបន្ទូលថា លុះគ្រានេះកន្លងផុតទៅ យើងនឹងចង សម្ពន្ធមេត្រីជាមួយគេដូចតទៅនេះ យើងនឹងដាក់ក្រឹត្យវិន័យទាំងប៉ុន្មានរបស់យើង ក្នុងចិត្តរបស់ពួកគេ យើងនឹងចារក្រឹត្យវិន័យ ទាំងនោះទុកក្នុងប្រាជ្ញារបស់ពួកគេដែរ»។
17. បន្ទាប់មក ព្រះវិញ្ញាណមានព្រះបន្ទូលបន្ថែមទៀតថា៖ «ហើយយើងក៏មិននឹកនាពីអំពើបាប និងអំពើទុច្ចរិតរបស់គេទៀតដែរ»។
18. ដូច្នេះ ប្រសិនបើព្រះជាម្ចាស់លើកលែងទោសហើយនោះ មិនបាច់ថ្វាយតង្វាយសុំឲ្យរួចពីបាបទៀតឡើយ។
19. ហេតុនេះ បងប្អូនអើយ យើងមានចិត្តរឹងប៉ឹង ចូលមកក្នុងទីសក្ការៈ ដោយសារព្រះលោហិតរបស់ព្រះយេស៊ូ
20. ព្រោះព្រះអង្គបានបើកមាគ៌ាមួយថ្មី ជាមាគ៌ាដែលមានជីវិត ដោយទ្រង់ឆ្លងកាត់វាំងនន ពោលគឺរូបកាយរបស់ព្រះអង្គ ដែលកើតមកជាមនុស្ស។