1. នេះជាសេចក្ដីប្រកាស ដែលព្រះជាម្ចាស់សម្តែងឲ្យព្យាការីហាបាគូកឃើញក្នុងនិមិត្តហេតុដ៏អស្ចារ្យ។
2. ព្រះអម្ចាស់អើយ តើទូលបង្គំត្រូវស្រែកអង្វរព្រះអង្គដល់កាលណាទៀតបើព្រះអង្គមិនស្ដាប់ទូលបង្គំដូច្នេះ?ទូលបង្គំស្រែកទូលព្រះអង្គស្ដីអំពីអំពើឃោរឃៅដែលពួកគេប្រព្រឹត្តម្ដេចក៏ព្រះអង្គមិនសង្គ្រោះយើងខ្ញុំ?
3. ហេតុអ្វីបានជាព្រះអង្គឲ្យទូលបង្គំឃើញតែអំពើអាក្រក់ហេតុអ្វីបានជាព្រះអង្គឃើញការសង្កត់សង្កិនហើយនៅស្ងៀមដូច្នេះ?នៅជុំវិញទូលបង្គំ មានតែការលួចប្លន់អំពើឃោរឃៅនិងការប្ដឹងផ្ដល់ ទាស់ទែងគ្នា។
4. គ្មាននរណាគោរពក្រឹត្យវិន័យ រីឯយុត្តិធម៌ក៏គ្មាននរណាធ្វើតាមដែរមនុស្សអាក្រក់ឈ្នះមនុស្សសុចរិតចៅក្រមវិនិច្ឆ័យទោស ដោយអយុត្តិធម៌។
5. «ចូរក្រឡេកមើលប្រជាជាតិនានាហើយនាំគ្នាងឿងឆ្ងល់ ស្រឡាំងកាំងទៅ!ដ្បិតហេតុការណ៍មួយកំពុងតែកើតមាននៅជំនាន់អ្នករាល់គ្នា។ប្រសិនបើគ្រាន់តែឮគេនិយាយនោះអ្នករាល់គ្នារកជឿពុំបានឡើយ។
6. មើល៍! យើងនឹងនាំជនជាតិខាល់ដេមកពួកគេជាជាតិសាសន៍សាហាវកោងកាចបំផុត!ពួកគេដើរកាត់ផែនដីទាំងមូលដណ្ដើមយកទឹកដីពីជាតិសាសន៍ឯទៀតៗ។
7. ពួកគេជាមនុស្សគួរឲ្យព្រឺខ្លាចនិងភ័យញ័រ ពួកគេបង្កើតច្បាប់និងសិទ្ធិអំណាចខ្លួនឯង។
8. សេះរបស់ពួកគេបោលលឿនជាងខ្លារខិនហើយពូកែជាងចចកដែលរកស៊ីនៅពេលព្រលប់ទៅទៀត។កងទ័ពសេះរបស់ពួកគេបោះពួយមកពីចម្ងាយដូចសត្វឥន្ទ្រីបោះពួយចុះមកចាប់រំពា។
9. ពួកគេនាំគ្នាមក ដើម្បីកម្ទេចបំផ្លាញទឹកមុខរបស់ពួកគេសាហាវណាស់ពួកគេចាប់បានឈ្លើយសឹកដែលមានចំនួនច្រើនដូចគ្រាប់ខ្សាច់។
10. ពួកគេប្រមាថមាក់ងាយស្ដេចនានាចំអកឡកឡឺយដាក់មេដឹកនាំទាំងឡាយ។ពួកគេមិនញញើតនឹងកំពែងក្រុងណាឡើយគឺពួកគេគ្រាន់តែលើកទួលឡើងហើយវាយយកបានទាំងអស់។
11. ពេលមានកម្លាំង ពួកគេបន្តដំណើរទៅមុខដូចខ្យល់ព្យុះ ដើម្បីប្រព្រឹត្តអំពើឧក្រិដ្ឋពួកគេចាត់ទុកកម្លាំងរបស់ខ្លួនជាព្រះ»។
12. បពិត្រព្រះអម្ចាស់ព្រះអង្គគង់នៅតាំងពីដើមរៀងមកព្រះអង្គជាព្រះនៃទូលបង្គំ ជាព្រះដ៏វិសុទ្ធយើងខ្ញុំនឹងមិនស្លាប់ទេ! ព្រះអម្ចាស់ដែលជាថ្មដានៃទូលបង្គំអើយព្រះអង្គបានតែងតាំងខ្មាំងសត្រូវដើម្បីវិនិច្ឆ័យទោសយើងខ្ញុំព្រះអង្គពង្រឹងកម្លាំងពួកគេដើម្បីវាយប្រដៅយើងខ្ញុំ។
13. ព្រះនេត្ររបស់ព្រះអង្គបរិសុទ្ធពេកព្រះអង្គទ្រាំទតមើលអំពើអាក្រក់មិនបានទេព្រះអង្គក៏ពុំអាចទតមើលការជិះជាន់បានដែរ។ហេតុអ្វីបានជាព្រះអង្គទ្រាំទតមើលជនក្បត់ហេតុអ្វីបានជាព្រះអង្គធ្វើព្រងើយពេលឃើញមនុស្សអាក្រក់បំផ្លាញអ្នកដែលសុចរិតជាងខ្លួន?