8. នាងពុំបានយល់ថា គឺយើងឯណេះទេដែលផ្ដល់ស្រូវ ស្រាថ្មី និងប្រេងឲ្យនាងយើងក៏ផ្ដល់មាសប្រាក់ជាច្រើនដល់នាងដែរតែនាង បែរជាយករបស់ទាំងនោះសែនព្រះបាលទៅវិញ។
9. ហេតុនេះបានជាយើងនឹងវិលមកយកស្រូវរបស់យើងវិញ នៅរដូវចម្រូតយើងនឹងយកស្រាថ្មីរបស់យើងវិញនៅរដូវបេះផ្លែទំពាំងបាយជូរយើងក៏នឹងយករោមចៀមនិងក្រណាត់ទេសឯកសម្រាប់បិទបាំងកាយនាងទៅវិញដែរ។
10. ឥឡូវនេះ យើងបើកកេរខ្មាសនាងនៅចំពោះមុខគូស្នេហ៍របស់នាងគ្មាននរណាអាចរំដោះនាងពីដៃយើងបានទេ។
11. យើងធ្វើឲ្យនាងបាត់បង់ការសប្បាយទាំងប៉ុន្មានហើយពិធីបុណ្យនានា បុណ្យចូលខែថ្មីបុណ្យសប្ប័ទ* និងបុណ្យដ៏សំខាន់ទាំងប៉ុន្មានក៏លែងមានទៀតដែរ។
12. យើងនឹងបំផ្លាញចម្ការទំពាំងបាយជូរនិងចម្ការឧទុម្ពររបស់នាងព្រោះនាងពោលថា ចម្ការទាំងនោះជាកំរៃដែលគូស្នេហ៍បានប្រគល់ឲ្យ។យើងធ្វើឲ្យចម្ការទាំងនោះក្លាយទៅជាព្រៃហើយត្រូវសត្វព្រៃមកស៊ីបង្ហិន។
13. យើងដាក់ទោសនាង តាមចំនួនថ្ងៃដែលនាងបានដុតគ្រឿងក្រអូបសែនព្រះបាលទាំងឡាយនាងបានតុបតែងខ្លួនពាក់ក្រវិល ពាក់ខ្សែករត់តាមគូស្នេហ៍របស់នាង។រីឯយើងវិញ នាងបានបំភ្លេចយើងចោលហើយ- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
14. ហេតុនេះយើងនឹងទាក់ទាញចិត្តនាងដោយនាំនាងទៅវាលរហោស្ថានយើងនឹងនិយាយលួងលោមចិត្តនាង។
15. ពេលនោះ យើងនឹងប្រគល់ចម្ការទំពាំងបាយជូរឲ្យនាងវិញ។ជ្រលងភ្នំអាកោរនឹងក្លាយទៅជាទ្វារនាំនាងទៅរកសេចក្ដីសង្ឃឹម។នៅទីនោះ នាងនឹងឆ្លើយតបមកយើងដូចគ្រានាងនៅពីក្មេងគឺគ្រាដែលនាងទើបនឹងចេញពីស្រុកអេស៊ីប។
16. នៅថ្ងៃនោះ នាងនឹងហៅយើងថា “ស្វាមី”គឺនាងលែងហៅយើងថា“ព្រះម្ចាស់នាងខ្ញុំ!”ទៀតហើយ- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
17. យើងនឹងឲ្យនាងលែងបញ្ចេញឈ្មោះព្រះបាលទាំងនោះទៀតគឺគេលែងរំឭកឈ្មោះទាំងនេះទៀតហើយ។
18. នៅថ្ងៃនោះ យើងនឹងចងសម្ពន្ធមេត្រីជាមួយសត្វព្រៃ បក្សាបក្សី និងសត្វលូនវារដើម្បីជាប្រយោជន៍ដល់ប្រជារាស្ត្ររបស់យើងយើងនឹងកាច់បំបាក់ធ្នូ និងដាវមិនឲ្យមានសង្គ្រាមក្នុងស្រុកទៀតទេគឺយើងនឹងឲ្យពួកគេដេកយ៉ាងសុខស្រួល។